រដ្ឋមន្ត្រី​ពាណិជ្ជកម្ម៖​ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យវាយណភ័ណ្ឌជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច

0

ដោយម៉ាណេត

ប្រទេសចិនៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិ ក្នុងជំនួបជាមួយក្រុមហ៊ុនបញ្ជាទិញធំៗ បានធ្វើការពន្យល់អំពីគោលនយោបាយយុទ្ធសាស្ត្រ និងជំហររបស់រាជរដ្ឋាភិបាល ក្នុងការបន្តជួយគាំទ្រឧស្សាហកម្មវាយភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅក្នុងប្រទេសកម្ពុជា ដោយចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

លោក​រដ្ឋមន្ត្រី​​ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំៗ មានដូចជា H&M, C&A, Adidas Sourcing, Next Sourcing, Vanity Fair Corporation ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង តំណាងឱ្យអ្នកបញ្ជាទិញ៣០% នៃឧស្សាហកម្មវាយភណ្ឌរបស់កម្ពុជា កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ៍ ទី៦-៧ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបង្កើនទំនុកចិត្ត និងការបញ្ជាទិញកាន់តែច្រើន ពីក្រុមហ៊ុនទាំងអស់នោះ។

លោកប៉ាន សូរស័ក្តិ បានលើកឡើងអំពីយុទ្ធសាស្ត្រចតុកោណ គោលនយោបាយគាំពារវិនិយោគ កាលានុវត្តភាពធុរកិច្ច និងកំណែទម្រង់ថ្មីៗដែលបានដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៨ សំដៅលើកកម្ពស់បរិយាសវិនិយោគ ជាពិសេសជួយសម្រួលការធ្វើធុរកិច្ចរបស់វិស័យឯកជន នៅក្នុងប្រទេសកម្ពុជា។

 

បច្ចុប្បន្នឧស្សាហកម្មវាយភណ្ឌ និងកាត់ដេរសម្លៀកបំពាក់កម្ពុជា បានស្រូបយកកម្លាំងពលកម្មប្រមាណជាង ៨៥ម៉ឺននាក់ នៅក្នុងនោះចំនួនរោងចក្រសរុប មានប្រមាណ ១,៥៨៥ទីតាំង គឺបានកើនឡើង៤,១%បើធៀបនឹងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅកាន់ទីផ្សារអន្តរជាតិ កាលពីឆ្នាំ២០១៨ មានទឹកប្រាក់ជាង១០ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ២៤,៧%បើធៀបនឹងឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here