ដោយ: បណ្ឌិងសាង វ៉ុនផាក
អន្តរជាតិ: សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង បានស្ថិតក្នុងសភាពមិនច្បាស់លាស់ ដោយសារការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន ដែលនាំឱ្យមានវិបត្តិ ជាប់គាំងនយោបាយនៅកូរ៉េខាងត្បូង។
ជាមួយគ្នានេះ គោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងអាណត្តិទីពីរ របស់លោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានជំរុញឱ្យមានភាពមិនប្រាកដប្រជាជាសកល។ ការណ៍នេះអាចដាក់សម្ពាធ លើសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងបន្ថែមទៀត។
-->
ខាងក្រោមនេះជាបញ្ហាប្រឈម និងនិន្នាការសំខាន់ៗសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង៖
ទី១: យុទ្ធសាស្ត្រខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីរបស់ប្រទេសចិន
ជាការពិត សណ្តាប់ធ្នាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ត្រូវបានរៀបចំឡើងវិញ ដោយផ្តោតទៅលើខ្សែសង្វាក់ នៃការផលិតបន្ទះឈីប និងថាមពល។
ថ្មីៗនេះ ប្រទេសចិនបាន និងកំពុងធ្វើការបណ្តាក់ទុនវិនិយោគក្នុងទ្រង់ទ្រាយធំ ដើម្បីរក្សាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងសម្រេចបាននូវឯករាជ្យភាពផ្នែកបច្ចេកវិទ្យា។ ជាពិសេស ចិនបានរៀបចំឡើងវិញ នូវខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងឧស្សាហកម្មសំខាន់ៗដូចជា គ្រឿងអេឡិចត្រូនិក អាគុយរថយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ។

រដ្ឋាភិបាលចិនបាន និងកំពុងជំរុញយុទ្ធសាស្ត្រ“Made in China” ក្នុងគោលដៅប្រែក្លាយចិន ជាមហាអំណាចផលិតកម្មឈានមុខគេនៅឆ្នាំ២០២៥នេះ ខណៈចិនក៏កំពុងបោះទុនវិនិយោគរាប់រយពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីកសាងឯករាជ្យភាព ក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ ដូចជា ការផលិតបន្ទះឈីប បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធអ៊ីនធឺណេតកម្រិត5G ។
ក្នុងន័យនេះ ប្រទេសចិនកំពុងពង្រឹង កិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុន ផលិតបន្ទះឈីបធំៗនៅលើពិភពលោក ដូចជាក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ TSMC និងក្រុមហ៊ុនបន្ទះឈីបកូរ៉េខាងត្បូង Samsung Electronics ។
លើសពីនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនធំៗ ដូចជា ក្រុមហ៊ុន CATL និងក្រុមហ៊ុន BYD កំពុងបោះជំហានឈានមុខគេនៅលើទីផ្សារអាគុយរថយន្តអគ្គិសនី នៅទូទាំងពិភពលោក និងពង្រីកវត្តមាននៅក្នុងទីផ្សារអឺរ៉ុប និងអាមេរិក។
ប្រទេសចិនក៏កំពុងពង្រីក ការវិនិយោគរបស់ខ្លួននៅតាមបណ្តាប្រទេសអាហ្រ្វិក និងអាមេរិកខាងត្បូង ដើម្បីគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់នៃវត្ថុធាតុដើមសំខាន់ៗ សម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី ដូចជាសារធាតុរ៉ែលីចូមជាដើម។
គិតចាប់តាំងពីឆ្នាំ២០១០មក ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូង។ ជាពិសេស ទំនិញនាំចេញសំខាន់ៗរបស់កូរ៉េខាងត្បូងដូចជា គ្រឿងអេឡិចត្រូនិក អេក្រង់ និងគីមីឥន្ធនៈពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិន។
ហេតុនេះ គោលនយោបាយបង្កើនឯករាជ្យភាព របស់ប្រទេសចិន អាចជះផលប៉ះពាល់ដល់ការនាំចេញរបស់ក្រុមហ៊ុនកូរ៉េ ដែលអាចធ្វើឱ្យសន្ទុះកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងធ្លាក់ចុះ។
លើសពីនេះ ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ របស់ប្រទេសចិន ក៏កំពុងបង្កផលប៉ះពាល់ ដល់បរិយាកាសវិនិយោគក្រៅប្រទេសរបស់ក្រុមហ៊ុនកូរ៉េផងដែរ។
ប្រទេសចិនកំពុងពង្រីក ការវិនិយោគរបស់ខ្លួន នៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលការណ៍នេះ បានធ្វើឱ្យសមត្ថភាពប្រកួតប្រជែងរបស់បណ្តាក្រុមហ៊ុនកូរ៉េធ្លាក់ចុះ។
ទី២: ការដឹកនាំអាណត្តិទីពីររបស់លោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ និងគោលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក
គោលនយោបាយពង្រឹងសន្តិសុខ ខ្សែសង្វាក់ផ្គត់ផ្គង់របស់រដ្ឋបាលលោក ត្រាំ ត្រូវបានគេរំពឹងថា នឹងផ្តោតជាសំខាន់លើការគាបសង្កត់ប្រទេសចិន ការពង្រឹងវិស័យផលិតកម្មក្នុងស្រុក និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តជាយុទ្ធសាស្រ្ត។

រដ្ឋបាលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបន្តយុទ្ធសាស្ដ្រ “De-Chinaization” ដើម្បីកាត់បន្ថយការពឹងផ្អែក លើខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន។លើសពីនេះ គោលនយោបាយជំរុញផលិតកម្មនៅសហរដ្ឋអាមេរិក និងកាត់បន្ថយតួនាទីរបស់ចិន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការដំឡើងពន្ធលើផលិតផលចិន និងការទប់ស្កាត់ការនាំចេញបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសចិន។
លើសពីនេះទៀត រដ្ឋបាលលោក ត្រាំ នឹងអាចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដល់បណ្តាក្រុមហ៊ុននានា ដើម្បីពង្រីករោងចក្រផលិតកម្មនៅសហរដ្ឋអាមេរិក និងដាក់សម្ពាធឱ្យក្រុមហ៊ុនទាំងនោះ ផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ទៅកាន់សហរដ្ឋអាមេរិក ដើម្បីគេចចេញពីរបាំងពន្ធគយខ្ពស់កប់ពពក។
សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងបន្តធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសម្ព័ន្ធមិត្ត ដូចជាប្រទេសម៉ិកស៊ិក កាណាដា កូរ៉េខាងត្បូង និងកោះតៃវ៉ាន់។
ជាពិសេស ទីក្រុងវ៉ាស៊ីនតោន នឹងអាចសង្កត់ធ្ងន់លើតួនាទីរបស់កូរ៉េខាងត្បូង ក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូន ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់កូរ៉េខាងត្បូង ក្នុងគោលបំណងបង្កើតយុទ្ធសាស្រ្ត ដើម្បីទប់ទល់នឹងឧត្តមភាពផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន។
លើសពីនេះ រដ្ឋបាលលោក ត្រាំ មានយុទ្ធសាស្ត្រពង្រឹងសន្តិសុខសេដ្ឋកិច្ច និងរក្សាឥទ្ធិពលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការរឹតបន្តឹង ការនាំចេញផលិតផលឧស្សាហកម្មយុទ្ធសាស្ត្រ ដូចជាផលិតផលបន្ទះឈីប បញ្ញាសិប្បនិម្មិត និងស្វែងរកវិធានការទប់ទល់នឹងឥទ្ធិពល នៃការនាំចេញរ៉ែសំខាន់ៗរបស់ប្រទេសចិន។
ទី៣: ភារកិច្ច និងទិសដៅកិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េខាងត្បូង និងតំបន់អាស៊ាន។
កូរ៉េខាងត្បូង និងបណ្តាប្រទេសសមាជិកអាស៊ាន កំពុងបន្តអនុវត្តន៍យ៉ាងសកម្ម នូវយុទ្ធសាស្ត្រធ្វើពិពិធកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ ហេតុនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងតំបន់ជាការចាំបាច់។

ជាពិសេស ទីក្រុងសេអ៊ូលកំពុងបន្តធ្វើពិពិធកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងឧស្សាហកម្មសំខាន់ៗ ដូចជា គ្រឿងអេឡិចត្រូនិក អាគុយរថយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន។
តំបន់អាស៊ាន កំពុងក្លាយទៅជាមូលដ្ឋានផលិតកម្មថ្មី សម្រាប់បណ្តាក្រុមហ៊ុនពហុជាតិសាសន៍ ដែលធ្វើពិពិធកម្មចេញពីប្រទេសចិន។ តួយ៉ាង ប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីកំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់ សម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី និងបន្ទះឈីប។
នៅក្នុងន័យនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង គួរតែពង្រីកការវិនិយោគនៅក្នុងបណ្តាប្រទេសអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីឱ្យដើរស្របតាមនិន្នាការនេះ។
លើសពីនេះ កូរ៉េខាងត្បូងត្រូវឆ្លើយតប ទៅនឹងឧត្តមភាពផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាជាមួយបណ្តាប្រទេសអាស៊ាន។
ប្រទេសកូរ៉េ អាចចែករំលែកបច្ចេកវិទ្យាបន្ទះឈីបAI និងប្រព័ន្ធអុឺនធឺណេត 5G របស់ខ្លួន ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងស្វែងរកវិធីពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់ពួកគេ។
បន្ថែមពីនេះ ប្រទេសកូរ៉េខាងត្បូង និងអាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលបៃតង ដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងទីផ្សារថាមពលកកើតឡើងវិញ។ ប្រទេសកូរ៉េ អាចចែករំលែកបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងថាមពលអ៊ីដ្រូសែន ជាមួយបណ្តាប្រទេសអាស៊ាន និងស្វែងរកមធ្យោបាយ ដើម្បីគាំទ្រការធ្វើពិពិធកម្មប្រភពថាមពលរបស់ពួកគេ។
ជាឧទាហរណ៍ ប្រទេសកូរ៉េខាងត្បូង អាចពិចារណាប្រើប្រាស់បច្ចេកវិទ្យា ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់របស់ខ្លួន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញនៅក្នុងបណ្តាប្រទេសអាស៊ាន និងចែករំលែកបច្ចេកវិទ្យាផលិតកម្ម និងស្តុកទុកថាមពលអ៊ីដ្រូសែន។
កិច្ចសហប្រតិបត្តិការនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង និងតំបន់អាស៊ាន ស្របពេលមានការប្រកួតប្រជែង ជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន ។
ជាពិសេស កិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េ និងបណ្តាប្រទេសអាស៊ាន មានគុណតម្លៃជាយុទ្ធសាស្ត្រដ៏ធំធេង ដោយសាររដ្ឋាភិបាលកូរ៉េខាងត្បូង បន្តរក្សាគោលជំហរអព្យាក្រឹត នៅក្នុងសមរភូមិប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ហើយទីក្រុងសេអ៊ូលនៅតែប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសមហាអំណាចទាំងពីរ៕ប្រភព:Dr. Sang Won PARK(KAFA (Korea ASEAN Forrum Association Founder & Chairman)៕
