ដោយ វុត្ថា
ភ្នំពេញៈ ប្រតិភូវិនិយោគិនធំៗជាច្រើន គ្រោងវិនិយោគលើបវិស័យសំខាន់ៗជាច្រើននៅកម្ពុជា រួមមានវិស័យសុខាភិបាល កសិកម្ម បច្ចេកវិទ្យានិងការរ៉ុករករ៉ែនៅកម្ពុជាជាដើម។
ក្នុងជំនួបពិភាក្សាជាមួយលោកអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ លោក កាង ជូសៀង អគ្គនាយកមជ្ឈមណ្ឌលទំនាក់ទំនងវប្បធម៌ រូបិយប៉េកាំង និងជាអគ្គលេខាធិការ នៃសមាគមស្រាវជ្រាវផ្នែកសុខាភិបាលចិនបានលើកឡើងថា ការមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺមានគោលបំណងសិក្សា ពីឱកាសវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា។
លោកកាង ជូសៀង បានបន្តថា ក្នុងការសិក្សាពីឱកាសវិនិយោគនេះ រួមមាន៖ ការវិនិយោគលើផ្នែកសុខាភិបាល ដូចជា ការបង្កើតមន្ទីរពេទ្យដែលមានបច្ចេកវិទ្យាព្យាបាលកម្រិតខ្ពស់ ការវិនិយោគលើវិស័យកសិកម្ម ដូចជាការដាំដុះរុក្ខជាតិឱសថបុរាណចិន ការបង្កើតរោងចក្រកែច្នៃរុក្ខជាតិឱសថ ការបង្កើតរោងចក្ររចនាឡូហ្គោ និងព្រីនខ្នាតធំជាដើម។
លោកកាង បានបញ្ជាក់ថា គោលបំណងចង់វិនិយោគនៅកម្ពុជានេះ ដោយសារអ្នកវិនិយោគចិន សម្លឹងមើលឃើញពីតម្រូវការចាំបាច់ ដែលមាននៅកម្ពុជា ជាពិសេសសេវាសុខាភិបាល ដើម្បីកាត់បន្ថយការចេញទៅព្យាបាលនៅក្រៅប្រទេស។ មួយវិញទៀត កាវិនិយោគនេះក៏ស្របតាមគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» តាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិន ដើម្បីជំរុញទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។
លោកអ៉ីត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្ដែងនូវការស្វាគមន៍ចំពោះវិនិយោគចិនដែលមានបំណងចង់មកវិនិយោគនៅកម្ពុជា នាពេលខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅកម្ពុជា ពិសេសពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីបន្តថា “ការវិនិយោគនេះ ក៏នឹងផ្ដល់សារៈសំខាន់ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើន ពិសេសជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាឱ្យតែកាន់រីកចម្រើនឡើងបន្ថែមទៀត”៕






