ដោយៈ ម៉ាណា
តាកែវៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅពេលខាងមុខក្រុងដូនកែវ នៃខេត្ដតាកែវ អាចនឹងរីកចម្រើនខ្លាំង និងរីកកាន់តែទៅកៀករាជធានីភ្នំពេញ បន្ទាប់ពីវត្ដមានគម្រោងព្រែកជីកហ្វូណនតេជោ និងព្រលានយន្ដហោះអន្ដរជាតិតេជោ លេចរូបរាងឡើង។
វត្តមានហេដ្ឋារចនាសម្ព័ន្ឋធំៗទាំងពីរនេះ នឹងធ្វើឲ្យមនុស្សមានការកើនឡើង ហើយអាចនឹងនាំគ្នាស្វែងរកទិញផ្ទះ នៅតំបន់ក្រុងដូនកែវសម្រាប់រស់នៅ និងងាយស្រួលធ្វើដំណើរ ទៅធ្វើការនៅតំបន់ព្រលានយន្ដហោះវិញ។
-->
សម្តេចធិបតីហ៊ុន ម៉ាណែតបានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការផ្លូវការផ្លូវជាតិលេខ៣១ ៣៣ និង៤១ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅខេត្ដតាកែវ។

សម្ដេចបានបញ្ជាក់ថា “ខេត្ដតាកែវ ក្រុងដូនកែវ រីកតភ្ជាប់ មិនយូរមិនឆាប់អាចកៀកទៅដល់ភ្នំពេញ។ ព្រោះឥឡូវផ្លូវជាតិលេខ២ ព្រែកជីកហ្វូណន តេជោធ្វើនៅតាមហ្នឹង បន្ដិចទៀតតំបន់សេដ្ឋកិច្ចពិសេសកាន់តែកើន”។ សម្តេចបន្ថែមថា “ព្រលានយន្ដហោះធំនៅខេត្ដកណ្ដាល ជាប់ខេត្ដតាកែវ អ៊ីចឹងបន្ដិចទៀត មនុស្សនៅហ្នឹងកាន់តែច្រើន តម្លៃផ្ទះកាន់តែថ្លៃ មនុស្សទៅទិញផ្ទះនៅដូនកែវមិនថោកជាង ធ្វើដំណើរតែកន្លះម៉ោងទៅធ្វើការ។ អ៊ីចឹងបន្ដិចទៀត ដូនកែវក៏អាចមានផ្ទះច្រើនជាន់តទៅទៀតដែរ”។
សម្ដេចមហាបរធិបតីបានបន្ដថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញក៏កាន់តែរីកទៅទិសខាងកើតដែរ។ ហើយបើប្រៀបធៀបក្នុងការធ្វើដំណើរ ពីក្រុងដូនកែវទៅព្រលានយន្ដហោះថ្មី អាចនឹងប្រើពេលវេលាតិចជាងពីភ្នំពេញមកផង។
សម្ដេចលើកឧទាហរណ៍ថា “ជូនកាលធ្វើដំណើរពីតំបន់ច្បារអំពៅទៅព្រលានយន្ដហោះ អាចនឹងប្រើពេលលើស១ម៉ោង ប្រសិនបើស្ទះចរាចរណ៍”។ សម្តេចបន្តថា “ខ្ញុំធ្លាប់ហើយ ជិះពីកំពង់សោមទៅដល់ចោមដៅ២ម៉ោងកន្លះ ជិះពីចោមចៅទៅទួលគោក៣ម៉ោង”។
គម្រោងព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលជាគម្រោងព្រលានយន្ដធំជាងគេនៅកម្ពុជា គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងកក្កដាខាងមុខ។ ខណៈព្រលានយន្ដហោះនេះ ត្រូវបានសាងសង់លើផ្ទះដី២៦០០ហិកតា ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្ដតាកែវផងដែរ។
ដោយឡែក ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយរំពឹងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខនេះ៕
