ដោយ: គង់ លាងហួរ
អន្តរជាតិ: សង្គ្រាមពាណិជ្ជកម្មរវាងបណ្តាប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកបានកើនឡើងកំដៅ បន្ទាប់ពីប្រទេសចិនបានវាយបកប្រឆាំងទៅនឹងការដំឡើងពន្ធដោយសហរដ្ឋអាមេរិកលើទំនិញចិន។
ដើម្បីជាការសងសឹក ទីក្រុងប៉េកាំងបានប្រកាសដាក់ពន្ធលើទំនិញមួយចំនួនរបស់អាមេរិក ដែលនាំចូលទៅកាន់ប្រទេសចិន បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានដាក់ពន្ធថ្មីបន្ថែមចំនួន២០ភាគរយលើរាល់គ្រប់មុខទំនិញនាំចូលរបស់ចិនទៅកាន់សហរដ្ឋអាមេរិក។
លោក ត្រាំ បានអះអាងថា លោកគ្រោងនឹងពិភាក្សាជាមួយប្រធានាធិបតីចិនលោក សុី ជីនពីង ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសមភាគីចិន។
-->

ខាងក្រោមនេះជាវិធីសាស្ត្រចំនួន៥យ៉ាង ដែលប្រទេសចិនបានវាយបកប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិក៖
ទី១: ថាមពល
ចិនបានប្រកាសដាក់ពន្ធលើការនាំចូលធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (LNG) មកពីសហរដ្ឋអាមេរិកចំនួន១០ភាគរយ និងពន្ធចំនួន១៥ភាគរយលើប្រេងឆៅ។ដូច្នេះ បណ្តាក្រុមហ៊ុននានា ដែលគ្រោងនាំចូលឥន្ធនៈហ្វូស៊ីលពីសហរដ្ឋអាមេរិកនឹងត្រូវបង់ពន្ធក្នុងអត្រាដែលបានកំណត់។
ប្រទេសចិនជាប្រទេសនាំចូលធ្យូងថ្មធំជាងគេលើពិភពលោក។ ប៉ុន្តែ ប្រទេសចិនទិញធ្យូងថ្មភាគច្រើនមកពីប្រទេសឥណ្ឌូនេស៊ី។ ប្រទេសចិនក៏បាននិងកំពុងបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវ (LNG)ពីសហរដ្ឋអាមេរិកផងដែរ។
ដោយឡែក ការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនមានចំណែកត្រឹមតែ១,៧ភាគរយប៉ុណ្ណោះនៃចំនួនប្រេងឆៅសរុប ដែលចិនបានបញ្ជាទិញពីបរទេសកាលពីឆ្នាំ២០២៣។
ការណ៍នេះបានបង្ហាញថា ប្រទេសចិនមិនពឹងផ្អែកខ្លាំងលើថាមពលរបស់សហរដ្ឋអាមេរិកនោះទេ។ ដូច្នេះ ការដាក់ពន្ធរបស់ចិនលើថាមពលអាមេរិក នឹងជះផលប៉ះពាល់តិចតួចបំផុតមកលើសេដ្ឋកិច្ចចិនខ្លួនឯង។
ផ្ទុយទៅវិញ សហរដ្ឋអាមេរិកជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ (LNG)ដ៏ធំបំផុតរបស់ពិភពលោក ហើយសហរដ្ឋអាមេរិកមានអតិថិជនជាច្រើនផ្សេងទៀតក្រៅពីចិន ជាពិសេសប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប។
ទី២: គ្រឿងចក្រកសិកម្ម

ប្រទេសចិនបានដំឡើងពន្ធ១០ភាគរយ លើការនាំចូលគ្រឿងចក្រកសិកម្ម រថយន្តប្រភេទ Pickup និងរថយន្តធុនធំមួយចំនួនរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែ ចិនមិនមែនជាប្រទេសនាំចូលដ៏ធំនូវរថយន្ត Pickup របស់សហរដ្ឋអាមេរិកនោះទេ ហើយចិនបានទិញរថយន្តប្រភេទនេះភាគច្រើនពីសហភាពអឺរ៉ុប និងប្រទេសជប៉ុន។ ដូច្នេះការយកពន្ធចំនួន១០ភាគរយលើការនាំចូលរថយន្ត Pickup មួយចំនួនតូចពីអាមេរិកនឹងមិនជះផលប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់ក្នុងប្រទេសចិននោះទេ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនក៏បានបង្កើនការវិនិយោគលើការផលិតគ្រឿងចក្រកសិកម្ម ដើម្បីបង្កើនផលិតកម្ម និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងពង្រឹងសន្តិសុខស្បៀងរបស់ខ្លួន។
ដូច្នេះ ការដាក់ពន្ធលើការនាំចូលគ្រឿងចក្រកសិកម្មពីសហរដ្ឋអាមេរិកអាចជាវិធានការមួយទៀតរបស់ប្រទេសចិនដើម្បីព្យាយាមជំរុញឧស្សាហកម្មក្នុងស្រុក។
ទី៣: ការស៊ើបអង្កេត
អាជ្ញាធរចិនក៏បានប្រកាសអំពីវិធានការមិនមែនពន្ធមួយចំនួនផងដែរ ដែលវិធានការមួយក្នុងចំណោមវិធានការទាំងនោះ ជាការស៊ើបអង្កេតប្រឆាំងនឹងសិទ្ធិផ្តាច់មុខលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google របស់សហរដ្ឋអាមេរិក។
គេនៅមិនទាន់ដឹងច្បាស់ថាការស៊ើបអង្កេតនេះនឹងពាក់ព័ន្ធនឹងអ្វីខ្លះនោះទេ។ ប៉ុន្តែ សេវាកម្ម Search របស់បណ្តាញសង្គម Google ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ២០១០មក។
ក្រុមហ៊ុនយក្ស Google បានបន្តមានវត្តមាននៅក្នុងប្រទេសចិនតាមរយៈការផ្តល់កម្មវិធី និងហ្គេមទៅកាន់ទីផ្សាររបស់ប្រទេសចិន ដោយធ្វើការជាមួយក្រុមហ៊ុនចិនក្នុងស្រុក។
ប៉ុន្តែ អាជីវកម្មរបស់ក្រុមហ៊ុន Google នៅក្នុងប្រទេសចិនគ្របដណ្តប់ចំណែកប្រហែល១ភាគរយប៉ុណ្ណោះនៃការលក់ផលិតផលសេវាកម្មទូទាំងពិភពលោករបស់ក្រុមហ៊ុន Google។ ដូច្នេះ ប្រសិនបើក្រុមហ៊ុន Google កាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយប្រទេសចិន នោះក្រុមហ៊ុនយក្សអាមេរិកមួយនេះក៏មិនខាតបង់អ្វីធំដុំនោះដែរ។
ទី៤: ការរឹតត្បិត
ប្រទេសចិនបានដាក់បញ្ចូលក្រុមហ៊ុនអាមេរិក PVH ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ម៉ាក Calvin Klein និងម៉ាក Tommy Hilfiger ទៅក្នុងបញ្ជីឈ្មោះ“អង្គភាពមិនគួរឱ្យទុកចិត្ត”របស់ខ្លួន និងចោទប្រកាន់ថា ក្រុមហ៊ុននេះបានដាក់ចេញវិធានការរើសអើងប្រឆាំងនឹងសហគ្រាសចិនក្នុងស្រុក។
ការជាប់ឈ្មោះក្នុងបញ្ជី“អង្គភាពមិនគួរឱ្យទុកចិត្ត”របស់ប្រទេសចិននឹងធ្វើឱ្យក្រុមហ៊ុនអាមេរិកជួបប្រទះផលពិបាកក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសចិន។
ក្រុមហ៊ុនអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម រួមទាំងការផាកពិន័យ និងការដកហូតទិដ្ឋាការការងារពីបុគ្គលិកជាជនបរទេសនៅក្នុងក្រុមហ៊ុននេះ។
ក្រុមនិយតករចិនក៏នឹងចុះពិនិត្យរោងចក្ររបស់ក្រុមហ៊ុន PVH ដើម្បីស៊ើបអង្កេតប្រតិបត្តិការផលិតកម្ម។នេះបើយោងតាមលោក Andreas Schotter សាស្រ្តាចារ្យផ្នែកធុរកិច្ចអន្តរជាតិនៅសាកលវិទ្យាល័យ Western University នៅរដ្ឋ Ontario ក្នុងប្រទេសកាណាដា។
ទី៥: លោហៈធាតុកម្រ
ក្រៅពីប្រកាសដំឡើងពន្ធលើបណ្តាក្រុមហ៊ុននានា ដែលគ្រោងនាំចូលទំនិញពីសហរដ្ឋអាមេរិក ប្រទេសចិនក៏បានដាក់ការរឹតបន្តឹងលើការនាំចេញលោហៈធាតុកម្រចំនួន២៥ប្រភេទផងដែរ។
លោហៈធាតុមួយចំនួនជាសមាសធាតុសំខាន់សម្រាប់ការផលិតរថយន្តអគ្គិសនី និងឧបករណ៍សម្ភារៈយោធាជាច្រើន។
ប្រទេសចិនមានភាពស្ទាត់ជំនាញនៅក្នុងការចម្រាញ់លោហៈធាតុទាំងនោះ ហើយប្រទេសចិនផលិតបានចំនួនជិត៩០ភាគរយនៃទិន្នផលចម្រាញ់លោហៈធាតុកម្រសរុបនៅទូទាំងពិភពលោក៕ប្រភព: BBC៕
