ដោយ វុត្ថា
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅកាន់ទីក្រុងបាងកកនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) ក្រោមមូលបទ «ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ការអញ្ជើញទៅចូលរួមមហាសន្និបាតរបស់សម្តេចតេជោនាពេលខាងមុខនេះ តបតាមការអញ្ជើញរបស់លោកជំទាវ អាមីដា សាលស៊ីងអាហ៍ អាលីសចាបាណា (Arinda Salsiah Aslisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអគ្គលេខាធិការប្រតិបត្តិការ UN-ESCAP។
អញ្ជើញអមដំណើរ សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំឥស្សរៈជនជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត។
ដោយទទួលស្គាល់នូវសមិទ្ធិផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម UN-ESCAP បានគោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និបាត ដោយផ្តោតជាសំខាន់លើបទពិសោធរបស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប៕






