ដោយៈ គង់ សូរិយា
ភ្នំពេញៈ សមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា បាននិងកំពុងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងចូលរួមទាក់ទាញអ្នកធុរកិច្ចចិន មកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើន។
ព័ត៌មាននេះ ត្រូវបានបង្ហាញក្នុងពេលលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធជាផ្លូវការសមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្យ។
-->

លោកបន្តថា “សមាគមនេះនឹងមានបេសកកម្ម រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរធុរជន និងវិនិយោគិនមកពីខេត្តហ៊ូប៉ី ក៏ដូចជា ខេត្តផ្សេងៗទៀតនៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា”។
លោកអគ្គលេខាធិការបានលើកឡើង ពីចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ហើយដែលបច្ចុប្បន្ន កម្ពុជា-ចិន បានឈានដល់កម្រិត ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ ដែលជាក្របខណ្ឌកិច្ចសហប្រតិបត្តិការកម្រិតកំពូលមួយ។

ជាមួយគ្នានេះ លោកជា វុទ្ឋីបានជម្រាបជូនអង្គពិធីពីស្ថានភាពល្អប្រសើរនៃការវិនិយោគនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុគក្នុងឆ្នាំ២០២៤ និងក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ បានលើកទឹកចិត្តដល់សមាគម ក្នុងការបន្តចែករំលែកនូវបទពិសោធន៍ជោគជ័យ របស់បណ្តាក្រុមហ៊ុនមកខេត្តហ៊ូប៉ីដែលបានវិនិយោគនៅកម្ពុជា កន្លងមកឱ្យបានទូលំទូលាយ ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ដែលពោរពេញទៅដោយថាមវន្ត និងភាពប្រកួតប្រជែងខ្ពស់។
លោកអគ្គលេខាធិការបានអំពាវនាវ ដល់វិនិយោគិនចិនដទៃទៀតដែលមិនទាន់មកកម្ពុជា សូមអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្ត ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការ ដ៏ស្អិតល្មួតនៃប្រទេសទាំងពីរកម្ពុជា-ចិន៕
