ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករដ្ឋ សារ៉ាវុធបានរំលេចមូលហេតុធំៗចំនួន៥ ជូនវិនិយោគិន និងធុរជនកាណាដា ដើម្បីពង្រីកវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-កាណាដា។
ក្នុងវេទិការធុរកិច្ចកាលពីសប្តាហ៍មុន លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមជាគណៈអធិបតី និងធ្វើជាវាគ្មិន ក្នុងកម្មពិធីពេញអង្គរបស់ក្រុមការងារ បេកកម្មពាណិជ្ជកម្មកាណាដា ដែលរៀបចំដោយស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពរបស់លោក សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងមលោកជំទាវ Sara Wilshaw ឧបការីជាន់ខ្ពស់ របស់អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ និងជាស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា។
-->
កម្មវិធីដ៏សំខាន់នេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកាណាដានៅកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន វិស័យឯកជនកាណាដា និងកម្ពុជា និងមន្ត្រីជំនាញជាច្រើនរូប និងត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចកម្ពុជា និងកាណាដា។
ថ្លែងក្នុងវគ្គពិភាក្សាវាគ្មិន លោករដ្ឋលេខាធិការ បានចែករំលែកពីវឌ្ឍនភាពសំខាន់ៗនៃពាណិជ្ជកម្មកម្ពុជា ព្រមទាំងបានរំលេចជូនអង្គកម្មវិធីទាំងមូលអំពីចំណុចសក្តានុពលចំនួន៥ ដែលវិនិយោគិនកាណាដាអាចពិចារណា សម្រាប់ពង្រីកការធ្វើវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ដែលរួមមាន៖ (១) ទីតាំងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងលំហូរវិនិយោគនិងពាណិជ្ជម្មក្នុងតំបន់ (២) ការធានាដោយបទប្បញ្ញត្តិច្បាប់រឹងមាំ(៣) ច្រកទីផ្សារនាំចេញអនុគ្រោះ និងទូលំទូលាយ(៤) សក្តានុពលកម្លាំងពលកម្មធៀបនឹងប្រទេសដទៃ និង(៥) ភាពកាន់តែប្រសើរឡើងនៃប្រព័ន្ធឡូហ្សីស្ទីក និងកិច្ចសម្រួលពាណិជ្ជកម្មកម្ពុជា។
លោករដ្ឋ សារ៉ាវុធបានជំរុញអ្នកវិនិយោគិនកាណាដា ឱ្យទាញអត្ថប្រយោជន៍ជាអតិបរិមា ពីដំណើរបេសកម្មពាណិជ្ជកម្មនេះ ពិសេសការស្វែងរកដៃគូសហការ ក្នុងស្រុកដែលមានសក្តានុពល ដើម្បីធ្វើការវិនិយោគ ក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនឹងបន្តសហការជាមួយគ្រប់ភាគី ដើម្បីបន្តគាំទ្រ និងជួយដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលធុរជន និងវិនិយោគិន ក្នុងស្រុក និងបរទេស រួមទាំងកាណាដា បាននិងកំពុងជួបប្រទះក្នុងការធ្វើវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា៕
