ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ជាមួយនឹងដំណឹងល្អនៃការបើកដំណើការផ្សារ MAKRO អ្នកជំនាញនានាបានលើកឡើងថា ផ្សារមួយនេះទំនងជាមិនសូវស្វាគមន៍ឬផ្តោតលើអតិថិជន ទិញទំនិញរាយនោះទេ។
ផ្សារទំនើបបោះដុំដ៏ធំរបស់ប្រទេសថៃឈ្មោះ MAKRO នឹងបើកដំណើរការនៅថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះហើយ ដើម្បីស្វាគមន៍អតិថិជននានា។ ផ្សារទំនើបដែលមានលក់ទំនិញដ៏សម្បូរបែបជាមួយមុខទំនិញចម្រុះ ១៥,០០០ ប្រភេទនេះ នឹងបើកដោយឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុនលីយ៉ុងផាត់គ្រុប ដែលមានរហ័សនាមជាស្តេចកោះកុង និងដៃគូរបស់លោក។
-->
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ផ្សារទំនើប MAKRO ជាប្រភេទផ្សារបោះដុំ និងទំនងជាមិនផ្តោតអារម្មណ៍ខ្លាំងលើអតិថិជន ទិញទំនិញរាយរងនោះទេ ព្រោះវាជាផ្សារសម្រាប់បោះទំនិញដុំ ឬអតិថិជនចែកចាយបន្ត។
អ្នកនាងបន្តថា “ខ្ញុំគិតថាវាទំនងជាមិនសូវផ្តោតលើអតិថិជនគោលដៅ ដែលជាអ្នកទិញទំនិញរាយរងនោះឡើយ ព្រោះវាជាផ្សារសម្រាប់បោះទំនិញដុំ។អ្នកនាងបន្តថា “យ៉ាងណាក៏អតិថិជនទិញទំនិញរាយ ក៏អាចទៅកាន់ផ្សារនេះនិងទិញទំនិញបានផងដែរ វាមិនមែនមានន័យថា គេមិនលក់ជូននោះទេ។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួន ស៊ីណានដែលមានបទពិសោធន៍ចេញចូលប្រទេសថៃច្រើនលើក និងយល់ដឹងពីផ្សារនេះបានយល់ស្របនឹងការលើកឡើងខាងលើ ដោយលោកបានមានប្រសាសន៍ថា “ខ្ញុំក៏គិតបែបនេះ វាទំនងជាមិនចាប់យកអតិថិជនធម្មតានោះទេ ព្រោះវាជាផ្សារដែលមានគោលដៅបោះដុំនូវមុខទំនិញ ទៅអតិថិជនលក់រាយបន្តទៀត។
ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែលមានលោក ថានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) បានកាន់កាប់ភាគហ៊ុនចំនួន៧០ភាគរយ និងក្រុមហ៊ុនលីយ៉ុងផាត់គ្រុបកាន់កាប់ភាគហ៊ុនត្រឹម៣០ភាគរយប៉ុណ្ណោះ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនទាំងពីរនេះ បានឲ្យដឹងនាព្រឹកថ្ងៃទី៨ ខែធ្នូនេះថា ផ្សារទំនើប Makroនេះ សាងសង់លើផ្ទៃដីប្រមាណជាង៥ហិកតា ដែលមានកម្ពស់២ជាន់ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងពោងពាយស្ថិតនៅភាគខាងជើងទីក្រុងភ្នំពេញ៕