ដោយ គង់ សូរិយា
រតនគិរី៖ រដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថានបានប្រកាសទទួលស្គាល់តំបន់បឹងយក្សលោម ជាតំបន់ការពារធនធានធម្មជាតិ ដែលការប្រកាសទទួលស្គាល់់នេះធ្វើឡើងដើម្បីគាំទ្រ និងបង្កើនការចូលរួមរក្សាធនធានធម្មជាតិ វប្បធម៌និងអេកូទេសចរណ៍ធម្មជាតិឱ្យនៅស្ថិតស្ថេរ។
លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថានកាលពីសប្តាហ៍មុន បានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «បឹងយក្ខឡោម» នៅសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ លោកគាំទ្រ និងថ្លែងអំណរគុណដល់ប្រជាសហគមន៍ក្នុងការចូលរួម ជាមួយក្រសួងបរិស្ថានក្នុងការថែរក្សាធនធានព្រៃឈើ ក៏ដូចជាលើកកម្ពស់វប្បធម៌ទេសចរណ៍ធម្មជាតិ។
លោកថា “ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះ ក៏ជាផ្នែកសំខាន់ ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ”។ លោកបន្តថា “ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ ជាពិសេសសហគមន៍ទេសចរណ៍ធម្មជាតិ គឺជាយន្តការមួយដ៏សំខាន់ នៅក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ដើម្បីចូលរួមការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព”។