រដ្ឋាភិបាលស្នើអង្គការយូណេស្កូពិនិត្យសំណង់ប្រាសាទរបស់ថៃនៅខេត្តបុរីរម្យដែលចម្លងតាមគំរូប្រាសាទអង្គរវត្ត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោកស្រី ភឿង សកុណា ស្នើអង្គការយូណេស្កូ ពិនិត្យសំណង់ប្រាសាទរបស់ថៃនៅខេត្តបុរីរម្យ ដែលចម្លងតាមគំរូប្រាសាទអង្គរវត្ត ដោយបញ្ជាក់ថា ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុត សម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់ និងរំលោភលើស្មារតីបុព្វបុរសខ្មែរ។

ការស្នើនេះធ្វើឡើង ក្នុងសម័យប្រជុំលើកទី៤៧របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ ខណៈភាគីថៃបានសម្ដែងការភ្ញាក់ផ្អើល និងខកចិត្តចំពោះការលើកឡើងរបស់ភាគីកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ លោកស្រី ភឿង សកុណា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកិច្ចការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទអង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបរបស់កម្ពុជាផងដែរ។

ជាមួយគ្នានោះ លោកស្រីបានលើកឡើងពីកង្វល់របស់កម្ពុជាពាក់ព័ន្ធ នឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅខេត្តបុរីរម្យ ប្រទេសថៃ ដោយមិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោ​រពក្រមសីលធម៌ នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។

ការសាងសង់នេះក៏បានប៉ះពាល់ដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូលផងដែរ។

លោកស្រីបញ្ជាក់ថា “ទោះបីជាខ្ញុំបានខិតខំព្យាយាមជជែកជាច្រើនលើច្រើនសាជាមួយថៃ ក៏ការសាងសង់នោះនៅតែបន្តមិនបញ្ឈប់នោះទេ”។ លោកជំទាវបន្តថា “ការសាងសង់ចម្លងនេះ កំពុងបង្កជាសំណង់គំរូដ៏គ្រោះថ្នាក់ សម្រាប់បេតិកភណ្ឌពិភពលោកទាំងអស់”។

លោកជំទាវភឿង សកុណា បានស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់ របស់អង្គការយូណេស្កូ ពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់។

ជាការឆ្លើយតប មេដឹកនាំគណៈប្រតិភូថៃ គឺលោក Sihasak Phuangketkeow បានសម្តែងការភ្ញាក់ផ្អើល និងខកចិត្តចំពោះការលើកឡើងរបស់កម្ពុជា ដោយលោកសង្កត់ធ្ងន់ថា បេតិកភណ្ឌវប្បធម៌គួរតែពង្រឹងឯកភាពគ្នា មិនមែនការបែងចែកគ្នាទេ។

តាមការចុះផ្សាយដោយកាសែត The Nation របស់ថៃ លោក Sihasak Phuangketkeow បានកត់សម្គាល់ថា ប្រាសាទវត្តភូម៉ានហ្វា បានកសាងឡើងតាមរចនាបថស្ថាបត្យ ព្រះពុទ្ធសាសនា និងការបំផុសគំនិត ពីកន្លែងប្រវត្តិសាស្ត្រថៃផ្សេងៗ ពោលគឺមិនមែនចម្លងតាមគំរូប្រាសាទអង្គរនោះទេ។

អំឡុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក ដែលប្រារព្ធធ្វើនៅខេត្តសៀមរាបកាលពីខែមុន លោកស្រី ភឿង សកុណា ក៏បានលើកឡើងផងដែរពីករណីថៃបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ខ្មែរ តាមរយៈការលួចចម្លង ប្លង់ប្រាសាទអង្គរវត្តរបស់ខ្មែរ ទៅសាងសង់ជាប្រាសាទមួយមានសណ្ឋាន ដូចប្រាសាទអង្គរនៅវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ប្រទេសថៃ ដែលមានឈ្មោះថាសីហនគរ។

សំណង់ប្រាសាទសីហនគរ នៅវត្តភូ​ម៉ានហ្វា ខេត្តបុរីរម្យ ប្រទេ​សថៃ បានសាងសង់ឡើងកាលពីអំឡុងឆ្នាំ២០២១ ដោយការចម្លងប្លងនិងរចនាបថប្រាសាទអង្គរវត្តរបស់ខ្មែរទាំងស្រុង។

ភ្លាមៗនោះ ពោលគឺនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានដោយផ្អែកតាមការបំភ្លឺរបស់ចៅអធិការវត្តវត្តភូម៉ានហ្វាថា ការសាងសង់ប្រា​សាទសីហនគរ មិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នា នឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯងនិងរចនាទៅតាមស្ថាបត្យកម្ម ប្រាសាទបុរាណមួយចំនួន ដែលមាននៅក្នុងតំបន់នោះ។

ក្រោយមកនៅថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្ដីជូនដំណឹង ជុំវិញការសាងសង់សំណង់ប្រាសាទសីហនគរ នៅវត្តភូម៉ានហ្វាថា ក្រុមការងារជំនាញរបស់ខ្លួន បានតាមដានជាប់ជាប្រចាំ ដោយផ្ដោតលើសកម្មភាពទំនាក់ទំនងការទូត ដែលបានបញ្ជូនអ្នកសិក្សាស្រាវជ្រាវចុះ ទៅពិនិត្យទីតាំងសាងសង់ដោយផ្ទាល់ ប៉ុន្តែស្ថានភាពពេលដែលអ្នកជំនាញ ចុះទៅពិនិត្យឃើញថា សំណង់ប្រាសាទសីហនគរ នៅវត្តភូម៉ានហ្វា នៅមិនទាន់មានការសាងសង់បន្ថែមនៅឡើយទេ។

តាមសេចក្ដីជូនដំណឹងពេលនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានបញ្ជាក់ពីជំហរច្បាស់លាស់ ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណា ដែលបានចម្លងអត្តសញ្ញាណជាតិខ្មែរ ដោយផ្អែកលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំង និងការងារផ្លូវច្បាប់ជាតិនិងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here