ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនយក្សចិនចំនួន៣ បានប្រកាសបង្កើតទីក្រុងរណបលើទំហំប្រមាណ ៨០៣ ហិកតា នៅទីក្រុងបាវិត ខេត្តស្វាយរៀង ដែលជំហានដំបូងលើផ្ទៃដីទំហំ ៥០ហិកតា គឺមានឈ្មោះថា OBC ជាគម្រោងបែបអាជីវកម្មអនឡាញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទូលំទូលាយ មានរួមបញ្ចូលគ្នានូវឧស្សាហកម្មល្បែងអនឡាញផងដែរ។
ក្រុមហ៊ុន Empire World Group កាលពីចុងសប្តាហ៍មុន បានចុះហត្ថលេខាលើកិច្ចសហការជាមួយក្រុមហ៊ុនប៉ាវអីងគ្រុប និង CFMA (City Facility Management) ដើម្បីពង្រីកសក្ដានុពលទីក្រុងរណបបាវិតបន្ថែមទៀត។
-->
ក្នុងពិធីចុះហត្ថលេខានេះ ក្រុមហ៊ុនទាំង៣ បានរួមគ្នាបង្កើតគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនទៀតលើទីដីបាវិត ដែលជំហានដំបូងលើផ្ទៃដីទំហំ៥០ហិកតា ដែលគំរោងនេះផ្តោតសំខាន់លើមជ្ឈមណ្ឌលពាណិជ្ជកម្ម កាស៊ីណូ ភោជនីយដ្ឋាន សណ្ឋាគារ អាផាតម៉ិនកម្រិតផ្កាយ៥ ជាដើម។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Empire World លោក Eric Loo បានមាន ប្រសាសន៍ថា ការសហការជាមួយក្រុមហ៊ុនចំនួន២ផ្សេងទៀត មកពីប្រទេសចិននេះ ដើម្បីបង្កើតបច្ចេកវិទ្យាថ្មីទំនើបមានលក្ខណៈស្ដង់ដារអន្តរជាតិ ដែលរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសគាំទ្រជាផ្លូវការ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព លើផ្នែកបច្ចេកវិទ្យា ដល់បណ្ដាក្រុមហ៊ុនវិនិយោគនានា ដូចជាក្រុមហ៊ុនកាស៊ីណូ និងល្បែងភ្នាល់តាមអ៊ីនធឺណេតជាដើម។
យើងសហការជាមួយក្រុមហ៊ុនប៉ាវអីងគ្រុប និង CFMA ពីព្រោះក្រុមហ៊ុននេះ ជាក្រុមហ៊ុនមួយដែលឈានមុខគេ នៅក្នុងទីផ្សារផ្នែកតុបតែងស្ថាបត្យកម្មចិន និងជាសញ្ញាសម្គាល់ល្បីល្បាញនៅក្នុងប្រទេសចិន ពិសេសជាមួយនឹងបទពិសោធន៍ផ្នែកបច្ចេកទេស និងគ្រប់គ្រងអចលនទ្រព្យ ជាង ២៥ឆ្នាំមកហើយ និងបានគ្របដណ្តប់លើប្រទេសចំនួន២០ នៅជុំវិញពិភពលោកទៀតផង។
អគ្គនាយករង ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ លោក រស់ ភិរុណ បានបញ្ជាក់ថា គម្រោងពហុចម្រុះរបស់ក្រុមហ៊ុន Empire World មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ គឺបានជួយបង្កើនការប្រមូលពន្ធជូនរដ្ឋថែមទៀត។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ឋី បានមានប្រសាសន៍ថា ក្រុងបាវិតនឹងមានការរីកចម្រើនឆាប់រហ័សដូចគ្នានឹងខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត ដោយសារដ្ឋាភិបាលបានដាក់បញ្ចូលទីក្រុងនេះ ក្នុងគោលនយោបាយអភិវឌ្ឍន័វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីប្រែក្លាយទីក្រុងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្មលំដាប់អន្តរជាតិ។
លោកបន្តថា “កត្តាភូមិសាស្រ្តល្អប្រសើរ គួបផ្សំនឹងគោលនយោបាយអភិវឌ្ឈន៍ និងលើកទឹកចិត្តវិនិយោគដល់វិនិយោគិន បាននិងកំពុងធ្វើឲ្យក្រុងបាវិតទាក់ទាញការវិនិយោគជាច្រើន ពិសេសអ្នកវិនិយោគចិន”។ លោកបន្តថា “តម្លៃដីធ្លីនៅទីក្រុងនេះ នឹងកើនឡើងកាន់តែខ្លាំងនាពេលអនាគតឆាប់ៗនេះ ដោយសារកំនើនសេដ្ឋកិច្ច និងលំហូរវិនិយោគផ្ទាល់ពីបរទេស”។
ក្នុងឱកាសចូលរួមសម្ភោធការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសពីគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនាពេលខាងមុខនេះ៕