ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកសូរ វ៉ិចទ័រ បានដឹកនាំក្រុមបច្ចេកទេសពិនិត្យផ្លូវវាងមហាវិថី ស៊ីជីនពីង(ក្រវាត់ក្រុងទី៣) ដើម្បីធ្វើស្ពានរំលងផ្លូវជាតិលេខ១ នៃគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ)។
ក្រុមបច្ចេកទេសដែលបានចុះពិនិត្យកំណាត់មហាវិថី ស៊ីជីនពីង(ក្រវាត់ក្រុងទី៣) ប្រសព្វផ្លូវជាតិលេខ១ ដែលត្រូវធ្វើផ្លូវវាងពីមហាវិថី ស៊ីជីនពីង មកផ្លូវជាតិលេខ១ សម្រាប់ដំណើរការសាងសង់ស្ពានហោះរំលងផ្លូវជាតិលេខ១ នៃគម្រោងសាងសង់ឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ)។
-->

គិតត្រឹមដើមខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចលទ្ធផលបាន៤,៣៤%។ គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ។
ស្ពានដ៏សំខាន់នេះ តភា្ជប់មហាវិថីស៊ីជីនពីង ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹក ក្នុងការរៀបចំសាងសង់ស្ពានដែកបណ្តោះអាសន្ន ដើម្បីបំពាក់សម្ភារគ្រឿងចក្រខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប៣៧០០ម៉ែត្រ ក្នុងនោះតួស្ពានមានប្រវែងសរុប១៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង២១០០ម៉ែត្រ ទទឹងផ្លូវ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់ចំនួន៤៨ខែ (គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៨) និងអនុវត្តគម្រោងសាងសង់ ដោយក្រុមហ៊ុនសាខាសាជីវកម្មស្ពាន និងថ្នល់ចិន(BCRBC) និងទីប្រឹក្សាបច្ចេកទេសគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕
