ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការអនុវត្តការចុះបញ្ជីរួមជាកញ្ចប់ បានជួយសម្រួលដល់ធុរជន តាមរយៈការកាត់បន្ថយចំណាយប្រមាណ៤០% និងថេរៈវេលាមកត្រឹម៨ថ្ងៃ នៃថ្ងៃធ្វើការ។
-->
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកគង់ ម៉ារីបានលើកឡើងក្នុងពិធីនាព្រឹកថ្ងៃទី២៣ មេសាបានមានប្រសាសន៍ឲ្យដឹងបែបនេះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៥ ក្នុងពេលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវយុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិកត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨ ដើម្បីពង្រឹង និងកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃវិស័យនេះ ឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាកម្ម។
លោកបន្តាថា ក្នុងរយៈពេលជាង ៤ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់ការធ្វើឌីជីថលលូបនីយកម្ម សេវាសាធារណៈ សំដៅបង្ករបរិយាកាស អំណោយផលដល់ការធ្វើធុរកិច្ចនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។
លោកបញ្ជាក់ថា នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួង រៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងបានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(OBR) ដំណាក់កាលទី១ នៅឆ្នាំ២០២០ ដោយផ្ដោតលើការចុះបញ្ជីអាជីវកម្មជាកញ្ចប់ និងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP)។
បន្ទាប់ពីការអនុវត្តនូវដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានបន្តពង្រីកវិសាលភាពនៃ ថ្នាលនេះជាបន្តបន្ទាប់ក្នុងដំណាក់កាលទី២ និងទី៣ ដែលបានគ្របដណ្ដប់ដល់ការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត និងវិញ្ញបនបត្រជំនាញតាមវិស័យ ផ្អែកតាមសកម្មភាពអាជីវកម្មរបស់សហគ្រាស ដែលមានការចូលរួមពីក្រសួងស្ថាប័នចំនួន ២១។
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា បច្ចេកវិទ្យា ឌីជីថលបានចាក់ស្រេះ គ្រប់សកម្មភាពសង្គមសេដ្ឋកិច្ច ហើយបានក្លាយជាកត្តាលីករ ក្នុងការជំរុញកំណើន និងការពង្រឹងភាពធន់ នៃសេដ្ឋកិច្ច ដែលមិនអាចមើលរំលងបាន។
លោកបញ្ជាក់ថា “សម្រាប់វិស័យឯកជនការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលគឺជាឧត្តមភាពមួយថ្មី ដែលជួយលើកកម្ពស់ប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ”។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា ចំពោះវិស័យសារធារណៈ បច្ចេកវិទ្យាឌីជីថល ក៏បាននឹងកំពុងដើរតួនាទីជាគន្លឹះយ៉ាងសំខាន់ ក្នុងការជំរុញការកែទម្រង់នានានៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈសម្រាប់ធុរកិច្ច ដើម្បីកាត់បន្ថយភាពស្មុគស្មាញ នៃការិយាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ពង្រឹង អនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន និងធុរជន។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ការអភិវឌ្ឍន៍វិស័យឌីថលនៅកម្ពុជា ត្រូវបានចាត់ទុកជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។
គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ សហគ្រាសចំនួន ៤២ ពាន់បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធOBR ជាមួយដើមទុនវិនិយោគសរុប ១៥,៦ ពាន់លានដុល្លារ។
អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រជំនាញតាមវិស័យសរុបចំនួន២៨ពាន់ ត្រូវបានអនុម័តដោយក្រសួងស្ថាប័នជំនាញ នៅក្នុងប្រព័ន្ធអេកូឡូស៊ី ដែលកំពុងមានប្រតិបត្តិការលើថ្នាលCamDx៕