ដោយ ៖ ដួង ចន្ទ្រា
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដាបានឲ្យដឹងថា ការបង់ពន្ធអចលនទ្រព្យឆ្នាំ២០១៧នេះ សម្រេចបានកំណើន៩ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បានថ្លែងឲ្យដឹងតាមបទសម្ភាសន៍នាព្រឹកថ្ងៃទី១២ ខែធ្នូ នេះថា ការបង់ពន្ធអចលនទ្រព្យកើនឡើងនេះ ដោយសារសកម្មភាពនៃការទិញលក់ដី និងសកម្មភាពសាងសង់នានាកើនឡើង ប៉ុន្តែប្រជាជនមិនទាន់យល់ដឹងពីការបង់ពន្ធនេះឲ្យបានទូលំទូលាយនៅឡើយទេ ហើយរហូតមកទល់ពេលនេះ មានអចលនទ្រព្យប្រមាណ៧៥ភាគរយ នៃអចលនទ្រព្យដែលត្រូវបង់ពន្ធសរុបប៉ុណ្ណោះបានចូលទៅបង់ពន្ធ។
-->

លោកបន្តថា អចលនទ្រព្យនៅតាមបណ្តាខណ្ឌទាំង១២ ក្នុងក្រុងភ្នំពេញនិងអចលនទ្រព្យនៅតាមទីរួមខេត្តនានា បានជាប់ពន្ធទាំងអស់ ប៉ុន្តែអចលនទ្រ ព្យនៅតាមបណ្តាស្រុក ក្រុងទាំងនោះនៅមិនទាន់មានការបង់នៅឡើយទេ។
តាមរយៈនៃកិច្ចសម្ភាសន៍ខាងលើនេះ ក៏បញ្ជាក់ឱ្យដឹងផងដែរថា យ៉ាងយូរបំផុតនៅត្រឹមដើមឆ្នាំ2018ខាងមុខ ការអនុវត្តគោលការណ៍បងពន្ធទៅលើអចលនទ្រព្យនឹងត្រូវចាប់ផ្តើមបើទោះជាម្ចាស់អចលទ្រព្យមិនបានមកធ្វើការចុះបញ្ជីពន្ធក៏ដោយ។
លោក គង់ វិបុល បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖ « ចាប់ពីដើមឆ្នាំ2018 ទៅ យើងមាននឹងមានមន្ដ្រីជាប់កិច្ចសន្យាចំនួន 100នាក់ ដើម្បីចុះធ្វើការងារនេះទៅដល់មូលដ្ឋានដែលជាប់ពាក់ព័ន្ធ (ចុះទៅដល់ផ្ទះ) ។ នៅពេលមន្ត្រីការងារចុះពិនិត្យឃើញថា ម្ចាស់អចលនទ្រព្យបានអនុវត្តតាមច្បាប់ត្រឹមត្រូវ នោះគឺជារឿងប្រសើរដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ប៉ុន្តែបើពិនិតឃើញថា ម្ចាស់មិនទាន់ចុះបញ្ជី ឬមិនធ្លាប់បង់ពន្ធ នោះមន្ត្រីនឹងជួយបំពេញលិខិតបែបបទនៃការបង់ពន្ធភ្លាមៗតែម្ដង។ ម្យ៉ាងទៀតក្នុងលក្ខខណ្ឌ ម្ចាស់អចលនទ្រព្យមិនធ្លាប់បងពន្ធ ខណៈដែលទ្រព្យអចលនទ្រព្យរបស់ខ្លួនស្ថិតក្នុងកម្រិតត្រូវបង់ពន្ធ នោះម្ចាស់នឹងត្រូវអនុវត្តតាមច្បាប់ ដែលតម្រូវឱ្យបង់ពន្ធ រួមជាមួយនឹងការទទួលពិន័យទៅតាមចំនួនឆ្នាំដែលអាក់ខាន ព្រមទាំងអនុវត្តលើការបង់ការប្រាក់ផងដែរ » ។
លោក គង់ វិបុល បានបន្តទៀតថា ការបង់ពន្ធអចលនទ្រព្យ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងនានា អាចបង់ពន្ធតាមរយៈទូរស័ព្ទដៃបាន ព្រោះអគ្គនាយកដ្ឋានពន្ធដាបានធ្វើកំណែទម្រង់ច្រើន ដើម្បីឲ្យប្រជាពលរដ្ឋមិនខាតពេលវេលា និងជួយសម្រួលដល់ការងារប្រមូលពន្ធឲ្យកាន់តែមានប្រសិទ្ឋភាពខ្ពស់។ ទោះជាយ៉ាងណា លោក គង់ វិបុល មិនបញ្ជាក់ដឹងឲ្យពីចំនួនទឹកប្រាក់សរុបដែលប្រមូលបានពីការបង់ពន្ធលើអចលនទ្រព្យទាំងអស់នោះនៅឡើយទេ៕