ការព្យាករណ៍ថ្មីៈ សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុង រង្វង់៦,៣ភាគរយនៅឆ្នាំ២០២៥នេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងបន្តងើបក្នុងអត្រាកំណើន៦.៣% ដែលឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចកម្ពុជាកំពុងត្រឡប់មករកស្ថានភាពកំណើន ដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ។

នេះបើតាមសេចក្តីប្រកាសអំពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។

តាមរយៈសេចក្តីប្រកាសលទ្ធផល អង្គសន្និបាតនៃគណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះសមិទ្ធផល នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលបានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។

ជាក់ស្តែង ក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន៦,០%, អតិផរណាមានអត្រាទាប០,៨%, អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់៤០៧១រៀល។ រីឯទុនបម្រុង អន្តរជាតិបានកើនឡើង ដល់២២,៥១១លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលបានប្រមាណ៧ខែ ក្នុងឆ្នាំ២០២៤ ជាមួយនេះ ស្ថានភាពការងារក៏មានស្ថិរភាព។

អង្គសន្និបាតបានបញ្ជាក់ថា លើមូលដ្ឋាននេះ ជីវភាពរបស់ប្រ​ជា​ពលរដ្ឋ កាន់តែមានភាពប្រសើរឡើង ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើង នៃផលិតផលសរុបក្នុងស្រុកជាមធ្យម ក្នុងមនុស្សម្នាក់ពី ២៥២០ដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ២៧១៣ដុល្លារ ក្នុងឆ្នាំ២០២៤។

លើមូលដ្ឋានការរីកចម្រើនក្នុងឆ្នាំ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗ នៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបាន រំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦.៣%។ ឆ្លងតាមការវិវឌ្ឍនេះ ឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករក ស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលសន្និបាតកាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា ក្នុងរយៈពេលតែ១ឆ្នាំ៧ខែប៉ុណ្ណោះ រាជរដ្ឋាភិបាលដែលដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកសាង និងអភិវឌ្ឍប្រទេស ឱ្យកាន់តែមានការរីកចម្រើន គួរឱ្យកត់សម្គាល់ ខណៈចំណូលរបស់ប្រជាពលរដ្ឋបានកើនឡើង ដែលសបញ្ជាក់អំពីការរីកចម្រើនខាងសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here