វិបត្តិទំនុកចិត្តក្លាយជាមូលហេតុចម្បងនាំឱ្យសេដ្ឋកិច្ចចិនជួបប្រទះបញ្ហាប្រឈម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលចិនកាលពីពេលថ្មីៗនេះបានប្រកាសដាក់ចេញវិធានការគាំទ្រជាច្រើន ដើម្បីជំរុញឱ្យសេដ្ឋកិច្ចរបស់ខ្លួនស្ទុះងើបឡើងវិញ បន្ទាប់ពីបានរងផលប៉ះពាល់ជាបន្តបន្ទាប់ ដោយសារវិបត្តិបំណុលក្នុងទីផ្សារអចលនទ្រព្យ និងការកាត់បន្ថយការចំណាយរបស់ប្រជាជនចិន។

យោងតាមទិន្នន័យផ្លូវការពីការិយាល័យជាតិស្ថិតិជាតិរបស់ប្រទេសចិនបានឱ្យដឹងថា សេដ្ឋកិច្ចចិនសម្រេចបានអត្រាកំណើនចំនួន៥ភាគរយកាលពីឆ្នាំ២០២៤ ស្របតាមគោលដៅរបស់រដ្ឋាភិបាលចិន។ ទោះបីជាយ៉ាងនេះក្ដី តួលេខនេះនៅតែមានកម្រិតទាបជាងកំណើនសេដ្ឋកិច្ចចិនដែលបានកើនឡើងចំនួន៥,២ភាគរយកាលពីឆ្នាំ២០២៣។

ការិយាល័យជាតិស្ថិតិចិនបានគូសបញ្ជាក់ថា ការសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥ភាគរយនៅឆ្នាំ២០២៤ បានកើតមានឡើងនៅចំពោះមុខបរិយាកាសស្មុគស្មាញ និងធ្ងន់ធ្ងរ គួបផ្សំនឹងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុក។

ជាមួយគ្នានោះ រដ្ឋាភិបាលចិនបានទទួលស្គាល់ថា សេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួននៅតែប្រឈមមុខមុខជាមួយនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើន។

តើសេដ្ឋកិច្ចចិនអាចជួបប្រទះបញ្ហាអ្វីខ្លះនាពេលខាងមុខ?។

អត្រាកំណើនផលទុនជាតិសរុប(GDP) របស់ប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់ពីឆ្នាំ១៩៩០មក។

យោងតាមក្រុមសេដ្ឋវិទូ ដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារសារពត៌មាន AFP បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចចិនអាចធ្លាក់ចុះមកនៅត្រឹមតែ៤,៤ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២៥ ហើយអាចនឹងបន្តធ្លាក់ចុះមកនៅក្រោមកម្រិត៤ភាគរយនៅឆ្នាំបន្ទាប់។

គិតមកទល់ពេលនេះ សេដ្ឋកិច្ចរបស់ប្រទេសចិនបានបរាជ័យក្នុងការងើបចេញពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ខណៈការចំណាយក្នុងស្រុកកំពុងធ្លាក់ចុះយ៉ាងគំហុក ហើយរដ្ឋបាលមូលដ្ឋានកំពុងជាប់ផុងក្នុងវិបត្តិបំណុល។

យ៉ាងណាមិញ ការនាំចេញទំនិញរបស់ប្រទេសចិនទៅក្រៅប្រទេសកាលពីឆ្នាំមុនបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ដែលការណ៍នេះបង្ហាញឱ្យឃើញពីទិដ្ឋភាពវិជ្ជមានមួយក្នុងសេដ្ឋកិច្ចចិន។

ទោះជាយ៉ាងណាក្តី ឧបសគ្គមួយចំនួនអាចនឹងលេចចេញជារូបរាងឡើងនៅឆ្នាំនេះ ខណៈទីក្រុងប៉េកាំងមិនអាចបន្តពឹងផ្អែកខ្លាំងលើការនាំចេញទំនិញទៅក្រៅប្រទេសដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួនបានទៀតនោះទេ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំបានប្រកាសថា រដ្ឋបាលរបស់លោកនឹងដាក់ពន្ធគយបន្ថែមទៅលើការនាំចូលទំនិញរបស់ប្រទេសចិនមកកាន់ទឹកដីអាមេរិក។

ក្រុមអ្នកវិភាគលើកឡើងថា “កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៥ នឹងនៅតែបន្តធ្លាក់ចុះ។ លោក ត្រាំ នឹងបន្តគំរាមកំហែងមកលើចិន តាមរយៈការដាក់ពន្ធគយឆាប់ៗនេះ”។

ទីក្រុងប៉េកាំងបានដាក់ចេញវិធានការមួយចំនួនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដើម្បីជំរុញឱ្យសេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញ រួមមានការទម្លាក់អត្រាការប្រាក់ ការបន្ធូរបន្ថយបំណុលរបស់រដ្ឋបាលមូលដ្ឋាន និងការពង្រីកកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ទិញទំនិញប្រើប្រាស់តាមផ្ទះ។

តើបញ្ហានៃវិបត្តិទំនុកចិត្តនៅក្នុងប្រទេសចិនអាចបញ្ចប់ដែរឬទេ?។

យោងតាមការិយាល័យជាតិស្ថិតិរបស់ប្រទេសចិនបានឱ្យដឹងថា កញ្ចប់គោលនយោបាយបន្ថែមត្រូវបានប្រកាសឡើងទាន់ពេលវេលា ដែលធ្វើឱ្យទំនុកចិត្តរបស់សង្គមត្រូវបានធានាយ៉ាងមានប្រសិទ្ធភាព ហើយសេដ្ឋកិច្ចក៏បានងើបឡើងវិញគួរឱ្យកត់សម្គាល់។

ធនាគារកណ្ដាលចិនបានអះអាងកាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០២៥ ធនាគារកណ្តាលចិននឹងបន្តកាត់បន្ថយអត្រាការប្រាក់ ដើម្បីចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

ប៉ុន្តែ ក្រុមអ្នកវិភាគបានព្រមានថា ប្រទេសចិនត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញកំណើននៃការប្រើប្រាស់ក្នុងស្រុកឡើងវិញ ខណៈអនាគតនៃការនាំចេញទំនិញរបស់ប្រទេសចិនស្ថិតក្នុងសភាពកាន់តែមិនច្បាស់លាស់។

លោក Harry Murphy Cruise សេដ្ឋវិទូនៅទីភ្នាក់ងារ Moody’s Analytics បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារពត៌មាន AFP ថា “ការគាំទ្រតាមរយៈគោលនយោបាយហិរញ្ញវត្ថុតែមួយមុខមិនអាចធ្វើឱ្យសេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញបានទេ។ ប្រទេសចិនកំពុងរងគ្រោះដោយសារវិបត្តិខ្វះទំនុកចិត្ត មិនមែនវិបត្តិឥណទាននោះទេ”។

លោកបន្ថែមថា “បណ្តាគ្រួសារ និងក្រុមហ៊ុននានាមិនមានទំនុកចិត្តលើសេដ្ឋកិច្ចចិន ដែលធ្វើឱ្យពួកគេមិនហ៊ានប្រថុយខ្ចីប្រាក់ ទោះបីជាប្រាក់កម្ចីនោះមានអត្រាការប្រាក់ទាបយ៉ាងណាក្តី។ ក្នុងន័យនេះ ចិនត្រូវផ្តល់ជំនួយផ្នែកសារពើពន្ធដើម្បីជំរុញឱ្យម៉ាស៊ីនសេដ្ឋកិច្ចអាចដើរបានរលូនជាងមុន”៕ប្រភព: AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here