ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីយោធាកំពូលមួយរូបរបស់សហភាពអឺរ៉ុប (EU) បានលើកឡើងថា វាជារឿងសមហេតុផល ប្រសិនបើយើងបញ្ជូនកងទ័ពពីបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបទៅការពារតំបន់ Greenland របស់ប្រទេសដាណឺម៉ាក។
លោក Robert Brieger ប្រធានគណៈកម្មាធិការយោធាសហភាពអឺរ៉ុប ដែលជាស្ថាប័នយោធាជាន់ខ្ពស់បំផុតរបស់ EU បានថ្លែងប្រាប់កាសែតអាល្លឺម៉ង់ Welt am Sonntag ថា “បច្ចុប្បន្ន កងកម្លាំងអាមេរិកបានឈរជើងនៅក្នុងតំបន់ Greenland។ តាមទស្សនៈរបស់ខ្ញុំ វាជារឿងសមហេតុផលណាស់ដែលយើងត្រូវពិចារណាដាក់ទាហាន EU ឈរជើងនៅទីនោះដែរ”។
លោក Brieger បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ថា “ការធ្វើបែបនោះនឹងបញ្ជូនសញ្ញាដ៏រឹងមាំមួយ ហើយអាចរួមចំណែកដល់ស្ថិរភាពនៅក្នុងតំបន់”។
ទោះបីជាយ៉ាងណាក្តី លោកបានបញ្ជាក់បន្ថែមថា ទីបំផុត នេះជាការសម្រេចចិត្តខាងនយោបាយ ដែលផលប្រយោជន៍ជាច្រើននឹងត្រូវបានគេយកមកគិតគូរពិចារណា។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកនឹងចូលកាន់កាប់តំបន់ Greenland ខណៈលោកមិនបានបដិសេធចំពោះលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីសង្គ្រប់យកតំបន់ Greenland នោះទេ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុនលោក Trump បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “ខ្ញុំជឿថា ទីក្រុងវ៉ាស៊ីនតោននឹងទទួលបានតំបន់ Greenland ហើយប្រជាជនចំនួន៥៧.០០០នាក់នៅលើកោះនេះចង់នៅជាមួយយើង”។
ឆ្លើយតបនឹងការលើកឡើងបែបនេះរបស់លោក Trump នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen និងថ្នាក់ដឹកនាំកំពូលរបស់តំបន់ Greenland លោក Múte B. Egede បានទទូចថា “តំបន់ Greenland មិនមែនសម្រាប់ដាក់លក់ទេ ហើយប្រជាជននៅលើកោះនេះក៏មិនចង់ក្លាយជាជនជាតិអាមេរិកនោះដែរ”។
យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែមករាម្សិលមិញ ប្រទេសបារាំងបានចេញមុខច្រានចោលលទ្ធភាពនៃការបញ្ជូនកងទ័ពទៅកាន់តំបន់ Greenland ដែលជាកោះដ៏ធំបំផុតរបស់ពិភពលោក និងជាតំបន់ស្វយ័ត ដែលមានរដ្ឋាភិបាល និងសភាដាច់ដោយឡែក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Christophe Lemoine អ្នកនាំពាក្យរបស់ក្រសួងការបរទេសបារាំង បានឆ្លើយតបទៅនឹងសំណួររបស់សារពត៌មាន Anadolu ដោយបញ្ជាក់ថា គោលការណ៍នៃភាពមិនអាចរំលោភបាននៃព្រំដែន និងអធិបតេយ្យភាពនៅតែមានសុពលភាពនៅក្នុងទ្វីបអឺរ៉ុប។
លោកបានបន្ថែមទៀតថា ប្រធានាធិបតីបារាំងលោក Emmanuel Macron និងរដ្ឋមន្ត្រីការបរទេសលោក Jean-Noel Barrot បានរំលឹកឡើងវិញនូវគោលការណ៍នេះទៅកាន់សមភាគីដាណឺម៉ាក ក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉ារីសកាលពីដើមសប្តាហ៍នេះ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា “ការបញ្ជូនយោធាទៅកាន់តំបន់ Greenland ជារឿងមិនអាចទៅរួចឡើយ។ បញ្ហាតែមួយគត់ ដែលស្ថិតក្នុងដៃរបស់យើង ជាការបញ្ជាក់ឡើងវិញនូវកាតព្វកិច្ចគោរពព្រំដែន និងអធិបតេយ្យភាពជាតិ”។
ដំបូងឡើយ នៅឆ្នាំ២០១៩ លោក Trump បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទិញយកដែនកោះ ដែលគ្របដណ្តប់ដោយទឹកកកភាគច្រើន និងមានប្រជាជនរស់នៅត្រឹមតែ៥៧.០០០នាក់ពីប្រទេសដាណឺម៉ាក ម្ដងរួចមកហើយ។ ប៉ុន្តែសំណើនេះត្រូវបានបដិសេធ ។
តើតំបន់ស្វយ័ត Greenland មានសក្តានុពលសំខាន់ៗអ្វីខ្លះ បានជាលោក Trump ប្រាថ្នាក្រសោបយក?។
ចំណាប់អារម្មណ៍របស់លោក Trump កើតចេញពីសារសំខាន់ជាយុទ្ធសាស្ត្រផ្នែកយោធារបស់ Greenland ។ បន្ថែមពីនេះ សហរដ្ឋអាមេរិកបានរក្សាមូលដ្ឋានទ័ពអាកាសអចិន្ត្រៃយ៍នៅទីនោះ ហើយកោះនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការត្រួតពិនិត្យចលនាកងទ័ពជើងទឹករុស្ស៊ី ព្រោះតំបន់នេះស្ថិតនៅតាមបណ្តោយផ្លូវសំខាន់រវាងទ្វីបអឺរ៉ុប និងទ្វីបអាមេរិកខាងជើង។
ការពង្រីកវត្តមានយោធាអាមេរិកនៅតំបន់ Greenland រួមទាំងការដំឡើងប្រព័ន្ធរ៉ាដា នឹងពង្រឹងសន្តិសុខរបស់សហរដ្ឋអាមេរិក ដោយរារាំងមិនឱ្យមហាអំណាចផ្សេងទៀតទទួលបានឥទ្ធិពលនៅក្នុងតំបន់។
Greenland ជាតំបន់ភូមិសាស្ត្រមួយផ្នែកនៃអាមេរិកខាងជើង ដែលមានសក្តានុពលខ្លាំងណាស់សម្រាប់ផ្នែកសេដ្ឋកិច្ច។ តំបន់នេះ សម្បូរទៅដោយសារធាតុរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ដោយសារការអភិវឌ្ឍន៍នៅតំបន់នេះមានភាពយឺតយ៉ាវ ដោយសារតែក្ដីព្រួយបារម្ភអំពីបរិស្ថាន រួមទាំងការប្រឆាំងពីក្រុមជនជាតិដើមភាគតិច។
លោហៈធាតុសំខាន់ៗនៅលើដែនដីដ៏អស្ចារ្យនេះ រួមមានដូចជា លីចូម និងសារធាតុរ៉ែកម្រ ដែលមានវត្តមានយ៉ាងច្រើនក្រៃលែង និងចាំបាច់សម្រាប់ការប្រើប្រាស់នៅក្នុងឧស្សាហកម្មនានា ដូចជា រថយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ ។
សេដ្ឋកិច្ចនៅតំបន់ Greenland នៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនេសាទ ដែលគ្របដណ្តប់ចំនួនជាង៩៥ភាគរយនៃការនាំចេញទំនិញសរុបរបស់ខ្លួន និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក ដែលគ្របដណ្តប់ប្រហែលពាក់កណ្តាលនៃកញ្ចប់ថវិកាសាធារណៈរបស់រដ្ឋាភិបាលដែនកោះនេះ។
ទោះបីជាមានធនធានធម្មជាតិសម្បូរបែបយ៉ាងណាក្តី ក៏តំបន់ Greenland នេះ ប្រឈមមុខនឹងបញ្ហាក្នុងការប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានពេញលេញ ដោយសារតែបញ្ហាពាក់ព័ន្ធនឹងបទប្បញ្ញត្តិ និងបញ្ហាបរិស្ថាន៕ប្រភព: Anadolu Agency & Politico៕