មន្រ្តីជាន់ខ្ពស់លើកទឹកចិត្តឲ្យក្រុមហ៊ុនធំមួយវិនិយោគលើមជ្ឈមណ្ឌលសន្និបាត និងពិព៌ណនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    អូស្រ្តាលីៈ ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល បាន​លើកទឹកចិត្តឱ្យក្រុមហ៊ុន Plenary Group មក​ពិនិត្យលទ្ធភាព​វិនិយោគ លើការអភិ​វឌ្ឍមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​នៅក្នុងប្រទេសកម្ពុជា ដោយ​ធ្វើ​ឱ្យ​​មាន​ភាព​ទាក់​ទាញ​ស្រដៀងគ្នា​ នឹង​មជ្ឈមណ្ឌល Melbourne Convention and Exhibition Centre (MCEC) នៅក្នុង​ប្រទេស​អូស្រ្តាលី​។

ការលើក​ឡើង​នេះ ​បាន​ធ្វើ​ឡើង​​ក្នុង​ឱកាស​ដែល​លោក​​​ដឹកនាំ​គណៈប្រតិភូរដ្ឋាភិបាល​កម្ពុជា ព្រម​ទាំង​ផ្នែក​ឯកជនកម្ពុជា-អូស្ត្រាលីជាច្រើនរូប​ ទៅ​ទស្សនកិច្ចស្វែងយល់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍មែលប៊ន MCEC។

MCEC មានទីតាំងធំទូលាយ និងធ្លាប់បានប្រើប្រាស់សម្រាប់រៀបចំ​ព្រឹត្តិការណ៍កម្រិតជាតិ និង​អន្តរជាតិ ​ជាច្រើនដូចជា សន្និ​បាត និងសន្និសីទអន្តរជាតិ ពិព័រណ៍ ការតាំងបង្ហាញផលិតផល នវានុវត្តន៍បច្ចេកវិទ្យា ការប្រគំតន្ត្រី និងកម្មវិធីជួប​ជុំផ្គូផ្គងអាជីវកម្មនានា។

Plenary Group គឺជាក្រុមហ៊ុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធឯករាជ្យដ៏លេចធ្លោមួយ ដែលមានជំនាញក្នុងការអភិវឌ្ឍ វិនិយោគ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេសគម្រោងនៅក្រោមទម្រង់ភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships – PPP)។

Plenary Group មានទីស្នាក់ការកណ្តាលនៅទីក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី និងមានប្រតិបត្តិការនៅ​ប្រទេស​ជា​ច្រើន ​ដូចជា អាមេរិក អូស្ត្រាលី នូវែលសេឡង់ អាស៊ី មជ្ឈិមបូព៌ា និងចក្រភពអង់គ្លេស។

ក្រុមហ៊ុននេះផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តល់ផលចំណេញរយៈពេលវែង និងមានស្ថិរភាព ហើយគំរូអាជីវកម្មរបស់ពួកគេ គឺគ្របដណ្តប់លើគ្រប់ដំណាក់កាល នៃគម្រោងចាប់ពីការរចនា ការសាងសង់ ការផ្តល់ហិរញ្ញប្បទាន រហូតដល់ការគ្រប់​គ្រង និងថែទាំរយៈពេលវែង។ ក្រុមហ៊ុនបានចូលរួម ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនប្រភេដូចជា មន្ទីរពេទ្យ សាលារៀន តុលាការ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ផ្លូវថ្នល់ ផ្លូវរថភ្លើង (Sydney Metro) ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងការគ្រប់គ្រងទឹក-កាកសំណល់។

នៅឆ្នាំ២០២៥នេះ កម្ពុជាបានទាក់ទាញទុន​វិនិយោគិន​មក​ពី​ប្រទេស​ចិន កម្ពុជា សិង្ហបុរី កោះ Cayman ម៉ាឡេស៊ី ជប៉ុន អាមេរិក ឥណ្ឌា អូស្រ្តាលី កាណាដា ជប៉ុន និង​កូរ៉េ ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here