ដោយៈ គង់ សូរិយា
តូក្យូៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានអនុញ្ញាតឱ្យលោកTAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួប ប្រធានសមាគមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និង គណៈប្រតិភូសមាគម ចូលជួបសម្តែងការគួរសម។
-->
លោកប្រធានសមាគម បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាព និងវឌ្ឍនភាពរបស់សមាគមដែលបច្ចុប្បន្ននេះ ចំនួនសមាជិកសមាគម មានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អប្រសើរ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុន សំដៅពង្រីកការវិនិយោគនៅកម្ពុជា។
លោកបន្តថា ក្នុងឆ្នាំ២០២៥នេះ សមាគមនឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ លោកប្រធានសមាគមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ សម្របសម្រួល និងគាំទ្រសកម្មភាពការងាររបស់សមាគម ជាពិសេសការជំរុញ និងពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគម ដៃគូ និងភាគីពាក់ព័ន្ធនានានៅកម្ពុជា។
ប្រធានសមាគមរូបនេះ ក៏បានគោរពជម្រាបជូនអំពីផែនការសកម្មភាពសំខាន់ៗចំនួន៣របស់សមាគម រួមមាន ១. ការជំរុញសហគ្រាសធុនតូច និងមធ្យម (SMEs) និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅកម្ពុជា ២. ការជំរុញការវិនិយោគ លើវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម (Agro-Processing) និង៣. ការជំរុញការវិនិយោគ លើសួនឧស្សាហកម្មឌីជីថលនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបប្រធានសមាគមសាជាថ្មី និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសកម្មភាពការងាររបស់សមាគម។
សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជាថ្មី អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមប្រភេទឧស្សាហកម្ម និងតាមប្រទេសជាក់លាក់ ជាពិសេស ការរៀបចំយន្តការ តំបន់សេដ្ឋកិច្ចពិសេស សម្រាប់សហគ្រាស និង ប្រទេសជប៉ុន។
ចំណែកការជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សម្ដេចបវរធិបតីបានលើកទឹកចិត្ត ដល់សមាគមឱ្យពិនិត្យលទ្ធភាពក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស ដាច់ដោយឡែកនៅកម្ពុជា (Exclusive Special Economic Zone – ESEZ) សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ដោយសម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការគាំទ្រចំពោះការដំណើរការ ESEZ នេះ៕
