ការវិនិយោគ និងទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនរំពឹងបន្តកើនឡើងនៅឆ្នាំ២០២៥ ខណៈប្រធានាធិបតីចិនគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងខែមេសា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រទេសចិនបានគ្របដណ្តប់ចំណែកជិត៨០ភាគរយនៃលំហូរវិនិយោគផ្ទាល់ពីបរទេសសរុបចូលមកកាន់កម្ពុជាគិតត្រឹមរយៈពេល២ខែដំបូងនៃឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់អំពីការបោះជំហានសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរបស់ទីក្រុងប៉េកាំង។

តំបន់សេដ្ឋកិច្ចពិសេស (SEZs) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនចិន ដែលការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរកាន់តែខ្លាំងក្លានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន China Global South។

ស្ថិរភាពនយោបាយ និងភាពធន់នៃកំណើនសេដ្ឋកិច្ចពិភពលោកបានជះឥទ្ធិពលវិជ្ជមានដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន១០ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២៤ ដែលមានដើមទុនចុះបញ្ជីសរុបប្រមាណ៨៥០លានដុល្លារ។

តំបន់សេដ្ឋកិច្ចពិសេសបានលើកកម្ពស់ការប្រកួតប្រជែង ការបង្កើនផលិតភាព និងការពង្រីកទីផ្សារនាំចេញ តាមរយៈការផ្លាស់ប្តូរឧស្សាហកម្មកម្ពុជាពី វិស័យដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាវិស័យដែលមានបច្ចេកវិទ្យា ជំនាញ និងតម្លៃបន្ថែមខ្ពស់។

ភាពជាដៃគូសេដ្ឋកិច្ចរវាងចិន និងកម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជំរុញដោយពាណិជ្ជកម្ម ការវិនិយោគជាយុទ្ធសាស្ត្រ និងឱកាស។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគីប៉ុណ្ណោះទេ។ប៉ុន្តែ ថែមទាំងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងវិបុលភាពទៅវិញទៅមក។

ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិននៅតែមានសារៈសំខាន់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ស្របពេលដែលទំនាក់ទំនងទ្វេរភាគីមួយនេះកាន់តែមានភាពស៊ីជម្រៅ កម្ពុជា និងចិនកំពុងដើរលើផ្លូវឆ្ពោះទៅកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នា។

ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយមហិច្ឆតា ក្នុងគោលដៅប្រែក្លាយកម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ទៅជាប្រទេសមានប្រាក់ចំណូលកម្រិតមធ្យមនៅឆ្នាំ២០៣០ និងសម្រេចបាននូវឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅក្នុងបរិបទនេះ សក្តានុពលនៃទីផ្សារដ៏ធំធេង និងអំណាចនៃការទិញយ៉ាងរឹងមាំរបស់ប្រជាជនចិនសរុបចំនួនជាង១,៤ពាន់លាននាក់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញភាពរីកចម្រើនរបស់កម្ពុជា។

ពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងចិន ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានទំហំទឹកប្រាក់ចំនួន១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥។ ការណ៍នេះសរបង្ហាញពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃភាពជាដៃគូរវាងកម្ពុជា និងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេលំដាប់ទី២របស់ពិភពលោក។

លើសពីនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២នៅកម្ពុជានៅក្នុងខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋលើកទី១កាលពីឆ្នាំ២០១៦។

ទំនាក់ទំនងកម្ពុជា-ចិនត្រូវបានពង្រីកពីមួយជំនាន់ទៅមួយជំនាន់ ហើយបន្តវិវត្តន៍ទៅជាមិត្តភាពដ៏រឹងមាំ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការរួមរស់ដោយសន្តិភាព ការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង៕ប្រភព: China Global South៕

LEAVE A REPLY

Please enter your comment!
Please enter your name here