គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ នឹងជំរុញសក្តានុពលតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តក្រចេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តក្រចេះ កំពុងក្លាយជាកត្តាជំរុញយ៉ាងសំខាន់មួយ សម្រាប់អនាគតសេដ្ឋកិច្ចរបស់កម្ពុជា ដោ​យសារតែកត្តាទីតាំងភូមិសាស្ត្រ ការវិនិយោគ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ។

សក្ដានុពលនៃតំបន់នេះ ត្រូវបានពង្រីកបន្ថែមទៀត ដោយសារការអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ចេញពីកម្ពុជាទៅកាន់ឈូងសមុទ្រថៃ។ ផ្លូវទឹកនេះត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការចំណាយលើការនាំចេញ និងជួយលើកកំពស់ការប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារពិភពលោក។

ដោយគ្របដណ្តប់ នៅលើទំហំផ្ទៃដីប្រមាណ៨១៨ហិកតា តំបន់សេដ្ឋកិច្ចពិសេសស្នួល នៃខេត្តក្រចេះ ទាក់ទាញបានបណ្តាក្រុមហ៊ុនចំនួន១៤ ក្រោមទុនវិនិយោគសរុបចំនួន១,២ពាន់លានដុល្លារអាមេរិក និងមានបណ្តាក្រុមហ៊ុនចំនួន៣ផ្សេងទៀត កំពុងត្រៀមឈានជើងចូល។

ការបណ្តាក់ទុនវិនិយោគទាំងនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតការងាររាប់ពាន់កន្លែង និងជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក។

លោកZhang Lu Ze អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសស្នួលនៃខេត្តក្រចេះ បានសម្តែងនូវសុទិដ្ឋិនិយម ចំពោះអនាគតនៃតំបន់នេះ ស្របនឹងបរិបទ នៃការកើនឡើងនូវតួនាទីរបស់កម្ពុជា ក្នុងពាណិជ្ជកម្មក្នុងតំបន់។

លោកបានបន្តថា “នាពេលបច្ចុប្បន្ន ទំនិញទាំងអស់ ដែលផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្នួល ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម”។

លោក Zhang បានគូសបញ្ជាក់ថា “យើងបានដាក់នូវក្តីសង្ឃឹមខ្ពស់ចំពោះព្រែកជីកហ្វូណនតេជោ ដែលនឹងកាត់បន្ថយថ្លៃដើមលើការដឹកជញ្ជូន ខណៈបណ្តាក្រុមហ៊ុនជាច្រើន នឹងអាចប្រើប្រាស់ព្រែកជីកនេះដើម្បីនាំចេញផលិតផលរបស់ខ្លួន”។

តំបន់​សេដ្ឋកិច្ចពិសេសស្នួលនេះ មាន​ចម្ងាយ​ត្រឹមតែ១,៥គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ ពី​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា-វៀតណាម និងស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រ ​ពី​កំពង់ផែ​ទីក្រុងហូជីមិញ របស់ប្រទេស​វៀតណាម។

លើសពីនេះ គម្រោងផ្លូវដែកនាពេលអនាគត ឈ្មោះ “Pan-Asian Railway Network” ដែលឆ្លងកាត់បណ្តាប្រទេសចំនួន៧ក្នុងតំបន់ រួមមានថៃ ឡាវ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី និងចិន ក៏នឹងឆ្លងកាត់ស្រុកស្នួល នៃខេត្តក្រចេះផងដែរ៕ប្រភព:The Star៕

LEAVE A REPLY

Please enter your comment!
Please enter your name here