ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ជាមួយនឹងការបង្ហាញគំរោងដ៏អស្ចារ្យរបស់ខ្លួន ក្រុមហ៊ុន Naga Corp បានបង្ហាញគំរោងទី៣របស់ខ្លូននៅទីក្រុងភ្នំពេញ ជាមួយនឹងទុនវិនិយោគដ៏ច្រើនសន្ឋឹកសន្ឋាប់រហូតដល់ប្រមាណ ៤០០០លានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុននេះ តាមរយៈគេហទំព័ររបស់ខ្លួនកាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Naga Corp គ្រោងនឹងសាងសង់គម្រោងទី៣ ដែលមានបន្ទប់សណ្ឋាគារ រួមជាមួយទស្សនទាននៃការអិវឌ្ឍថ្មីខុនដូថែល (Condo -Tel) រហូតដល់ ៤,៧២០បន្ទប់ ដែលគំរោងនេះនឹងសាងសង់លើផ្ទៃដី ១៦,៨៣៧ ម៉ែត្រការ៉េ។ ក្រុមហ៊ុននេះ បានចុះបញ្ជីរក្នុងទីផ្សារហ៊ុននៅទីក្រុងហុងកុង ក្នុងនាមជាក្រុមហ៊ុនតែមួយគត់ ដែលបានទទួលអាជ្ញាប័ណ្ណបើកកាស៊ីណូនៅក្រុងភ្នំពេញ។
-->

គំរោងដ៏ធំនេះមានអាគារចំនួន៥ ក្នុងនោះអាគារខុនដូថែលមានកំពស់រហូតដល់ ៥៥ជាន់ ជាមួយគ្នានឹងសេវាកម្មកំសាន្តចម្រុះ ពិសេសនឹងមានការសាងសង់ផ្លូវក្រោមដី សំរាប់ជាផ្សារទំនើបរួចពន្ធ តភ្ជាប់រវាង Naga world1, Naga World2 ផងដែរ។
យោងតាមសេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងថា គំរោងអភិវឌ្ឍន៍ Naga World3 បានទទួលការអនុម័តយល់ព្រមពីរដ្ឋាភិបាលរួចហើយ។
តើអ្វីជាCondo-Tel
Condo-Tel ជាទម្រង់នៃការអភិវឌ្ឍចម្រុះតាមទស្សនទានបែបថ្មីមួយនៅកម្ពុជា ប៉ុន្តែវាមិនមែនជារឿងថ្មីសំរាប់បណ្តាប្រទេសជឿនលឿននោះទេ។
ខុនដូថែល សំដៅទៅលើអាគារខុនដូ ដែលប្រើប្រាស់ចម្រុះ សំរាប់ជាអាគារស្នាក់នៅបែបសហកម្មសិទ្ឋផង និងជាសណ្ឋាគារផង។ សណ្ឋាគារបែប Condo-Tel ជាសណ្ឋាគារ ដែលអាចឲ្យអនុញ្ញាត្តឲ្យអ្នកស្នាក់នៅអាចស្នាក់នៅរយៈពេលយូរ អាចចំអិនអាហារបានដោយខ្លួនឯង និងអ្នកស្នាក់នៅអាចរៀបចំដាក់តាំងសម្ភារៈប្រើប្រាស់ ឬរូបថតខ្លួនឯង នៅក្នុងបន្ទប់ដែលខ្លួនស្នាក់នៅបាន។
ខុនដូថែលក៏អាចនិយាយថា ជាផ្ទះទី២របស់ភ្ញៀវទេសចរផងដែរ។ តម្លៃនិងការរៀបចំឌីសាញ ឬសេវាកម្មរបស់ខុនដូថែល មានស្តង់ដាដូចសណ្ឋាគារលំដាប់ផ្កាយ៥ និងតម្លៃស្នាក់នៅមានភាពស្រដៀងគ្នាផងដែរ ជាមួយសេវាគ្រប់គ្រងដ៏ល្អប្រសើរ៕