សង្រ្គាមពាណិជ្ជកម្មអាម៉េរិក-ចិន: កម្ពុជា និងអាស៊ី បាន និងកំពុងផ្លាស់ប្តូរពីការពឹងផ្អែកលើប្រាក់ដុល្លារ

0

ដោយ ៖ Donald Lee

ភ្នំពេញ ៖ ដោយសារសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបន្តមានភាពតានតឹង កម្ពុជា និងសមាជិកអាស៊ានបូកបី រួមមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងកំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីផ្លាស់ប្តូរពីការពឹងផ្អែកប្រាក់ដុល្លារអាមេរិក។

ខណៈដែលសង្គ្រាមពាណិជ្ជកម្មអាម៉េរិក និងចិនបានកើតឡើងជាថ្មីនៅក្នុងខែឧសភានេះ រដ្ឋមន្ដ្រីហិរញ្ញវត្ថុមកពីបណ្តារដ្ឋជាសមាជិកអាស៊ានបូកបីបានជួបគ្នា ដើម្បីបង្កើនសមាហរណកម្មហិរញ្ញវត្ថុ និងមូលប័ត្ររូបិយប័ណ្ណក្នុងតំបន់ ដើម្បីធានាដល់សេដ្ឋកិច្ចរបស់ពួកគេនៅចំពេល ដែលមានការភ័យខ្លាចថាមានវិបត្តិសេដ្ឋកិច្ចសកលលោក។

ក្រុមអ្នកវិភាគជឿថា រដ្ឋជាសមាជិកអាស៊ាន និងអាស៊ានបូកបី កំពុងជំរុញការកាត់បន្ថយភាពអាស្រ័យលើប្រាក់ដុល្លារអាមេរិក ដែលជាគ្រឹះនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ ទិន្នន័យសេដ្ឋកិច្ចបានបង្ហាញថា ជាលទ្ធផលនៃសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិនបានធ្វើឲ្យគំរូវិនិយោគទុនសកល កំពុងងាកចេញពីសកលភាវូបនីយកម្ម និងឆ្ពោះទៅរកប្រព័ន្ធពាណិជ្ជកម្មតំបន់បី ដែលផ្តោតលើសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន។

ប៉ុន្តែការគ្របដណ្តប់របស់សហរដ្ឋអាមេរិក លើវិស័យហិរញ្ញវត្ថុសកលមិនអាចត្រូវបានគេប៉ាន់ប្រមាណបាននោះទេ។ ប្រាក់ដុល្លារអាមេរិកនៅតែជារូបិយប័ណ្ណបម្រុងពិភពលោកជាក់ស្តែង។ ប្រាក់ដុល្លារអាមេរិកមានចំនួន៦៣ភាគរយនៃទុនបំរុងពិភពលោក ខណៈប្រាក់អឺរ៉ូមានចំនួន២០ភាគរយ។ រូបិយប័ណ្ណអាស៊ី ដូចជា ប្រាក់យ៉េនមានចំនួន៥ ភាគរយនិងប្រាក់យន់ចិន២ភាគរយ។

ដោយមានការសម្របសម្រួលជាមួយធនាគារកណ្តាលនានានៅអាស៊ី ធនាគារជា​តិនៃកម្ពុជា បានជួបប្រជុំកាលពីថ្ងៃសុក្រ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើបដិដុល្លាររូបនីយកម្មសេដ្ឋកិច្ចរបស់កម្ពុជា ដោយប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុសំដៅដល់វិស័យធនាគារ។

ប្រាក់កម្ចីធនាគារពាណិជ្ជនានា នៅក្នុងប្រទេសកម្ពុជាជាទូទៅមានតម្លៃជាដុល្លារ។ នៅឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានប្រកាសថា ធនាគារត្រូវបានតម្រូវឱ្យមានកូតាជាប្រាក់រៀលចំនួន១០ភាគរយ នៅក្នុងសមតុល្យឥណទានរបស់ខ្លួននៅចុងឆ្នាំនេះ។ ផ្នែកដ៏សំខាន់មួយនៃគំនិតផ្តួចផ្តើមរបស់ធនាគារជាតិ គឺធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុរួមចំណែ​កដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើបដិដុល្លាររូបនីយកម្មរបស់រដ្ឋាភិបាល និងការលើកកម្ពស់រូបិយវត្ថុក្នុងស្រុក។

ធនាគារពាណិជ្ជភាគច្រើន កំពុងជួបការលំបាកក្នុងការឆ្លើយតបជាមួយកូតាប្រាក់រៀលនេះជាពិសេស ដោយសារតែខ្វះតម្រូវការប្រាក់កម្ចីរៀលពីអ្នកខ្ចីប្រាក់។ ប៉ុន្តែធនា​គារជាតិទាមទារថា ធនាគារពាណិជ្ជនានា ត្រូវតែបំពេញកូតានេះនៅចុងឆ្នាំនេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការគ្រប់គ្រងរូបិយវត្ថុនៃសេដ្ឋកិច្ច ដែលស្ទើរតែពឹងផ្អែកទាំងស្រុងលើរូបិយប័ណ្ណបរទេស។

លោក Mohd Hanif Suadi នាយកប្រតិបត្តិធនាគារ Maybank Cambodia បានមានប្រសាសន៍ថា “យើងត្រូវតែគោរពថា ប្រទេសកម្ពុជាមានរូបិយប័ណ្ណផ្ទាល់របស់ខ្លួន។ ទីមួយយើងត្រូវរកប្រាក់កម្ចីរៀលឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យយើងផ្តល់កម្ចីជាប្រាក់រៀល”។ លោក Suadi បានបន្ថែមថា “យើងគួរតែមានចំនួន៣ភាគរយ ដែលចាប់ផ្តើមនៅត្រីមាសទី ២ នៃឆ្នាំនេះ”។

ធនាគារពាណិជ្ជនៅរដ្ឋធានីភ្នំពេញ បានអភិវឌ្ឍផលិតផលហិរញ្ញវត្ថុដែលនឹងជំរុញ ឬលើកទឹកចិត្តអតិថិជនឱ្យខ្ចីយ៉ាងហោចណាស់មួយផ្នែក នៃប្រាក់កម្ចីរបស់ពួកគេជាប្រាក់រៀល។

លោក Joe Farrugia អគ្គនាយកប្រតិបត្តិធនាគរ Hong Leong Bank Cambodia PLCបានមានប្រសាសន៍ថា “ផលិតផលប្រាក់រៀលទាំងនេះ ពិតជាការទាក់ទាញដល់អតិថិជនដែលមានស្រាប់នៅធនាគាររបស់យើង”។ លោក Joe Farrugiaបានបន្ថែមថា “យើងផ្តល់ការលើកទឹកចិត្តដល់អតិថិជនរបស់យើងឱ្យខ្ចីប្រាក់មួយចំនួន ឬទាំងស្រុងជារូបិយប័ណ្ណក្នុងស្រុក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here