ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនសេវាប្រឹក្សាអចលនទ្រព្យ CBRE Cambodia បានចេញផ្សាយរបាយការណ៍វាយតម្លៃស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេល៣ខែដំបូង ឆ្នាំ២០២៥នេះ។
ខាងក្រោមនេះជាស្ថានភាពរបស់ផ្នែកនីមួយៗនៃទីផ្សារអចលនទ្រព្យ៖
ទី១: ផ្នែកការិយាល័យ
ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនសេវាប្រឹក្សាអចលនទ្រព្យ CBRE Cambodia បានចេញផ្សាយរបាយការណ៍វាយតម្លៃស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេល៣ខែដំបូង ឆ្នាំ២០២៥នេះ។
ខាងក្រោមនេះជាស្ថានភាពរបស់ផ្នែកនីមួយៗនៃទីផ្សារអចលនទ្រព្យ៖
ទី១: ផ្នែកការិយាល័យ
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ អត្រាគ្របដណ្តប់ការជួលការិយាល័យ(Occupancy Rate)ក្នុងរាជធានីភ្នំពេញមានចំនួន៦២,៩ភាគរយ ខណៈតម្លៃជួលជាមធ្យមមានទំហំទឹកប្រាក់២៤ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។
អគារការិយាល័យ ដែលទើបបើកដំណើរការថ្មីនៅរាជធានីភ្នំពេញរួមមាន អគារការិយាល័យកម្រិត B Norea Center ក្នុងខណ្ឌច្បារអំពៅ និងអគារ IBC Tower ក្នុងតំបន់បឹងកេងកង។
ចំណែក គម្រោងអគារការិយាល័យដែលប្រកាសត្រៀមសាងសង់ រួមមានគម្រោងអគារការិយាល័យកម្រិត C Sokha Tower ក្នុងខណ្ឌមានជ័យ និងគម្រោងអគារការិយាល័យកម្រិត B Norea Tower ក្នុងខណ្ឌច្បារអំពៅ។
ផ្ទៃក្រឡាការិយាល័យសរុបទំហំ១,៣៨លានម៉ែត្រការ៉េត្រូវបានគេរំពឹងថា នឹងចាក់បញ្ចូលទៅក្នុងទីផ្សារនៅឆ្នាំនេះ។ គិតត្រឹមត្រីមាសទី១ ការិយាល័យដែលបានបញ្ចប់ការសាងសង់រួចរាល់មានទំហំ៨២.៨០០ម៉ែត្រការ៉េ។
ការចាក់បញ្ចូលអគារការិយាល័យថ្មីៗបន្ថែមទៅកាន់ទីផ្សារនាពេលខាងមុខនឹងធ្វើឱ្យអត្រាការិយាល័យទំនេរកើនឡើងដល់៤០,៦នៅក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២៤ ដែលមានអត្រាការិយាល័យទំនេរចំនួន៣៤,៩ភាគរយ។
ក្នុងបរិបទទីផ្សារនាពេលបច្ចុប្បន្ន ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia អះអាងថា ភាគីអ្នកជួលមានប្រៀបក្នុងការចរចាលក្ខខណ្ឌ ឬតម្លៃជួលជាមួយម្ចាស់អគារ ដែលជាពេលវេលាល្អសម្រាប់អ្នកជួល។
ទី២: ផ្នែកលក់រាយ
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់ប្រហែល៥,៥ភាគរយ។រីឯ អត្រាអតិផរណាត្រូវបានគេរំពឹងទុកថា នឹងស្ថិតក្នុងរង្វង់ចំនួន២,៦ភាគរយនៅឆ្នាំ២០២៥នេះ។
អត្រាគ្របដណ្តប់ការជួលទីតាំងលក់រាយនៅរាជធានីភ្នំពេញមានចំនួន៦០,៩ភាគរយនៅត្រីមាសទី១ ខណៈតម្លៃជួលទីតាំងលក់រាយមានទំហំទឹកប្រាក់ជាមធ្យមចំនួន២២,៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។
ផ្ទៃក្រឡាទីតាំងលក់រាយសរុបទំហំ៨៦មុឺនម៉ែត្រការ៉េត្រូវបានគេរំពឹងថា នឹងចាក់បញ្ចូលទៅក្នុងទីផ្សារនៅឆ្នាំនេះ។ គិតត្រឹមត្រីមាសទី១ ទីតាំងលក់រាយ ដែលបានបញ្ចប់ការសាងសង់រួចរាល់មានទំហំ៣៤.៤០០ម៉ែត្រការ៉េ។
អត្រាគ្របដណ្តប់ការជួលទីតាំងលក់រាយនៅរាជធានីភ្នំពេញនឹងធ្លាក់ចុះមកនៅត្រឹម៥៨,៤ភាគរយនៅចុងឆ្នាំនេះ បើធៀបនឹងអត្រាគ្របដណ្តប់ការជួលទីតាំងលក់រាយនៅរាជធានីភ្នំពេញចំនួន៦១,៨ភាគរយកាលពីឆ្នាំ២០២៤។
ក្រុមហ៊ុន CBRE Cambodia បញ្ជាក់ថា បច្ចុប្បន្ន ទីតាំងលក់រាយខ្នាតតូចលក្ខណៈ Outdoor ដែលមានទីធ្លាបៃតង និងកន្លែងលេងកីឡាបានប្រែក្លាយជានិន្នាការដ៏ពេញនិយម។
ទី៣: ផ្នែកលំនៅដ្ឋាន
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា អត្រាការប្រាក់លើប្រាក់កម្ចីជាដុល្លារអាមេរិក ដែលផ្តល់ដោយធនាគារពាណិជ្ជមានអត្រា១០,៣ភាគរយ ខណៈអត្រាការប្រាក់លើប្រាក់បញ្ញើជាដុល្លារអាមេរិកមានអត្រា៥,១៨ភាគរយ។
លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលទៅកាន់ប្រទេសកម្ពុជាកាលពីឆ្នាំមុនមានទំហំទឹកប្រាក់សរុបចំនួន៤,២ពាន់លានដុល្លារ។
ទីផ្សារខុនដូនៅរាជធានីភ្នំពេញទទួលបានការផ្គត់ផ្គង់ខុនដូថ្មីចំនួន១.១០០យូនីតក្នុងត្រីមាសទី១ ខណៈខុនដូប្រណីតមានតម្លៃជាមធ្យមចំនួន២៦៤៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អគារខុនដូ ដែលបានបញ្ចប់ការសាងសង់រួចរាល់ទាំងស្រុងនៅក្នុងត្រីមាសទី១ រួមមានអគារខុនដូតម្លៃមធ្យម La Vista One។រីឯ គម្រោងអគារខុនដូ ដែលប្រកាសត្រៀមសាងសង់ រួមមានអគារខុនដូតម្លៃមធ្យម L Tower 3 និងអគារខុនដូតម្លៃសមរម្យ Piphub Thmey Condo ក្នុងខណ្ឌសែនសុខ។
ដោយឡែក ទីផ្សារលំនៅដ្ឋានជាប់ដី(Landed-housing) ឬបុរី ទទួលបានការផ្គត់ផ្គង់លំនៅដ្ឋានថ្មីចំនួន១.៤០០យូនីត ខណៈផ្ទះអាជីវកម្មមានតម្លៃជាមធ្យមចំនួន១.០៨៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។
គម្រោងបុរី ដែលបានបញ្ចប់ការសាងសង់រួចរាល់កាលពីត្រីមាសទី១ រួមមានបុរី ML Tiera និងបុរី Morgan Park Villa។រីឯ គម្រោងបុរី ដែលប្រកាសត្រៀមសាងសង់ រួមមានបុរី ML Scenery បុរី Chip Mong Grand Landmark 271 និងបុរីប៉េងហួតភូមិមរកត។
ក្រុមហ៊ុន CBRE Cambodia បានចង្អុលបង្ហាញថា ទីផ្សារលំនៅដ្ឋានកម្ពុជាបន្តជួបប្រទះអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ខណៈប្រជាជនកម្ពុជាត្រូវការលំនៅដ្ឋានតម្លៃសមរម្យជាជាងលំនៅដ្ឋានតម្លៃខ្ពស់កប់បពកនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន។
ទី៤: ផ្នែកសណ្ឋាគារ
លំហូរភ្ញៀវទេសចរណ៍បរទេសចូលមកកាន់ប្រទេសកម្ពុជាសម្រេចបានចំនួន១,២៦លាននាក់ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៥នេះ ហក់ឡើង២៧,៩ភាគរយបើធៀបនឹងរយៈពេល២ខែដំបូងដូចគ្នាកាលពីឆ្នាំមុន។
ជាមួយនឹងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ សណ្ឋាគារថ្មីចំនួនជាង៥០០បន្ទប់ត្រូវបានចាក់បញ្ចូលទៅកាន់ទីផ្សារក្នុងត្រីមាសទី១ ឆ្នាំនេះ ខណៈការស្នាក់នៅបន្ទប់សណ្ឋាគារផ្កាយ៥ នៅរាជធានីភ្នំពេញមានតម្លៃជាមធ្យមចំនួន៣២៩ដុល្លារក្នុងមួយយប់។
តម្រូវការសណ្ឋាគារត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈព្រលានយន្តហោះអន្តរជាតិតេជោគ្រោងនឹងបើកដំណើរការនៅខែកក្កដាខាងមុខ រួមជាមួយនឹងគំនិតផ្តួចផ្តើមនានារវាងរដ្ឋាភិបាលកម្ពុជាជាមួយវិស័យឯកជនក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅរាជធានីភ្នំពេញ៕