តើទីផ្សារអចលនទ្រព្យលក់រាយ និងសណ្ឋាគារនៅរាជធានីភ្នំពេញនឹងមានស្ថានភាពដូចម្តេចនៅឆ្នាំនេះ?

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: បើទោះបី​ជាកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់កម្ពុជាបានស្ទុះ​ងើប​ឡើង​វិញ​​នាពេលថ្មីៗនេះយ៉ាងណាក្តី ក៏ទីផ្សារអចលនទ្រព្យលក់រាយនៅក្នុងរាជធានីភ្នំពេញនៅតែ​បន្ត​ជួបប្រទះ​បញ្ហា​ប្រឈម។

តួយ៉ាង តម្លៃជួលទីតាំងលក់រាយជាមធ្យមនៅតាមផ្សារទំនើបប្រណីតធំៗនៅតំបន់កណ្តាលរាជធានីភ្នំពេញបានធ្លាក់ចុះ៥ភាគរយនៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ មកនៅត្រឹមតម្លៃជាមធ្យមចាប់ពី១៨ដុល្លារដល់២៨ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ដោយសារការធ្លាក់ចុះនៃចំណាយរបស់អ្នកប្រើប្រាស់។

គិតត្រឹមចុងឆមាសទី២ ឆ្នាំ២០២៤ ការផ្គត់ផ្គង់ទីតាំងលក់រាយនៅរាជធានីភ្នំពេញ មានទំហំផ្ទៃក្រឡាសរុបចំនួន៨៧០.៥២០ម៉ែត្រការ៉េ ​កើន​ឡើង៣ភាគរយបើ​ធៀប​នឹងឆមាសទី២ ឆ្នាំ២០២៣។

អត្រាគ្របដណ្តប់ការប្រើប្រាស់ទីតាំងលក់រាយនៅរាជធានីភ្នំពេញបានធ្លាក់ចុះ៣,៥ភាគរយមកនៅសល់ត្រឹម៦៤,៥ភាគរយនៅក្នុងឆមាសទី២ ឆ្នាំ២០២៤ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានព្យាករណ៍ថា ក្នុងរយៈពេល៣ឆ្នាំខាងមុខ ការផ្គត់ផ្គង់ទីតាំងលក់រាយសរុបនៅរាជធានីភ្នំពេញនឹងកើនឡើង៣២ភាគរយដល់ទំហំ១.១៥១.១៥៩ម៉ែត្រការ៉េបើធៀបនឹងការផ្គត់ផ្គង់ដែលមានស្រាប់នាពេលបច្ចុប្បន្ន។

ក្នុងរយៈពេលខ្លី ទីផ្សារអចលនទ្រព្យលក់រាយត្រូវបានព្យាករណ៍ថា នឹងប្រឈម​មុខ​នឹង​បញ្ហា​ ដោយសារតែការផ្គត់ផ្គង់ទីតាំងលក់រាយលើសតម្រូវការ និងបញ្ហាប្រឈមផ្នែកម៉ាក្រូសេដ្ឋកិច្ចសកល ដែលបានជះផលប៉ះពាល់ទៅលើការចំណាយរបស់អ្នកប្រើប្រាស់។

ក្រុមហ៊ុន Knight Frank រំពឹងថា បញ្ហាប្រឈមទាំងនេះនឹងធ្វើឱ្យចំនួនទីតាំងលក់រាយ ដែលគេទុកឱ្យនៅទំនេរចោលកើនឡើង និងធ្វើឱ្យការដើរទិញឥវ៉ាន់នៅតាមផ្សារទំនើបធ្លាក់ចុះ ខណៈម្ចាស់អាជីវកម្មនានាបានងាកទៅប្រកបមុខរបរតាមអនឡាញ ដោយសារការផ្លាស់ប្ដូរទម្លាប់នៃអ្នកប្រើប្រាស់។

ចំពោះទីផ្សារបដិសណ្ឋារកិច្ច ក្រុមហ៊ុន Knight Frank បានអះអាងថា ការផ្គត់ផ្គង់សណ្ឋាគារដែលមានស្រាប់នៅរាជធានីភ្នំពេញបានកើនឡើងដល់ប្រមាណ១៦.០០០បន្ទប់នៅដំណាច់ឆមាសទី២ ឆ្នាំមុន កើនឡើង៧%បើធៀបនឹងឆ្នាំ២០២៣។

ការស្នាក់នៅបន្ទប់សណ្ឋាគារប្រណីត និងលំដាប់ខ្ពស់(Luxury and Upper
Upscale)នៅរាជធានីភ្នំពេញមានតម្លៃជាមធ្យមចាប់ពី១២៥ដុល្លារអាមេរិកក្នុងមួយយប់ ខណៈការស្នាក់នៅសណ្ឋាគារលំដាប់មធ្យម(Midscale)មានតម្លៃចាប់ពី២០ដុល្លារក្នុងមួយយប់។

លើសពីនេះ ក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីល្បាញ Wyndham Hotels & Resorts របស់សហរដ្ឋអាមេរិក គ្រោងនឹងបើកដំណើរការសណ្ឋាគារចំនួន៣១២បន្ទប់នៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៥នេះ។ ការផ្គត់ផ្គង់បន្ថែមថ្មីនេះត្រូវបានគេរំពឹងថា នឹងជួយលើកកម្ពស់ទិដ្ឋភាពនៃទីផ្សារបដិសណ្ឋារកិច្ច និងបំពេញតម្រូវការស្នាក់នៅប្រកបដោយភាពប្រណីតនៅរាជធានីភ្នំពេញ៕ប្រភព: Knight Frank៕

LEAVE A REPLY

Please enter your comment!
Please enter your name here