ដោយ: គង់ លាងហួរ
ភ្នំពេញ: ភាពមិនច្បាស់លាស់នៃម៉ាក្រូសេដ្ឋកិច្ច ភាពតានតឹងភូមិសាស្ត្រនយោបាយសកល ការកើនឡើងនូវអតិផរណា និងអត្រាការប្រាក់ រួមទាំងការផ្គត់ផ្គង់អចលនទ្រព្យលើសតម្រូវការ នៅក្នុងរាជធានីភ្នំពេញ បានជះផលប៉ះពាល់ដល់តម្លៃទីផ្សារ និងតម្លៃជួល។
បញ្ហាប្រឈមជាសកលជាបន្តបន្ទាប់ បានបន្តជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅលើគ្រប់វិស័យ រួមទាំងវិស័យអចលនទ្រព្យផងដែរ។ ជាក់ស្តែង តម្លៃលំនៅដ្ឋាន និងដីធ្លីបានដាំក្បាលចុះ។
-->
ទោះបីជាប្រឈមមុខនឹងវិបត្តិខាងលើយ៉ាងណាក្តី ក៏ប៉ុន្តែទំហំទីផ្សារអចលនទ្រព្យនៅកម្ពុជា ត្រូវបានគេរំពឹងថា នឹងកើនឡើងជាមធ្យមប្រមាណ២,៨៥ភាគរយក្នុងមួយឆ្នាំ ដល់ទំហំទឹកប្រាក់ចំនួន៦១៩,៥៥ពាន់លានដុល្លារនៅឆ្នាំ២០២៥នេះ។
ក្នុងនោះ ទីផ្សារលំនៅដ្ឋាន នឹងកាន់កាប់ចំណែកចំនួន៥៧៤,១០ពាន់លានដុល្លារ នៃទំហំទីផ្សារអចលនទ្រព្យសរុបនៅកម្ពុជា ក្នុងឆ្នាំ២០២៥។ នេះបើយោងតាមវេទិកាអនឡាញ Statista របស់ប្រទេសអាល្លឺម៉ង់ដែលមានជំនាញ ក្នុងការប្រមូលចងក្រងទិន្នន័យស្ថិតិ។
ការដាំក្បាលចុះនៃតម្លៃដីធ្លី បានក្លាយជាឱកាសល្អ សម្រាប់បណ្តាអ្នកវិនិយោគ ក្នុងការទិញដីក្នុងអត្រាបញ្ចុះតម្លៃយ៉ាងច្រើន បើធៀបនឹងតម្លៃមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩។
ទោះជាយ៉ាងណាក្តី ភាពមិនច្បាស់លាស់ នៃបរិយាកាសម៉ាក្រូសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ និងកម្រិតអត្រាការប្រាក់ខ្ពស់នឹងបន្តជះឥទ្ធិពលដល់ទំនុកចិត្ត របស់វិនិយោគិនក្នុងរយៈពេលខ្លី។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank អះអាងថា “ខណៈការរំពឹងទុករយៈពេលខ្លី បង្កជាបញ្ហាប្រឈម ការដាំក្បាលចុះនៃតម្លៃដី បង្ហាញពីឱកាស សម្រាប់អ្នកអភិវឌ្ឍន៍ ក្នុងការទិញដីក្រោមតម្លៃសមរម្យ សម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យនាពេលអនាគត”។
យ៉ាងណាមិញ សង្គ្រាមពន្ធគយរវាងសហរដ្ឋអាមេរិក និងប្រទេសចិន អាចជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទីផ្សារអចលនទ្រព្យរបស់កម្ពុជា ខណៈកម្ពុជាពឹងផ្អែកខ្លាំង លើលំហូរវិនិយោគផ្ទាល់ពីប្រទេសចិន។ ចំណែក សហរដ្ឋអាមេរិក ជាទិសដៅនាំចេញទំនិញដ៏ធំបំផុតរបស់កម្ពុជា។
សង្គ្រាមពន្ធរវាងសហរដ្ឋអាមេរិក និងចិននឹងបន្ថែមភាពមិនច្បាស់លាស់ និងភាពស្មុគស្មាញបន្ថែមទៀត ដល់សេដ្ឋកិច្ចពិភពលោក ដែលកំពុងជួបប្រទះ ការលំបាករួចស្រាប់ទៅហើយ និងបណ្តាលឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕ប្រភព: Statista៕
