ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកំពស់រហូតដល់៩០ម៉ែត្រ គ្រោងនឹងបើកដំណើរការនៅថ្ងៃទី១៨ មិនា ខាងមុខនេះ ខណៈការសាងសង់ផ្លូវជាតិលេខ១០ ជិតសម្រេចបាន១០០ភាគរយហើយ។
ព័ត៌មាននេះត្រូវបានបញ្ជាក់ឲ្យដឹង ក្នុងពេលលោកប៉េង ពោធ៍នារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះពិនិត្យវឌ្ឍនភាពនៃការសងសាងសង់ស្ពានខាងលើកាលពីថ្ងៃ២ កុម្ភៈកន្លងមកនេះ។
-->
តាមព័ត៌មានដែលបានបង្ហោះលើផេក របស់ក្រសួងនេះបានឲ្យដឹងថា ស្ពានលេខ២៨ ដែលខ្ពស់ជាងគេ (មានកម្ពស់៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ) សម្រេចបាន៩៣% គ្រោងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈពេលដែលផ្លូវជាតិលេខ១០ (អតីតផ្លូវជាតិ១៥៥១) ស្រុកសំឡូត ស្រុកវាលវែង ក្រុងខេមរភូមិន្ទ សម្រេចបាន៩៦,១៦%។

ការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប១៩៨,៥១ គ.ម (PK០០០+០០០ – PK១៩៨+៥១៨) ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់ PK ៣៥+៩០០ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះបានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពី East Line មក West Line មានប្រវែង ៦៥,៧៤ គ.ម ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៦,១៦% គិតត្រឹមខែធ្នូនេះ។

ស្ពាននេះ ស្ថិតក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានចំណុចកណ្តាលស្ពាន ស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹម ប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង៕
