សម្តេចតេជោ ហ៊ុន សែន និងលោក លោក Wang Yajun។ រូបថត៖ សហការី
ដោយ វុត្ថា
ភ្នំពេញៈ លោក Wang Yajun អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា ចិន នឹងបន្តជួយកម្ពុជាលើគ្រប់វិស័យ ដោយជំរុញការវិនិយោគនិងការបើកទីផ្សារដល់កសិផល និងផលិតផលរបស់កម្ពុជាបន្ថែមទៀត។
នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៩នេះ លោក Wang Yajun ថា នឹងទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីសិក្សាអំពីហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការវិនិយោគលើវិស័យឧស្សាហកម្មផ្សេងៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្រុងព្រះសីហនុ។ លោកបន្តថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់លោក វ៉ាង យ៉ាជុននាពេលនេះ គឺដើម្បីជំរុញនឹងបន្តការធ្វើការរាល់កិច្ចការទាំងឡាយ ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីចិនស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងមក។
-->
លោកបានបញ្ជាក់ថា “កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងកម្ពុជា និងចិននៅពេលនេះស្ថិតនៅលំដាប់ល្អបំផុត”។ លោកបន្តថា ឯកសារទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នា នៅពេលកន្លងមកនៅក្នុងកិច្ចប្រជុំខ្សែក្រវាត់ និងផ្លូវនៅប្រទេសចិននា គឺនឹងជំរុញទំនាក់ទំនរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត ជាពិសេសគឺនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននិងប្រទេសទាំងពីរ ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍ និងពង្រីកនូវកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំថែមទៀត”។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់ចិន និងបានយល់ស្របទាំងស្រុងចំពោះការលើកឡើងរបស់ លោក វ៉ាង យ៉ាជុន ពាក់ព័ន្ធទៅនឹងទំនាក់ទំនងផង ជាមួយនឹងសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផង ជាពិសេសឈរលើឯកសារដែលបានចុះហត្ថលេខារួចហើយនោះ ដែលជាឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធទៅនឹងសហគមន៍មួយ ជោគវាសនាមួយ ដែលបានចុះហត្ថលេខានៅពេលកន្លងមក។
សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះប្រទេសចិនជាមិត្តក្នុងការជួយជំរុញការវិនិយោគចិនឲ្យបានកាន់តែច្រើនមកកាន់កម្ពុជា ស្របពេលនឹងការជួយជ្រោមជ្រែងបើកចំហរទីផ្សារកសិផល និងផលិតផលផ្សេងៗជាច្រើនទៀតរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសចិននោះ៕