តើសេដ្ឋកិច្ចកម្ពុជាប្រឈមបញ្ហាអ្វីខ្លះបានជាធនាគារពិភពលោកព្យាករណ៍ទម្លាក់កំណើន?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្នុងរលកនៃនិន្នាការសកល សេដ្ឋកិច្ចកម្ពុជាក៏កំពុងប្រឈមការលំបាកផងដែរ ដោយធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករ បន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម៤.០% ក្នុងឆ្នាំនេះ។

ធនាគារនេះក៏បានបន្ទាបការព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម៤.៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំ​រវាង​បញ្ហា​ប្រឈមសកល និងក្នុងស្រុក រួមមាន ស្ថាន​ភាពមិនប្រាកដ​ប្រជា​សកល ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការ​រឹតបន្តឹង​នៃវដ្តឥណទាន។

កាលពីខែមេសា ឆ្នាំ២០២៥ តាមរយៈរបាយការណ៍របស់ខ្លួន ធនាគារ World Bank ធ្លាប់បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនក្នុងអត្រា៥.៥% ក្នុងឆ្នាំ២០២៥។

ធនាគារពិភពលោក ​លើកឡើងដូច្នេះ ​នៅ​ក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា​ “ពុះពារ ភាព​មិន​ប្រាកដប្រជា” ដែលមានផ្នែក​ផ្តោតសំខាន់មួយ​ ក្រោមចំណងជើងថា “ការពង្រឹងចំណូលសម្រាប់​អនាគតកម្ពុជា”

ធនាគារពិភពលោកបានឲ្យដឹងទៀតថា ការនាំចេញដ៏ស្វាហាប់​ និងការងើបឡើងវិញជាបណ្តើរៗ នៃការប្រើប្រាស់ឯកជន បាន​រួមចំណែក​ច្រើន​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា រក្សា​បាន​ភាពធន់ ទោះបីជាមានភាពមិនប្រាកដ​ប្រជា​សកលកើនឡើងក៏ដោយ។

ជាមួយគ្នានេះ ធនាគារពិភពលោកបានផ្តល់អនុសាសន៍ថា ដើម្បីរក្សាបាន​កំណើននៅ​ក្នុង​បរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវ​ផ្តោតលើការ​ប្រឹង​ប្រែង ​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប​​ និងការបង្កើតបរិយាកាសអំណោយផល សម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។

លោកស្រី Tania Meyer ប្រធាន​គ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា “ការធ្វើពិពិធកម្មសេដ្ឋកិច្ច មានសារៈសំខាន់ សម្រាប់កម្ពុជា ក្នុងការរក្សាកំណើនឱ្យ​មាន​ចីរភាព​ និងការបង្កើតការងារ ចំពេលមានភាពមិនប្រាកដប្រជា ជាពិសេសដោយ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ ឱ្យ​ហួសពីការពឹងផ្អែកលើវិស័យ​សំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញ​ការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត”។

លោកស្រីបានបន្ថែមថា កំណែទម្រង់ប្រាក់ចំណូលអាចជួយ​គាំទ្រ ដល់ការធ្វើ​ឱ្យ​បរិយាកាសអាជីវកម្ម មាន​ភាពកាន់តែ​ប្រសើរឡើង ហើយបង្កើតលំហ​សារពើពន្ធមួយ ​សម្រាប់ការវិនិយោគសំខាន់ៗទៅលើ​មូលធន​មនុស្ស និងហេដ្ឋារចនាសម្ព័ន្ឋ។

របាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ បានកើនឡើង ១១.៦% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀប​ទៅនឹង​រយៈពេលដូចគ្នា​ក្នុង​ឆ្នាំមុន​។ សេវាកម្មទេសចរណ៍បានកើនឡើង១៦.១% សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជាចំនួននេះនៅតែទាបជាងកម្រិតនៅ​ក្នុង​ឆ្នាំ២០១៩ ក៏ដោយ។

ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនបានងើបឡើងវិញ ដូចមាន​ជា​ភស្តុតាងស្រាប់ ​នូវការកើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ រួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ។

កំលាំងចលករមកពីខាងពក្រៅប្រទេសវិញ ការកើនឡើងនៃប្រាក់បញ្ជូនពីបរទេស និងចំណូលពីទេសចរណ៍ បានជួយ​ទូទាត់ប៉ះប៉ូវ​ដល់​ឱន​ភាពពាណិជ្ជកម្ម ដែលកំពុងកើនឡើងដែរ​ ដោយទុនបម្រុងបានកើនដល់២៤.៧ពាន់លានដុល្លារអាមេរិក។

កំណើនសាច់​ប្រាក់កំពុង​ចរាចរណ៍ បានកើនឡើងដល់១៩.០% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារលក្ខខណ្ឌរូបិយវត្ថុមាន​អំណោយផល។ អតិផរណាបានកើនឡើងបន្តិចដល់៣.៧% ភាគច្រើនដោយសារតម្លៃអាហារ ក្នុងពេល​ដែលគុណភាពទ្រព្យសកម្ម ​ក្នុង​វិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយ​កម្ចីមិនដំណើរការ កើន​​សមាមាត្រ​កាន់​តែ​ខ្ពស់ជាង​មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here