ដោយៈ ម៉ាណា
ភ្នំពេញៈ ជាជំហានវិជ្ជមានមួយ! ក្រសួងពាណិជ្ជកម្មនឹងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីម៉ាក ដោយមិនប្រើក្រដាសជាមួយនឹងយុទ្ធសាស្ត្រសេវាកម្មអេឡិចត្រូនិកថ្មី ដើម្បីបង្កើនបរិយាកាសធុរកិច្ច ធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២៧ ខែកញ្ញា ក្រសួងបានជូនដំណឹងដល់សាធារណជន ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកថា ប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាសនឹងមានចាប់ពីថ្ងៃទី ៣០ ខែកញ្ញា តទៅ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងភាពងាយស្រួលនៃការចុះបញ្ជីម៉ាក ក៏ដូចជាការកែលម្អការផ្តល់សេវាសាធារណៈ។
ក្រសួងបានបន្តថា “ប្រព័ន្ធនេះនឹងគ្រប់គ្រងដំណើរការចុះបញ្ជីម៉ាកជាទម្រង់ឌីជីថល ហើយរាល់ឯកសារពាក់ព័ន្ធ នឹងការចុះបញ្ជីម៉ាកដែលផ្តល់ដោយ ក្រសួងពាណិជ្ជកម្មជូនម្ចាស់ម៉ាក ឬភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក គឺត្រូវធ្វើឡើងជាទម្រង់ឌីជីថល”។

ប្រើក្រដាសហើយ
ក្រសួងបានលើកទឹកចិត្តសហគ្រិន ឱ្យចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្រាប់ផលិតផល និងសេវាកម្មរបស់ពួកគេដើម្បីបន្ថែមតម្លៃ និងពង្រឹងការប្រកួតប្រជែង ក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេស។
ក្រសួងបានបន្ថែមថា តាមរយៈការចុះបញ្ជីម៉ាក ម្ចាស់អាជីវកម្មផ្តោតលើការបង្កើតអត្តសញ្ញាណ ផលិតផលផ្តាច់មុខនៅលើទីផ្សារ ទន្ទឹមនឹងនោះ ក៏ផ្តល់អាទិភាពដល់គុណភាព និងការកសាងទំនុកចិត្តរបស់អតិថិជនផងដែរ។
កម្មសិទ្ធិបញ្ញាគឺជាឧបករណ៍ដ៏សំខាន់ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម អាជីវកម្មថ្មី សហគ្រាសខ្នាតតូច និងមធ្យម និងការវិនិយោគផ្ទាល់ពីបរទេស តាមរយៈការបង្កើតតម្លៃ ការធ្វើពាណិជ្ជកម្ម ហិរញ្ញប្បទាន ការបង្កើតថ្មី ការស្រាវជ្រាវ និងការអភិវឌ្ឍន៍៕

ប្រើក្រដាសហើយ