បច្ចុប្បន្នភាពៈ ក្រុមមន្រ្តីចាប់ផ្តើមត្រៀមបើកដំណើរការស្ពានមិត្តភាពកម្ពុជា ថៃ ស្ទឹងបត់ នាដើមសប្តាហ៍ក្រោយ

0

ដោយ ៖ នៅ វឌ្ឍនា

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាល បានចាប់ផ្តើមកិច្ចពិភាក្សាពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការរក្សាសន្តិសុខសុវត្ថិភាព និងការរៀបវារៈដំណើរការកម្មវិធី បើកដំណើរការស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀង និងការជិះរថភ្លើងរួមគ្នា ពីថៃមកកម្ពុជា។

លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទី នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាពីការត្រៀមរៀបចំកម្មវិធី រួមមានរៀបវារៈនៃដំណើរការកម្មវិធីទាំងមូល ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការរក្សាសន្តិសុខសុវត្ថិភាព ជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ កងយោធពលខេមរភូមិន្ទ អគ្គស្នងកា​រដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងអង្គរក្ស រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអជ្ញាធរ​ពាក់ព័ន្ធ។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាគ្រោងនឹងរៀបចំកម្មវិធី ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលមានរបៀបវារៈសំខាន់ៗចំនួន​៥ ដូចជា ទី១ ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាព កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ទី ២- ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ។

ទី៣ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា លើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់ ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទី៤ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយបានខ្លងលឹក មកស្ថានីយប៉ោយប៉ែត៕

LEAVE A REPLY

Please enter your comment!
Please enter your name here