ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានរៀបចំវេទិកាលើកទី១ ទាក់ទងនឹងផលិតផលម្រេចនៅកម្ពុជា ក្នុងគោលដៅបង្កើនផលិតភាព ពង្រឹងគុណភាពនិងរក្សានិរន្តរភាពឧស្សាហកម្មម្រេចកម្ពុជាវេទិកាដ៏មានសារៈសំខាន់នេះ មានគោលដៅដើម្បីផ្សព្វផ្សាយព័តមានថ្មីៗ ស្តីពីផលិតកម្ម លក្ខខណ្ឌតម្រូវទីផ្សារ ស្ថានភាពទីផ្សារម្រេចអន្តរជាតិ ការរៀបចំសៀវភៅបន្ទុកផលិតម្រេចប្រកបដោយគុណភាព ការចែករំលែកព័តមានពីការ នាំចេញម្រេច និងដើម្បីប្រមូលកៀរគរមតិយោបល់បន្ថែម ពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ទាំងអ្នកផលិត អ្នកប្រមូលទិញ អ្នកកែច្នៃ និងអ្នកនាំចញក្នុងការកសាងយុទ្ធសាស្ត្រថ្នាក់ជាតិមួយជាត្រីវិស័យ សម្រាប់ជំរុញការអភិវឌ្ឍឧស្សាហកម្មម្រេចកម្ពុជាប្រកបដោយសង្គតិភាព និងបរិយាប័ន្ន។
មានប្រសាសន៍ក្នុងវេទិកានាឱកាសនោះ លោកជំទាវតឹករ៉េត កំរ៉ងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យដឹង ក្នុងវេទិកានាព្រឹកថ្ងៃទី១៨ ធ្នូនេះឲ្យដឹងថា ម្រេចត្រូវបានក្រសួងពាណិជ្ជកម្មដាក់បញ្ចូលក្នុងប្រភេទមុខទំនិញសក្តានុពល របស់កម្ពុជា សម្រាប់រៀបចំយុទ្ធសាស្ត្រធ្វើពិពិធកម្ម និងជំរុញការនាំចេញ។ បច្ចុប្បន្ន ដំណាំម្រេចបាននិងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេស ព្រោះតែដំណាំនេះកំពុងទទួលបានការគាំទ្រពីទីផ្សារ និងឆាប់ទទួលបានប្រាក់ចំណូលត្រឡប់មកវិញ។
លោកជំទាវបានបន្តថា “ការពង្រីកការដាំដុះដំណាំម្រេច បានកើនដល់ខេត្តចំនួន១៩ ចាប់ពីតំបន់និរតីរហូតដល់តំបន់ពាយ័ព្យ និងភូមិភាគឥសាន្តនៃប្រទេសកម្ពុជា ដែលមានផ្ទៃសីដាំដុះប្រមាណជាង៦ពាន់ហិចតា និងផ្តល់ទិន្នផលប្រមាណជាង ២ម៉ឺនតោនគិតត្រឹមខែឧសភា ឆ្នាំ២០១៧”៕