ដោយៈ គង់ សូរិយា
ប្រទេសចិនៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំមួយ សិក្សាលទ្ឋភាពពង្រីកការវិនិយោគ និងបង្កើនជើងហោះហើរត្រង់មកកាន់កម្ពុជា។
ក្នុងដំណើរទស្សនកិច្ច គោះទ្វារអ្នកវិនិយោគនៅប្រទេសចិន លោកស៊ុន ចាន់ថុល និងប្រតិភូបានអញ្ជើញ
-->
ទស្សនកិច្ចការងារ ទៅកាន់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន និងទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ប្រចាំក្រុងចឹងចូវ។
ដំណើរទស្សនកិច្ចនេះធ្វើឡើង ក្នុងគោលបំណងសិក្សាស្វែងយល់ អំពីការប្រព្រឹត្តទៅនៃសហគ្រាស និងជំរុញការវិនិយោគបន្ថែមទៀត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈជំនួបនេះ គណៈប្រតិភូកម្ពុជាក៏បានបង្ហាញអំពីបរិយាកាសវិនិយោគ ការគាំទ្រវិស័យឯកជនពីសំណាក់រាជរដ្ឋាភិបាល និងសក្តានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ភាគីចិនផងដែរ។
លោកYi Riwu អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន បានធ្វើការពិព័ណ៌នាអំពីសាវតាររបស់ក្រុមហ៊ុន ក៏ដូចជា វឌ្ឍនភាពថ្មីៗនៃប្រតិបត្តិការរបស់ខ្លួន ដែលបានធ្វើពិពិធកម្មប្រកបដោយភាពជាក់ស្តែងនិយម ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ(Belt and Road Initiative) និងគំនិតផ្តួចផ្តើមផ្លូវសូត្រអាកាស (Air Silk Road Initiative)។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានធ្វើការបោះជំហានវិនិយោគនៅកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគ ក្រោមរូបភាពជាភាគហ៊ុនិកជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia)។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ច ប្រកបដោយមេត្រីភាពរបស់ភាគីមិត្តចិន ជូនចំពោះគណៈប្រតិភូកម្ពុជានាឱកាសនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ជូនចំពោះភាពរីកលូតលាស់ឥតឈប់ឈររបស់ក្រុមហ៊ុនវិនិយោគ អាកាសយានដ្ឋានខេត្តហឺណាននិយាយជារួម និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និយាយដោយឡែក ដែលបានជះផលវិជ្ជមាន មកលើការអភិវឌ្ឍសហគមន៍វាសនារួមកម្ពុជា-ចិន។
ស្របគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តភាគីមិត្ត ក្នុងការពិនិត្យលទ្ធភាពពង្រីកគោលដៅហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន (People to People – P2P) ជាពិសេសការតភ្ជាប់រវាងធុរជន និងធុរជន (Business to Business – B2B) និងដើម្បីសម្រេចគោលដៅការទាក់ទាញភ្ញៀវទេសចរពីខេត្តហ៊ឺណាន មកទស្សនាកម្ពុជាឱ្យបាន១លាននាក់ ក្នុងឆ្នាំ២០២៥នេះ។
បន្ថែមពីនេះ លោកស៊ុន ចាន់ថុលបានអញ្ជើញលោកអគ្គនាយកក្រុមហ៊ុន វិនិយោគអាកាសយានដ្ឋានខេត្តហឺណាន និងសហការីពិនិត្យលទ្ធភាព និងឱកាសក្នុងការមកទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀត តាមរយៈការឆក់យកឱកាសវិនិយោគ លើវិស័យដែលមានសក្តានុពល និងស្របតាមឯកទេសរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន ខេត្តហ៊ឺណាន គឺជាសហគ្រាសរដ្ឋ ដែលមានឯកទេសលើមុខសញ្ញាវិនិយោគពាក់ព័ន្ធ នឹងការអភិវឌ្ឍនគរូបនីយកម្ម ការវិនិយោគលើនគរូបនីយកម្ម បច្ចេកវិទ្យា ប្រតិបត្តិការ សួនបច្ចេកវិទ្យា និងឧស្សាហកម្មផ្នែកបច្ចេកវិទ្យា។
ក្នុងឱកាសនេះដែរ ដោយទទួលបានការអនុញ្ញាតពីលោកឧបនាយករដ្ឋមន្ត្រី លោកអ៊ិត វិជិត នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានជម្រាបជូនអំពីសក្តានុពលទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ខណៈដែល អ្នកឧកញ៉ាគួន ធីតា សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា បានលើកឡើងអំពីបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ដែលមានអំណោយផលខ្ពស់ចំពោះការវិនិយោគឯកជន៕
