ដោយ ម៉ាណេត
ភ្នំពេញៈ ខណៈអ្នកជំនាញក្នុងវស័យទេសចរណ៍ លើកឡើងកាលពីពេលថ្មីៗថា កម្ពុជាត្រូវការរឹតបន្តឹងច្បាប់ និងបង្កើតច្បាប់បន្ថែម ដើម្បីបង្កភាពងាយស្រួលគ្រប់គ្រងទេសចរណ៍ចិន លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ពីម្សិលមិញបានរិះគន់ចំពោះមន្ត្រីអ្នកផ្សព្វផ្សាយឯកសារច្បាប់ លិខិតបទគតិយុត្តដល់ម្ចាស់អាជីវកម្មជាជនជាតិចិន។
លោកលើកឡើងថា មិនបកប្រែឯកសារទាំងនោះទៅជាភាសាចិន និងបានណែនាំដល់មន្ទីរទេសចរណ៍ ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះម្ចាស់អាជីវកម្មជាជនជាតិចិន ពិសេសត្រូវហៅពួកគេមកផ្សព្វផ្សាយពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដោយត្រូវបកប្រែ ឬពន្យល់ជាភាសាចិនផងទើបបាន។
-->
ការណែនាំយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួងកាលពីម្សិលមិញ។
លោកថោង ខុន បានលើកឡើងថា កន្លងមកជារឿយៗ តែមានការប្រជុំផ្សព្វផ្សាយពីឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ទៅដល់ម្ចាស់អាជីវកម្មទេសចរណ៍ ប៉ុន្តែភាពខ្លះចន្លោះមួយចំនួនក៏កើតមានឡើងផងដែរ ដូចជាការមិនសូវអញ្ជើញម្ចាស់អាជីវកម្មជាជនជាតិចិនឱ្យបានច្រើន ជូនកាលអញ្ជើញមកហើយ បែរជាគ្មានការបកប្រែឯកសារជាភាសាចិន ឬគ្មានការពន្យល់ជាភាសាចិនជាដើម។
លោកបានបន្តថា ជនជាតិចិនខ្លះមិនចេះភាសាអង់គ្លេស ក៏រឹតតែមិនចេះភាសាខ្មែរផង បើគ្មានការបកប្រែឬពន្យល់ជាភាសាចិនឱ្យពួកគេទេ ក៏គ្មានប្រសិទ្ធភាពក្នុងការអនុវត្តត្រឹមត្រូវតាមច្បាប់ដែរ ដូច្នេះគ្រប់មន្ទីរទេសចរណ៍ និងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវគិតគូរឡើងវិញលើបញ្ហានេះ។
លោកថោង ខុនបានអះអាងថា “អ្នកប្រកបអាជីវកម្មបរទេស មិនចង់ប្រឆាំងនឹងរដ្ឋអំណាច ឬប្រព្រឹត្តខុសនឹងច្បាប់ប្រទេសយើងទេ គឺពួកគេចង់ស្ដាប់ ចង់ធ្វើអ្វីដែលល្អត្រឹមត្រូវ ប៉ុន្តែយើងអត់បានប្រាប់គេឱ្យបានច្បាស់ ទាំងអស់ហ្នឹងដោយសារយើងមិនបកប្រែជាភាសាចិន ហៅចិនមកប្រជុំអត់មានអ្នកបកប្រែ ហើយឯកសារច្បាប់ ឯកសារគតិយុត្តសុទ្ធតែជាភាសាខ្មែរទាំងអស់ តែចិនអត់មានទៅវិញ ដូច្នេះត្រូវមានបកប្រែជាភាសាចិនចែកជូនពួកគាត់”។
លោកឱ្យដឹងទៀតថា ចំពោះហាងរបស់ជនជាតិចិន អាចដាក់អក្សរចិននៅផ្នែកកណ្ដាលក៏បាន តែដាច់ខាតត្រូវដាក់អក្សរខ្មែរនៅផ្នែកខាងលើ ហើយត្រូវតែធំជាងពាក់កណ្ដាលនៃអក្សរចិននោះ ពោលគឺមិនអាចជៀសវាងការប្រើប្រាស់ ភាសាអង់គ្លេសបានឡើយ ពីព្រោះដោយសារប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ចម្រុះជាតិសាសន៍មិនមែនមានតែទេសចរចិនប៉ុណ្ណោះទេ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណានបានថ្លែងថា ខណៈពេលនេះ កម្ពុជាចាំបាច់បង្កើតច្បាប់បន្ថែមក្នុងការគ្រប់គ្រង ព្រោះករណីអត់ដែលកើតមានឡើងនៅកម្ពុជា ហើយមុននឹងបង្កើតច្បាប់យើងត្រៀមខ្លួនរួចរាល់ហើយឫនៅ មិនមែនបង្កើតច្បាប់មកចោលនោះទេ។
លោកថ្លែងថា “យើងឃើញស្រាប់ហើយ ច្បាប់ទេសចរណ៍ត្រូវបានបង្កើតឡើង៥ ឬ៦ ឆ្នាំមកហើយ តែរហូតមកដល់សព្វថ្ងៃសម្រាប់ការអនុវត្តន៍នៅមានកម្រិត”។ លោកបន្តថា “វាត្រូវកើតឡើងពីឆន្ទៈរបស់មនុស្ស គឺមានតែច្បាប់ទេដែលបង្កើតចេញជាឆន្ទៈ និងមានតែរឹតបន្តឹងច្បាប់ទេ”។
លោកបន្តថា យើងត្រូវដឹងថា ថ្វីត្បិតតែយើងមានច្បាប់ស្ទើតែគ្រប់ច្រកល្ហកដូចប្រទេសអភិវឌ្ឍន៍ដ៏ទៃក៏ពិតមែន ប៉ុន្តែការអនុវត្ដន៍ច្បាប់យើងនៅមានកម្រិតមែនទែន។
លោកធួន ស៊ីណានបានទៀតថា “ឲ្យដឹងភ្ញៀវមកប៉ុន្មានក៏មកចុះ និងមកកាន់តែច្រើនកាន់តែល្អ ដូចជាអ្នកវិនិយោគចឹង មកពីណាក៏មកចុះឲ្យតែអ្នកនោះជា ប៉ុន្តែរឿងតែមួយគត់ តើប្រទេសជាម្ចាស់មានច្បាប់ និងក្រិតក្រមរបស់ខ្លូនហើយឬនៅ? យើងត្រូវពង្រឹងច្បាប់ និងចំណុចណាខ្វះខាតត្រូវបង្កើតបន្ថែម ហើយយើងត្រូវមើលប្រទេសចិនគេមានប្រជាជនរាប់ពានលាននាក់គេគ្រប់គ្រងបាន។ អ្វីដែលយើងខ្វះខាតគឺការអនុវត្តន៍ច្បាប់”៕