កម្មករជំនាញកំពុងរៀបកម្រាលឥដ្ឋ។ រូបថត៖ សហការី
ដោយ វុត្ថា
សៀមរាប៖ ក្រុមហ៊ុន Omura Ceratec Co.,Ltd របស់ជប៉ុនបានចាប់ផ្តើមអនុវត្តគម្រោងសាកល្បងអំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាល និងចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹកតាមបណ្តោយផ្លូវ២ធ្នូ ស្ថិតនៅតំបន់ Pub Street ។
កម្មករជំនាញកំពុងរៀបកម្រាលឥដ្ឋ។ រូបថត៖ សហការី
លោកគឹម ប៊ុនណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាបបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នេះថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមកនេះថា ការក្រាលបេតុងជ្រាបទឹក នៅផ្លូវប្រសព្វតំបន់ Pub Street មានប្រសិទ្ធភាពខ្ពស់ក្នុងស្របយកទឹកពេលមានភ្លៀងធ្លាក់ខ្លាំងៗ។
-->
លោកបន្តថា “ការកម្រាលបេតុងជ្រាបទឹក តាមបណ្តោយផ្លូវ២ធ្នូចាប់ផ្តើមកាលពីថ្ងៃទី១២ ខែមេសានេះ ហើយត្រូវបានបញ្ចប់ និងបានដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី២៤ ខែឧសភានេះ”។លោកបន្តថា “កម្រាលបេតុងជ្រាបទឹកនៅតាមបណ្តោយផ្លូវ២ធ្នូនេះ បានទទួលទឹកភ្លៀងខ្លាំងៗជាច្រើនដងឃើញថា វាអាចស្រូបទឹកបានលឿន និងមិនមានការដក់ទឹកនៅលើផ្លូវទៀតឡើយ”។
លោក គឹម ប៉ុនណ្ណា បានបញ្ជាក់ថា ដោយសារតែឃើញពីប្រសិទ្ធភាពនៃគម្រោងសាកល្បងអំពីបច្ចេកវិទ្យាថ្មីសាងសង់ កម្រាលបេតុងជ្រាបទឹក នៅតាមបណ្តោយផ្លូវ២ធ្នូនេះ លោកមានគម្រោងស្នើទៅអភិបាលខេត្តសៀមរាប ឱ្យមានការកម្រាលបេតុងជ្រាបទឹកនេះនៅតំបន់ Pub Street នេះឱ្យបានទាំងអស់ ព្រោះវាមានអាចស្របទឹកបានលឿន និងមានពណ៌បៃតង ផ្កាឈូក ឆ្លាស់គ្នាស្អាត ប៉ុន្តែលោកមិនទាន់ហ៊ានបញ្ជាក់ថា ការស្នើសុំនេះបានជោគជ័យ ឬយ៉ាងណានោះទេព្រោះត្រូវការចំណាយថវិកាច្រើន។
ផ្លូវនៅតំបន់ Pub Street ក្រោយពីរៀបកម្រាលឥដ្ឋរួច។ រូបថត៖ សហការី
អភិបាលខេត្តសៀមរាប ទៀ សីហា អភិបាលខេត្តសៀមរាប ធ្លាប់បានមានប្រសាសន៍ថា អាជ្ញាធរខេត្តមានការគាំទ្រ និងចាត់ទុកគម្រោងនេះថា ពិតជាមានសារៈសំខាន់សម្រាប់តំបន់ក្នុងក្រុង ដែលអ្នកទេសចរឆ្លងកាត់ទៅមកច្រើន និងដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយឯកឧត្តម ក៏បានជំរុញដល់មន្ត្រីជំនាញត្រូវបន្តសិក្សា និងពិនិត្យមើលទីតាំងបែងចែកគន្លងផ្លូវសម្រាប់ថ្មើរជើង គន្លងផ្លូវសម្រាប់ជនពិការទីតាំង សម្រាប់ចតយានយន្តឱ្យបានកាន់តែល្អបន្ថែមទៀត៕