ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនសាងសង់ និងអ្នកវិនិយោគអាគារសំណង់អគារធំៗ ខ្ពស់ៗ នៅក្នុងប្រទេសកម្ពុជា បានយកចិត្តទុកដាក់លើការបង្ការគ្រោះរញ្ជួយដីហើយ ដោយសារការប្រែប្រួលអាកាសអាកាសធាតុ និងការបង្ការហានិភ័យជាមុន។
អគ្គលេខាធិការរងគណៈស្ថាបតយ្យកម្មកម្ពុជា និងស្ថាបត្យករកម្រិតអាស៊ាន លោកសាស្ត្រាចារ្យ ទួស សាភឿន បានមានប្រសាសន៍ប្រាប់ទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៥ ខែឧសភា នេះថា ការបង្ការគ្រោះរញ្ជួយដី នៅពេលសាងសង់អាគារខ្ពស់ ជារឿងដែលសំខាន់បំផុតដែលអ្នកបច្ចេកទេសខាងសំណង់ ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ និងចាំបាច់មានការគិតគូរមុនពេលសាងសង់។ លោកបន្តថា បើទោះជាកម្ពុជាមានភាពល្អប្រសើរជាងបណ្តាប្រទេសនានា ដែលសម្បូរទៅដោយស្រទាប់ថ្មសិចម៉ាក៏ដោយ ប៉ុន្តែចាំបាច់ត្រូវតែមានការសិក្សាលម្អិត និងបញ្ចូលនូវបច្ចេកទេសបង្ការ និងការពារគ្រោះរញ្ជួយដី ដែលអាចកើតមានជាយថាហេតុនោះដែរ។
លោកបន្តទៀតថា “គ្រោះធម្មជាតិ គឺមិនអាចកំណត់បាននោះទេ និងដឹងបាននោះទេ ព្រោះពំនើងផ្នត់នៃស្រទាប់ដី គឺតែងមានចលនាដោយយើងមិនអាចមើលឃើញនោះទេ ដែលចាប់ពីជម្រៅដីប្រមាណ១០០គីឡូម៉ែត្រចុះទៅ គឺសុទ្ធតែជារង្វល់នៃចរន្តម៉ាក់ម៉ា”។លោកបន្តថា “ដូច្នេះគេមិនអាចកំណត់ពីភាគរយនៃហានិភ័យបាននោះទេ ដែលចាំបាច់ត្រូវតែមានការសិក្សា និងបញ្ចូលនូវបច្ចេកទេសក្នុងការបង្ការ ទាំងហានិភ័យនៃគ្រោះរញ្ជួយដី ក៏ដូចជាគ្រោះហានិភ័យដែលបង្ករឡើងដោយសំពាធខ្យល់បក់ផងដែរ”។
លោកសាស្ត្រាចារ្យបានបន្តទៀតថា ជាទូទៅអគារដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅ គឺចាំបាច់ត្រូវតែមានការសិក្សាលម្អិត ទៅការវិធីបង្ការហានិភ័យទាំងអស់ គ្រាន់តែទំហំសំណង់តូច ត្រូវបញ្ចូលបច្ចេកទេសការពារកម្រិតតូច ហើយចំពោះសំណង់អគារធំ និងមានកម្ពស់ខ្ពស់ៗក៏ត្រូវសិក្សា និងបច្ចេកទេសឱ្យសមស្របទៅនឹងទំហំនៃតួសំណង់ រាប់គិតចាប់ពីបាតគ្រឹះ សរសរអគារ ថ្នឹមអគារ ដែលអាចយោគនៅពេលមានគ្រោះហានិភ័យកើតឡើង។
ប្រធានគំរោង Olympia City លោកវិស្វករម៉េង ចំរើនបានមានប្រសាសន៍ថា គ្រប់ការដ្ឋានសាងសង់អាគារខ្ពស់នៅក្នុងគំរោងនេះ សុទ្ឋតែរៀបចំប្រព័ន្ឋបង្ការការពារការរញ្ជួយដី ទោះជាកម្ពុជាមិនធ្លាប់មានគ្រោះមហន្តរាយបែបនេះក៏ដោយ ក៏យើងបានបង្ការវាជាមុន ជាក់ស្តែងអាគារខ្ពស់ៗនៃគំរោង Olympia City បានរៀបចំប្រព័ន្ឋការពារការរញ្ជូនដីក្នុងកម្រិត៥រិកទ័រផងដែរ។

លោកបន្តថា “ការបង្ការជាមុន ជារឿងល្អប្រសើរ ដូចពាក្យចាស់ពោលថា ការពារប្រសើរជាងព្យាបាល ព្រោះស្ថានភាពបច្ចុប្បន្ន អាកាសធាតុមានការប្រែប្រួល ហេតុនេះយើងមិនអាចធ្វើមិនដឹងមិនលឺពីរឿងនេះឡើយ”៕
[…] ប្រភព៖ Property Area […]