ដោយ: គង់ លាងហួរ
បាងកក: រដ្ឋាភិបាលរបស់ប្រទេសថៃគ្រោងនឹងទាញយកសក្តានុពលពីភាពប្រសើរឡើងនៃការតភ្ជាប់ផ្លូវដែកនៅក្នុងតំបន់ ជាពិសេសផ្លូវដែកតភ្ជាប់រវាងប្រទេសចិន និងម៉ាឡេស៊ី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់បន្ថែមទៀតនៅឆ្នាំនេះ។
ជាក់ស្ដែង ការដាក់ឱ្យប្រើប្រាស់ខ្សែរថភ្លើងតភ្ជាប់រវាងទីក្រុងបាងកកនៃប្រទេសថៃ និងទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវនៅខែកក្កដា ឆ្នាំ២០២៤បានសម្រួលដល់ការបន្តដំណើរដោយផ្ទាល់ទៅកាន់រថភ្លើងល្បឿនលឿនចិន-ឡាវ ដែលធ្វើដំណើរចេញពីរដ្ឋធានីវៀងចន្ទន៍របស់ឡាវទៅកាន់ទីក្រុងគុនមីង ស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន។
លោកស្រី Thapanee Kiatphaibool ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) បានបញ្ជាក់ប្រាប់កាសែត Nikkei Asia ថា ប្រទេសថៃនឹងក្លាយជាមជ្ឈមណ្ឌលនៃផ្លូវរថភ្លើងនៅក្នុងតំបន់អាស៊ាន នៅពេលដែលយើងច្របាច់បញ្ចូលគ្នារវាងផ្លូវដែកបាងកក-វៀងចន្ទន៍ ជាមួយនឹងផ្លូវដែកបាងកក-ម៉ាឡេស៊ី។ ដូច្នេះ យើងអាចទាក់ទាញភ្ញៀវទេសចរណ៍បរទេសកាន់តែច្រើន ដែលមានបំណងទទួលបានបទពិសោធន៍ក្នុងតំបន់តាមរយៈការជិះរថភ្លើង។
-->
លោកស្រីបានមានប្រសាសន៍ឱ្យដឹងថា “អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវដែកក្នុងតំបន់អាស៊ាន ដោយសារមធ្យោបាយនេះមានតម្លៃសមរម្យ និងមានការពេញនិយមក្នុងចំណោមភ្ញៀវទេសចរណ៍មកកពីទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក”។

តម្លៃសំបុត្ររថភ្លើងធ្វើដំណើរពរាជធានីបាងកកទៅកាន់រដ្ឋធានីវៀងចន្ទន៍ និងបន្តទៅកាន់ទីក្រុងគុនមីងមានតម្លៃចន្លោះពី៨៨ដុល្លារទៅ១០៣ដុល្លារ។ តម្លៃនេះមានកម្រិតថោកជាងតម្លៃសំបុត្រយន្តហោះពីទីក្រុងបាងកកទៅកាន់ទីក្រុងគុនមីងប្រហែលពាក់កណ្តាល។
ប៉ុន្តែ អ្នកធ្វើដំណើរតាមរថភ្លើងពីរាជធានីបាងកកឆ្ពោះទៅកាន់ទីក្រុងគុនមីងរបស់ប្រទេសចិនត្រូវចំណាយពេលមួយយប់នៅលើរថភ្លើង។
ទោះជាយ៉ាងណាក្តី អាជ្ញាធរទេសចរណ៍ថៃកំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរតាមរថភ្លើងចេញពីទីក្រុងបាងកកឱ្យឈាងចូលទីក្រុងភាគឦសាននៃប្រទេសថៃ ដូចជាទីក្រុង Nong Khai និងទីក្រុង Udon Thani មុនពេលបន្តឡើងរថភ្លើងទៅកាន់ទីក្រុងវៀងចន្ទន៍។
លោកស្រី Thapanee បានបន្ថែមថា អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងធ្វើការជាមួយរដ្ឋាភិបាលដើម្បីកែលម្អបណ្តាញផ្លូវដែកក្នុងស្រុក ដើម្បីបង្កើនការតភ្ជាប់កាន់តែល្អប្រសើរជាមួយបណ្តាប្រទេសជិតខាង។
ក្រសួងដឹកជញ្ជូនថៃបានអនុម័តផែនការរយៈពេល១០ឆ្នាំ ដោយចាប់ផ្តើមអនុវត្តន៍នៅឆ្នាំនេះតាមរយៈការបោះទុនវិនិយោគចំនួន១,៣៨ទ្រីលានបាត(ប្រហែល៤០,៦ពាន់លានដុល្លារ) ដើម្បីកែលម្អ និងធ្វើទំនើបកម្មបណ្តាញរថភ្លើងក្នុងស្រុក។
ផែនការនេះមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងកាត់បន្ថយការចំណាយសម្រាប់អ្នកធុរកិច្ចថៃ ដែលដោះដូរពាណិជ្ជកម្មឆ្លងដែននៅក្នុងតំបន់អាស៊ាន។
អាជ្ញាធរទេសចរណ៍ថៃ (TAT) ក៏មានគម្រោងបង្កើតតំបន់ទេសចរណ៍ថ្មីៗ និងធ្វើការរួមគ្នាជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ដើម្បីរៀបចំកញ្ចប់ដំណើរកំសាន្តបន្ថែមទៀតទៅកាន់ទីក្រុងនានារបស់ប្រទេសថៃតាមរយៈមធ្យោបាយរថភ្លើង ជាពិសេសនៅតំបន់ភាគឦសាន និងទីក្រុងឆ្នេរភាគខាងត្បូង ដូចជាកោះភូកេត និងកោះត្រាង៕ប្រភព: Nikkei Asia៕
