ដោយៈ ម៉ាល័យ
ប្រទេសចិនៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានស្នើចំនួន៤ចំណុច ដល់អភិបាលខេត្តជាំង ស៊ូជួយជម្រុញការវិនិយោគ និងជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុនាពេលខាងមុខ។
សំណើរនេះបានធ្វើឡើងនៅពេលលោកម៉ាង ស៊ីណេត បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ឺ ឃុនលីន (XU KUNLIN)អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។
-->
ជាកិច្ចចាប់ផ្តើម លោកស៊ឺ ឃុនលីន អភិបាលខេត្តជាំងស៊ូ បានសំដែងនូវការអបអរស្វាគមន៍ ចំពោះវត្តមានរបស់គណៈប្រតិភូខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត។

លោកអភិបាលខេត្តជាំងស៊ូ ក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តជាំងស៊ូ ដែលជាខេត្តមួយ ដែលមានការអភិវឌ្ឍខ្លាំង លើវិស័យឧស្សាហកម្ម ការផលិត និងបច្ចេកវិទ្យា។
ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា និងចិន បានបង្កើតជាផ្លូវការក្នុងឆ្នាំ១៩៥៨ គិតមកដល់ឆ្នាំនេះមាន រយៈពេល៦៧ឆ្នាំហើយ ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នា យ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមក។
ទំនាក់ទំនងនេះជាទំនាក់ទំនង (មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ) ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាង យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបច្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ “ខ្សែក្រវាត់ និងផ្លូវ” របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។
ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន ខេត្តព្រះសីហនុ បានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត -ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិនចំនួន២០ ក្នុងនោះរួមទាំងខេត្តជាំងស៊ូ និងក្រុងអ៊ូស៊ីផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកម៉ាង ស៊ីណេត ក៏បានពាំនាំមកនូវផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះឯកឧត្តម ស៊ឺ ឃុនលីន និងថ្នាក់ដឹកនាំខេត្តជាំងស៊ូផងដែរ។
បន្ថែមពីលើនេះទៀត ដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការខេត្តទាំងពីរ លោកអភិបាលខេត្តបានសំណូមពរ ដល់ឯកឧត្តមអភិបាលខេត្តជាំងស៊ូ ជួយលើកិច្ចការមួយចំនួនដូចជា ១-ជំរុញអ្នកវិនិយោគនៅខេត្តជាំងស៊ូ ឱ្យសម្រេចចិត្តទៅបណ្តាក់ទុនវិនិយោគ កាន់តែច្រើនថែមទៀតនៅខេត្តព្រះសីហនុ។
ទី២ បង្កើនចំនួនជើងហោះហើរត្រង់ពីខេត្តជាំងស៊ូ- ក្រុងវូស៊ីទៅកាន់ខេត្តព្រះសីហនុ ឬមកខេត្តជាំងស៊ូវិញ ដើម្បីផ្តល់ឱកាសដល់អ្នកវិនិយោគ និងភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ត ឬទៅបំពេញធុរកិច្ចនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត។
ទី៣-ស្នើសុំជួយសាងសង់អគារសិក្សា ចំនួន១ខ្នង៣ជាន់ស្មើ ១៨បន្ទប់ នៅសាលាបឋមសិក្សា- អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ដើម្បីបំពេញតម្រូវការចាំបាច់ ក្នុងការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងកូនចៅបងប្អូនកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
៤-ស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា សម្រាប់និស្សិតនៅខេត្តព្រះសីហនុ បានមកបន្តការសិក្សា នៅខេត្តជាំងស៊ូ។
ជាការឆ្លើយតប លោកស៊ឺ ឃុនលីន បានទទួលយកសំណើទាំង៤ចំណុចរបស់អភិបាលខេត្តព្រះសីហនុ។
បន្ថែមពីលើនេះទៀត លោកស៊ឺ ឃុនលីន អភិបាលខេត្តជាំងស៊ូ ក៏បានបញ្ជាក់ថា លោកបានណែនាំដល់មន្ទីរ ពាណិជ្ជកម្មខេត្តជាំងស៊ូ ឱ្យដឹកនាំប្រតិភូអ្នកវិនិយោគចិនចំនួន៥០ក្រុមហ៊ុន ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីឱកាស វិនិយោគនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះផងដែរ៕
