ដោយៈ គង់ សូរិយា
ស្វាយរៀងៈ ជាដំណឹងរីករាយមួយ ក្រុមហ៊ុនYUNYA Hotel Co.,Ltd ដែលមានលោក SHEN LeiLei ជាតំណាងមកពីខេត្តជើជាំង សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចបោះទុនសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ជាលើកដំបូងនៅក្រុងបាវិត ខេត្តស្វាយរៀង។
ព័ត៌មាននេះ ត្រូវបានលើកឡើង ដោយលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។
-->
លោកបានឱ្យដឹងថា សណ្ឋាគារលំដាប់ផ្កាយ៥ ក្រោមទុនវិនិយោគជាង៦០លានដុល្លារ នឹងលេចរូបរាងនៅទឹកដីក្រុងបាវិត នាពេលឆាប់ៗខាងមុខនេះ។
ការបញ្ជាក់របស់លោកបានធ្វើឡើង ក្នុងឱកាសដែលលោក តំណាងឱ្យលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចុះពិនិត្យទីតាំងគម្រោងស្នើសុំវិនិយោគសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ របស់ក្រុមហ៊ុនYUNYA Hotel Co.,Ltd ក្រោមទុនវិនិយោគជាង៦០លានដុល្លារ។

កម្មវុធីនេះក៏មានការអញ្ជើញចូលរួម ពីក្រុមការងារអន្តរក្រសួងដឹកនាំដោយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង នៃគណ:កម្មាធិការវិនិយោគកម្ពុជាផងដែរ។
លោកសរ សុដានី បានថ្លែងថា បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក ប៉េង ពោធិ៍សា គម្រោងវិនិយោគជាច្រើន កំពុងកើនឡើងជាបន្តបន្ទាប់។ ជាមួយគ្នានេះ គម្រោងវិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ មាន២៨០បន្ទប់ ៧០វីឡា មានភោជនីយដ្ឋាន ស្ទីមសូណា ផ្សារទំនើប និងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះនៅលើទឹកដី ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
លោកបានបញ្ជាក់ថា តាមរយៈគម្រោងវិនិយោគនេះ អាចបង្កើតឱកាសការងារជូនបងប្អូន ប្រជាពលរដ្ឋជាង៥០០កន្លែង ហើយនេះជាការរួមចំណែកយ៉ាងធំធេង ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕
