កម្ពុជារកចំណូលបានជាង៣៦០០លានដុល្លារពីការនាំចេញទៅកាន់ប្រទេសជាសមាជិក RCEP

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ​កម្ពុជារកបានប្រាក់ចំណូល បានចំនួន៣៦០០លានដុល្លារ​ទៅ​បណ្តា​​ប្រទេសជា​​សមាជិក នៃ​​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) នារយៈពេល៤ខែ​ដើមឆ្នាំ២០២៥នេះ កើនឡើងជិត៨ភាគរយធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន។

RCEP គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​​ (FTA) ដែល​​ផ្តួច​ផ្តើមឡើង​ដោយប្រទេស​​​សមាជិ​ក​​អាស៊ានទាំង១០។ បច្ចុប្បន្ន RCEP មាន​សមាជិក​ចំនួន១៥ប្រទេស ក្នុង​នោះ​១០​ប្រទេស គឺ​ជា​​សមាជិក​អាស៊ាន ​និង​ចំនួន​ ៥ ផ្សេង​ទៀត​រួម​មាន​ ប្រទេស​ចិន ជប៉ុន ​កូរ៉េ​ខាង​ត្បូង​ អូស្ត្រាលី និង​​នូវែល​សេឡង់។

យោងតាមទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម ​បាន​បង្ហាញ​ថា ចន្លោះ​ពី​​ខែ​មករា -​មេសា​ ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​​ទំនិញ​ទៅ​ទីផ្សារ​​បណ្តា​ប្រទេស​​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង RCEP ក្នុង​ទឹក​ប្រាក់​ជិត​៣,​៦២​​ពាន់​លាន​ដុល្លារ​ កើន​ឡើង៧,៦​ភាគ​រយ ​បើធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៤។ ប្រទេស​សមាជិក RCEP ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាង​គេ រួម​មាន វៀតណាម ចិន ជប៉ុន ថៃ និង​កូរ៉េខាងត្បូង។

ទន្ទឹមនឹង​ការ​​នាំ​ចេញខាងលើ​ កម្ពុជា​ក៏​បាន​នាំ​ចូល​ទំនិញ​ពី​បណ្តា​ប្រទេស​នៃ​​កិច្ច​ប្រម​ព្រៀងRCEP ក្នុង​ទឹក​ប្រាក់​ប្រមាណ៩,​៣១ពាន់លានដុល្លារ កើនឡើង១៨,៨៥​ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ ដែលមាន៦,៨៣ពាន់លានដុល្លារ។ នេះ​បើ​​តាម​ក្រសួងពាណិជ្ជកម្ម​។​​

ផ្អែក​តាម​​ទិន្នន័យ​​ខាង​លើ ​គឺរយៈពេល៤ខែដើម​ឆ្នាំ ​២០២៥ ​ការ​នាំចេញ នាំចូល​ទំនិញ​​រវាង​កម្ពុជា​ ជា​មួយ​​ប្រទេស​សមា​ជិក​ RCEP មាន​ទឹក​ប្រាក់​សរុប១២,៩៣ ពាន់​លាន​ដុល្លារ​ កើន១៥,​៤៧ភាគរយ ឬស្មើ​​ ៦៦​ភាគរយ​នៃទំហំពាណិជ្ជកម្មអន្តរជាតិ របស់កម្ពុជា​​រយៈ​ពេល ៤​ខែ ដែលមាន១៩,៥ពាន់លានដុល្លារ​។​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បានមានប្រសាសន៍ថា ទោះចំនួន​ទឹក​ប្រាក់​​នាំ​ចេញ​ទំនិញ​​កម្ពុជា ​ទៅ​បណ្តា​ប្រទេស​ RECP ​កើន​ឡើងជា​បន្ត​បន្ទាប់ក្នុង​រយៈ​ពេល​ ២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​បើ​ធៀប​​នឹងចំនួន​ទឹក​ប្រាក់​នាំ​ទំនិញ ​ទៅ​​ទីផ្សារ​ប្រទេស​នៅ​អាមេរិក​ខាង​ជើង (សហរដ្ឋ​អាមេរិក-កាណាដា) និង​សហគមន៍​អឺរ៉ុប គឺ​នៅ​មាន​បរិមាណ​តិចតួច​​​នៅ​ឡើយ​។

លោកបន្តថា មូល​ហេតុ​ដែល​ការ​នាំ​ចេញ​ទៅ RCEP មាន​ចំនួន​តិច គឺ​ដោយ​សារ​​មុខទំនិញ​របស់​បណ្តា​ប្រទេស ​ក្នុង​តំបន់អាស៊ាន​ទាំង ១០ ប្រហាក់​ប្រហែល​គ្នា​”។

លោក​បន្ត​ថា កម្ពុជា​អាច​​ពង្រីក​ការ​នាំ​ចេញ​ទៅ​នានា ​លើ​ពិភពលោក ជា​ពិសេស​​RCEP បានកាន់​តែ​ច្រើន ប្រសិន​បើ​​អាច​ទាក់​ទាញ​វិនិយោគិន​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់ ​លើ​រោងចក្រ​ផលិត​គ្រឿង​បង្គុំ ដំឡើង​រថយន្ត ផលិត​បន្ទះឈីប ឬ​គ្រឿង​យន្ត​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើបៗ ខណៈ​នៅ​ពេល​នេះ​​ផលិត​ផល​ឧស្សាហកម្ម​នាំ​ចេញ​របស់​កម្ពុជា មាន​ភាគ​​ច្រើនស្ថិត​ក្នុង​វិស័យ​​វាយនភណ្ឌ​ តែ​ប៉ុណ្ណោះ។

ចំណែកអ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម ​លោក ប៉ែន សុវិជាតិ បាននិយាយ​ថា បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង RCEP ​ចូល​ជា​ធរមានកាល​ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២២(ដំណាលគ្នាជា​មួយ​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន) វា​បាន​នាំ​មក​នូវ​ផល​វិជ្ជមាន​ជា​ច្រើន ​សម្រាប់​ទីផ្សារ​នាំ​ចេញ​​​កម្ពុជា។ កិច្ច​ព្រម​ព្រៀងRCEP បាន​អត្ថ​ប្រយោជន៍​ដល​​ប្រទេស​ហត្ថលេខី​ទាំង​អស់ ​នូវ​ការ​​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​ផ្សេងៗ ការ​ផ្ទេរ​បច្ចេក​វិទ្យា ការ​អភិវឌ្ឍ​សមត្ថភាពធនធាន​មនុស្ស​ និង​ឱកាស​ការងា​រ​​ដែល​ជំរុញ​ដោយ​ការ​វិនិ​យោគ​ផ្ទាល់​ពី​បរទេស​(FDI)។

លោក​ថ្លែងបញ្ជាក់ថា​ “​ការ​ចូល​ជា​ធរមាន​របស់​កិច្ច​ព្រម​ព្រៀង​RCEP នៅ​ឆ្នាំ​២០២២ បាន​ក្លាយ​ជា​កត្តា​ជំរុញ​ថ្មី​មួយ ​សម្រាប់​កំណើន​ការ​នាំ​ចេញ​រយៈ​ពេល​វែង​របស់​កម្ពុជា ខណៈ​ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ វា​បាន​ជួយ​​​កាត់​បន្ថយ​ពន្ធ​មួយ​ចំនួន ​ដែល​អាច​ឱ្យ​កម្ពុជា​ទាញ​យក​ឱកាស​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​​ទំនិញ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here