ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយ លោកLi Yongjun អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគក្រៅប្រទេសរបស់ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្លាស់ប្ដួរទស្សនស្ដីពី កិច្ចសហការវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ចិន។
ក្នុងពិធីនោះ លោកអគ្គលេខាធិការរងបានថ្លែងអំណរគុណជូនចំពោះភាគីមិត្ត ដែលបានចំណាយពេលវេលាអញ្ជើញ មកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពង្រឹង និងជំរុញរំហូរវិនិយោគចិនមកកម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងការវិនិយោគទ្វេទិសកម្ពុជា-ចិន។
-->

លោកសួន សុផលបានលើកឡើងថា ក្រោមការជួយជ្រោមជ្រែងពីភាគីមិត្ត តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយទៅជាមជ្ឈមណ្ឌល ទាក់ទាញវិនិយោគដ៏មានសក្ដានុពល និងបានបង្កើនទំហំពាណិជ្ជកម្ម និងជំរុញរំហូរវិនិយោគនៅកម្ពុជា តាមរយៈការស្រូបទាញនូវគម្រោងវិនិយោគ និងបង្កើតកន្លែងការងារបានជាអតិបរមា។
បន្ថែមពីនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ស្របគ្នានេះ ភាគីទាំងពីរ បានពិភាក្សាយ៉ាងផុលផុសប្រកបដោយផ្លែផ្កា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ តាមរយៈយន្ដការការងារ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា សំដៅអនុវត្តនូវគម្រោងកិច្ចសហប្រតិបត្តិការ វិនិយោគទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ចបៃតង និងឌីជីថល សំដៅធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាមានភាពទាក់ទាញ ដល់ការវិនិយោគដែលផ្ដល់តម្លៃបន្ថែមខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីប្រកបដោយគុណភាពខ្ពស់៕
