អភិបាលខេត្តព្រះសីហនុស្វាគមន៍និងធានាសុវត្ថិភាពអ្នកវិនិយោគ ដល់សមាជិកមកពីRECEP

0

ដោយៈ គង់ សូរិយា

ប្រទេសចិនៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានស្វាគមន៍ និងធានាសុវត្ថិភាពអ្នកវិនិយោគដល់អ្នកធុរកិច្ចមកពីបណ្តាប្រទេសជាសមាជិកRCEP។

លោកបានថ្លែងបែបនេះ កាលពីល្ងាចថ្ងៃទី៥ មិថុនា ក្នុងឱកាសលោកអភិបាល បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា រវាងអ្នកវិនិយោ​គចិនក្រៅប្រទេស និងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។

-->

លោកអភិបាលខេត្ត បានធ្វើបទអន្តរាគមន៍ អំពីស្ថានភាពភូមិសា​ស្រ្ត ប្រជាសាស្ត្រ សក្តានុពល និងឱកាសវិនិយោគ នៅក្នុងខេត្តព្រះសីហនុ ជូនទៅដល់អ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមា​ជិក RCEP ក្នុងវេទិកា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកម៉ាង ស៊ីណេតសូមស្វា​គមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃ របស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេសការវិនិយោគនៅខេត្តព្រះសីហនុ។

លោកក៏បានអញ្ជើញ ធុរជន និងវិនិយោគិន នៃប្រទេសជាសមាជិកRCEP និងបណ្តាប្រទេសផ្សេងៗទៀត មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។

លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា “រដ្ឋបាលខេត្តធានាជូនអ្នកវិនិយោគនូវការសម្របសម្រួលនីតិវិធី និងការផ្តល់សេវាសាធារណៈស្របតាមច្បាប់ ឱ្យបានឆាប់រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ការលើកទឹកចិត្ត ការធានា និងការការពារវិនិយោគ ដោយធានាសន្តិសុខ និងសុវត្ថិភាពជាចម្បង”។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៏បានលើកពីទស្សនៈ និងគោលដៅរបស់ខេត្តគឺ “ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់យើងខ្ញុំ”។

លោកបានបង្ហាញសុទិដ្ឋិនិយមថា វេទិកានេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងទាក់ទាញដល់ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន និងប្រទេសជាសមាជិកRCEP ទាំងអស់ក្នុងការសម្រេចចិត្ត មកបណ្ដាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា៕