ដោយ: គង់ លាងហួរ
អន្តរជាតិ: មនុស្សជាតិនៅជុំវិញពិភពលោកបានគ្រប់គ្រងការផ្គត់ផ្គង់ទឹកជាយូរមកហើយ ដោយទាញយកប្រភពទឹកពីខាងក្រោមដី បង្វែរលំហូរទឹកទន្លេ និងបង្កើតប្រព័ន្ធធារាសាស្ត្រ ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ច។
ជាក់ស្តែង យោងតាមរបាយការណ៍សិក្សាថ្មីមួយបានរកឃើញថា ទន្លេមេគង្គបានគ្របដណ្តប់ចំណែកចំនួន៩៧ភាគរយនៃផលទុនជាតិសរុប(GDP)របស់ប្រទេសកម្ពុជា និងគ្របដណ្តប់ចំណែកចំនួន៩៤ភាគរយនៃផលទុនជាតិសរុបរបស់ឡាវ។

-->
ទន្លេជាកត្តាជំរុញដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ី ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីចំនួន៨៦៥ជីហ្គាវ៉ាត់។ តួយ៉ាង អាងទន្លេ Yangtze ត្រូវបានគេគណនាថា អាចគ្របដណ្តប់ចំណែកចំនួន៣៨ភាគរយនៃផលទុនជាតិសរុបរបស់ប្រទេសចិន។
ជាមួយគ្នានោះ ចំណែកចំនួន៤៩ភាគរយនៃទំហំសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា និងចំណែកប្រមាណ៥៥ភាគរយនៃទំំហំសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថានមានប្រភពមកពីអាងទន្លេ Indus និងអាងទន្លេ Ganges។នេះបើយោងតាមរបាយការណ៍ ដែលមានចំណងជើងថា“China Water Risk”។

បណ្តាប្រទេសនានានៅតំបន់អាសុីបានពឹងផ្អែកយ៉ាងខ្លាំងលើលំហូរទឹកទន្លេ សម្រាប់បង្កើតថាមពលចេញពីទំនប់វារីអគ្គិសនី ទឹកសាប និងប្រើប្រាស់ក្នុងវិស័យកសិកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត។
ប៉ុន្តែ ទោះជាយ៉ាងណាក្តី របាយការណ៍សិក្សាខាងលើបានព្រមានថា “ស្របពេលផ្ទាំងទឹកកករួមតូច និងការថយចុះនៃការលាយព្រិលទឹកកក ការផ្គត់ផ្គង់ទឹកនឹងថយចុះជាលំដាប់ ជាពិសេសនៅរដូវប្រាំង”។
ប្រជាជនភាគច្រើននៅតំបន់អាស៊ីរស់នៅតាមអាងទន្លេមេគង្គ។ដូច្នេះ ការថយចុះនៃការរលាយព្រិល និងការរលាយទឹកកកអាចបង្កឱ្យមានបញ្ហាប្រឈមនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសង្គមរបស់ប្រទេស ដែលបានពឹងផ្អែកខ្លាំងលើប្រភពទឹកដ៏សំខាន់មួយនេះ៕ប្រភព: SCMP៕
