តើការពន្យារពេលពន្ធបដិការរយៈពេល៩០ថ្ងៃរបស់សហរដ្ឋអាមេរិកមានន័យដូចម្តេចសម្រាប់កម្ពុជា?

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាបានព្យាយាមបញ្ចៀសភាពតានតឹងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក តាមរយៈការជ្រើសរើសយកវិធីសាស្ត្រនៃការចរចាបញ្ចុះអត្រាពន្ធលើទំនិញអាមេរិកនាំចូលមកកាន់កម្ពុជា ពីអត្រា៣៥ភាគរយមកនៅត្រឹម៥ភាគរយ។

ជាការឆ្លើយតប សហរដ្ឋអាមេរិកក្រោមរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានពន្យារពេល៩០ថ្ងៃចំពោះការដំឡើងពន្ធបដិការលើគ្រប់ប្រទេសទាំងអស់ ដោយយកអត្រាពន្ធបណ្តោះអាសន្នចំនួន១០ភាគរយក្នុងរយៈពេល៩០ថ្ងៃ។

ការពន្យារពេលនេះមានគោលដៅ ដើម្បីផ្តល់ឱកាសឱ្យបណ្តាប្រទេសនានាមកចរចាជាមួយសហរដ្ឋអាមេរិក លើកលែងតែប្រទេសចិន ដែលបានប្តេជ្ញាប្រយុទ្ធដល់ទីបញ្ចប់ក្នុងសមរភូមិសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងវ៉ាសុីនតោន។

ក្រុមអ្នកវិភាគបានចាត់ទុកការកាត់បន្ថយពន្ធគយរបស់កម្ពុជាថា ជាគោលជំហរច្បាស់លាស់ក្នុងការបញ្ចៀសភាពតានតឹងពាណិជ្ជកម្ម និងបង្ហាញ​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​ចរចា និង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែ​ប្រសើរ​ជាមួយ​សហរដ្ឋ​អាមេរិក។

ក្រុមអ្នកវិភាគបានជំរុញឱ្យកម្ពុជាលុបចោលពន្ធទាំងស្រុងលើការនាំចូលរថយន្តពីសហរដ្ឋអាមេរិក ដែលត្រូវបានគេមើលឃើញថា ជាអាទិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

អ្នកស្រាវជ្រាវមួយរូបនៅវេទិកាអនាគត (The Future Forum) បានអះអាងថា ការពន្យាររយៈពេល៩០ថ្ងៃបានផ្តល់ឱកាសសម្រាប់ក្រុមមន្ត្រីចរចា និងមន្ត្រីរៀបចំផែនការរបស់កម្ពុជា ក្នុងការចូលរួមជាមួយក្រុមការងារចរចារបស់លោក ត្រាំ និងបង្កើតយុទ្ធសាស្ត្រអន្តរាគមន៍ផ្នែកសារពើពន្ធ និងសេដ្ឋកិច្ចក្នុងស្រុក។

យ៉ាង​ណា​មិញ នៅ​ក្នុង​រយៈ​ពេល​ខ្លី កម្ពុជា​មាន​ជម្រើស​តិច​តួច​ប៉ុណ្ណោះ។ដូច្នេះ កម្ពុជាត្រូវធ្វើតាម​​ការ​ទាមទារ​ចង់បានរបស់​សហរដ្ឋ​អាមេរិក។

បច្ចុប្បន្ន ថ្នាក់ដឹកនាំជំនាន់ថ្មីនៃរាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមសម្រេចបានវិបុលភាពសេដ្ឋកិច្ចតាមរយៈការបញ្ចេញស្នាដៃ និងលទ្ធផលការងារជាក់ស្តែងជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

កម្ពុជាក៏គួរតែសហការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មរយៈពេលវែង ដូចជាការកាត់បន្ថយហានិភ័យពីប្រទេសមហាអំណាចធំៗ ដូចជាសហរដ្ឋអាមេរិក និងចិន តាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញ និងការបង្កើនទំហំដោះដូរពាណិជ្ជកម្មក្នុងតំបន់អាស៊ាន៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here