តើទីក្រុងប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣ណាខ្លះរបស់កម្ពុជា ដែលមានសក្តានុពលខ្ពស់សម្រាប់បណ្តាអ្នកវិនិយោគថៃ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារខ្នាតយក្ស Siam Commercial Bank (SCB)របស់ប្រទេសថៃបានអះអាងថា ការបន្តរីកចម្រើនជាលំដាប់នៃកំណើនសេដ្ឋកិច្ច បានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាគោលដៅមួយ ដែលបណ្តាសហគ្រិន ឬអ្នកវិនិយោគបរទេសចាប់អារម្មណ៍ ក្នុងការពង្រីកអាជីវកម្មក្នុងប្រទេសមួយនេះ។

ជាមួយគ្នានេះ កម្លាំងពលកម្មនៅកម្ពុជាមានតម្លៃសមរម្យ បូករួមទាំងវប្បធម៌ បរិស្ថាន និងធនធានធម្មជាតិដ៏សម្បូរបែប។ ជាងនេះទៅទៀត គោលនយោបាយ និងវិធានការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ក៏មានភាពអនុគ្រោះ ដល់បណ្តាអ្នកវិនិយោគបរទេសផងដែរ។

កត្តាទាំងនេះបានធ្វើឱ្យបណ្តាសហគ្រិន និងអ្នកវិនិយោគអន្តរជាតិសម្លឹងឃើញឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។

ធនាគារ Siam Commercial Bank បានលើកឡើងនូវទីក្រុងប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣របស់កម្ពុជា ដែលនឹងក្លាយជាឱកាសសម្រាប់បណ្តាសហគ្រិនថៃ ដែលគ្រោងពង្រីកអាជីវកម្ម និងស្វែងរកឱកាសវិនិយោគថ្មីនាពេលអនាគត។

ទី១: រាជធានីភ្នំពេញ

រាជធានីភ្នំពេញ​ជា​មជ្ឈមណ្ឌល​ធុរកិច្ច ឧស្សាហកម្ម នយោបាយ ការអប់រំ សេដ្ឋកិច្ច បេតិកភណ្ឌ​វប្បធម៌ និង​ការទូត​របស់​កម្ពុជា។ រាជធានីភ្នំពេញ មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ប្រសព្វ ​នៃ​ទន្លេបាសាក់ ទន្លេសាប និងទន្លេមេគង្គ។

ទន្លេទាំង៣នេះ ជាប្រភពទឹកសាប និងជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់សម្រាប់ទីក្រុងភ្នំពេញ។

រាជធានីភ្នំពេញ ក៏មានតំបន់សេដ្ឋកិច្ចពិសេសមួយផងដែរ ដែលមានឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ តំបន់នេះត្រូវបានអភិវឌ្ឍន៍ឡើង ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគបរទេ​ស មកបង្កើតមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ រាជធានីភ្នំពេញ ក៏ជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយផងដែរ ដែលរួមមានតំបន់ទេសចរណ៍ជាច្រើន ដូចជា ព្រះបរមរាជវាំង វត្តភ្នំ និងវត្តឧណ្ណាលោមជាដើម។

ទី២: ទីក្រុងព្រះសីហនុ

ទីក្រុងព្រះសីហនុ ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ទីក្រុងនេះមានកំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ ដែលអាចអនុញ្ញាតឱ្យនាវា​ពាណិជ្ជកម្ម​ធំៗ តាមផ្លូវសមុទ្រចូលចតបាន។

លើសពីនេះ ទីក្រុងព្រះសីហនុ មានខ្សែរថភ្លើងដែលតភ្ជាប់មកកាន់រាជធានីភ្នំពេញ និង​អាកាសយានដ្ឋានអន្តរជាតិ ដែលមានសមត្ថភាព ទទួលអ្នកដំណើរជាង៦០ម៉ឺននាក់ក្នុងមួយថ្ងៃ។ ការណ៍នេះបានចូលរួមចំណែកយ៉ាងសំខាន់ ​ដល់ការទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តឆ្នេរ​សមុទ្រ ដ៏ស្រស់ស្អាត​របស់ខេត្តព្រះសីហនុ។

ជាពិសេសទៀតនោះ ទីក្រុងកំពង់ផែមួយនេះ ក៏មានសក្តានុពលធនធានប្រេង និងឧស្ម័នធម្មជាតិផងដែរ។ ទន្ទឹមគ្នានោះ ទីក្រុងព្រះសីហនុ ជាមូលដ្ឋានផលិតកម្មធំជាងគេទី២របស់កម្ពុជា បន្ទាប់ពីទីក្រុងភ្នំពេញ។

រដ្ឋាភិបាលកម្ពុជា បានបង្កើតរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មចំនួន៣ ទីតាំងនៅខេត្តព្រះសីហនុ ដែលអាចផលិតថាមពលអគ្គិសនីចំនួន២០ភាគរយ នៃសមត្ថភាពផលិតថាមពលសរុបរបស់កម្ពុជា។

បច្ចុប្បន្ននេះ បណ្តាអ្នកវិនិយោគធំៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើខេត្តព្រះសីហនុ ជាពិសេសការវិនិយោគលើអចលនទ្រព្យ។

ម៉្យាងវិញទៀត ទីក្រុងព្រះសីហនុ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ក្លាយ​ជា​ទីក្រុង​ទំនើប​នា​ពេល​អនាគត។ ការណ៍នេះបានធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ន៍លំនៅដ្ឋានតម្លៃ​សមរម្យ ​ក្នុងទីក្រុងព្រះសីហនុ នៅ​តែ​មាន​តម្រូវ​ការ​ខ្ពស់។

ទី៣: ខេត្តកោះកុង

ទោះបីជាខេត្តកោះកុង មិនសូវទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីបណ្តាអ្នកវិនិយោគបរទេសជាទូទៅយ៉ាងណាក្តី ប៉ុន្តែបណ្តាសហគ្រិនថៃ នៅតែសម្លឹងឃើញឱកាសវិនិយោគជាច្រើន ព្រោះ​ខេត្ត​កោះកុង​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​ត្រាត​របស់​ប្រទេសថៃ។

ម៉្យាងវិញទៀត ការធ្វើដំណើរពីទីក្រុងបាងកក មកកាន់ខេត្តកោះកុង ចំណាយពេលត្រឹមតែ៦ម៉ោងប៉ុណ្ណោះ។ ជាពិសេសប្រជាជនភាគច្រើនរស់នៅខេត្តកោះកុង អាចនិយាយភាសាថៃបាន។

គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ខេត្តកោះកុង រួមមាន ការកសាងគម្រោងកំពង់ផែសមុទ្រទឹកជ្រៅ ដែលមានផ្ទៃក្រឡាជាង៣៦០គីឡូម៉ែត្រការ៉េ និងព្រលានយន្តហោះអន្តរជាតិតារាសាគរ ដែលបោះទុនវិនិយោគ ដោយក្រុមហ៊ុនUDG Group មកពីប្រទេសចិន៕ប្រភព: SCB៕

LEAVE A REPLY

Please enter your comment!
Please enter your name here