កម្មការីកំពុងនិនិត្យស្បែកជើងមុនពេលដាក់ចេញជាផលិតផលសម្រេច។ រូបថត៖ សហការី
ដោយ Donald Lee
ភ្នំពេញៈ នាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូនធំបំផុតលើលោកនិយាយថា អ្នកនាំចូលសហរដ្ឋអាមេរិកកំពុងសម្លឹងមើលប្រទេសកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍សម្រាប់ការនាំចូលផលិតផលនានា ខណៈតម្លៃផលិតផលចិនកំពុងឡើងថ្លៃ នៅកំឡុងពេលសង្រ្គាមពាណិជ្ជកម្មអាម៉េរិក-ចិន។
លោក Soren Skou អគ្គនាយកក្រុមហ៊ុន Maersk ដែលជាក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រដ៏ធំបំផុតរបស់ពិភពលោក បាននិយាយនៅក្នុងសន្និសីទមួយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា “មានការខិតខំប្រឹងប្រែងជាច្រើន ដើម្បីស្វែងរកផលិតផលដែលស្រដៀងនឹងការនាំចូលពីបណ្តាប្រទេសដទៃទៀតនៅអាស៊ី ដូចជា វៀតណាមឥណ្ឌូនេស៊ី និងកម្ពុជា”។
-->
សង្រ្គាមពាណិជ្ជកម្មអាម៉េរិក ចិនបានកើនឡើងនៅខែនេះ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើនពន្ធលើទំនិញ ដែលមានតម្លៃ ២០០ពាន់លានដុល្លាររបស់ចិនដោយគិតជាភាគរយពី១០ ទៅ២៥ភាគរយ និងបានដាក់ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំឈ្មោះថាHuawei ចូលទៅក្នុងបញ្ជីរខ្មៅ ខណៈរដ្ឋាភិបាលចិនក៏បានបង្កើនពន្ធលើទំនិញរបស់អាមេរិកវិញផងដែរដែលមានតម្លៃ៦០ពាន់លានដុល្លារ។
លោកនាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូនដ៏ធំរូបនេះបាននិយាយថា ឆ្នាំ២០១៩ នឹងត្រូវបានគេស្គាល់ថាជា “ឆ្នាំនៃសង្គ្រាមពាណិជ្ជកម្ម មិនថាមានអ្វីកើតឡើងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន”។
លោក Skou បាននិយាយថា “វានឹងមិនមែនជាទីបញ្ចប់នៃសង្គ្រាមពាណិជ្ជកម្មទេ។ ទោះបីជាភាពតានតឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងចិននឹងមានភាពធូរស្រាលក៏ដោយ ក៏យើងនឹងមើលឃើញថា សហរដ្ឋអាមេរិកនឹងយកចិត្តទុក ដាក់ឆ្ពោះទៅទ្វីបអឺរ៉ុបដែលមានបញ្ហាមិនទាន់ដោះស្រាយ ជាមួយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ និងបញ្ហាៗផ្សេងទៀត”។
តាមការពិតនៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើទស្សនកិច្ចនៅជប៉ុនក្នុងសប្តាហ៍នេះ លោកបានត្អូញត្អែរពីឱនភាពពាណិជ្ជកម្មអាម៉េរិក-ជប៉ុន ដែលទឹកប្រាក់ចំនួន៥៦,៨ពាន់លានដុល្លារលើទំនិញនិងសេវាកម្ម។
លោក ត្រាំ បានមានប្រសាសន៍ថា “យើងនឹងធ្វើឲ្យបានតុល្យភាពនៃការធ្វើពាណិជ្ជកម្ម”។
អ្នកនាំចូលសហរដ្ឋអាមេរិក បានដាក់សម្ពាធយ៉ាងឆាប់រហ័សដល់ក្រុមហ៊ុនចិនក្នុងការកាត់បន្ថយតម្លៃមុនការដំឡើងពន្ធ។
លោក Skou បន្តថា “អ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺថាក្រុមហ៊ុននាំចូលអាមេរិកកំពុងធ្វើដំណើរទៅប្រទេសចិន និងកំពុងព្យាយាមដាក់សម្ពាធ លើក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនឱ្យបញ្ចុះតម្លៃ ដូច្នេះពួកគេទទួលបានចំណែកនៃពន្ធលើកលែងពន្ធ”។
ក្រុមអ្នកវិភាគបានថ្លែងថា ក្រុមហ៊ុនកាត់ដេរ កំពុងស្វែងរកទីតាំងផលិតខ្លួនមកកាន់កម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា។
លោក Albert Tan ជាហេរញ្ញិកនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងឱ្យរោងចក្រនាំចេញសម្លៀកបំពាក់ និងស្បែកជើងចំនួន៦០០ឲ្យដឹងថា “ដោយសារតម្លៃពន្ធរបស់អាមេរិក លើទំនិញនាំចូលពីចិន វានឹងមានក្រុមហ៊ុនច្រើននឹងធ្វើផ្លាស់ប្តូរទិសដៅប្រតិបតិ្តការផលិតកម្មខ្លួនមកកាន់កម្ពុជា និងវៀតណាម”។
ជាការពិត ក្រុមហ៊ុនល្បីៗរបស់អាមេរិក បានកាត់បន្ថយការបញ្ជាទិញ សម្លៀកបំពាក់ពីប្រទេសចិនចាប់តាំងពីខែសីហា ឆ្នាំ២០១៧ នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេតលើ ការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌របស់ចិន។ លើសពីនេះទៀតតម្លៃផលិតកម្មនៅក្នុងប្រទេសចិន បានកើនឡើងទ្វេដង ដោយសារតែការបង្កើនថ្លៃពលកម្ម។
តម្លៃនៃការលក់រាយសម្លៀកបំពាក់ ដែលផលិតនៅចិនឥឡូវនេះមានតម្លៃ ៦៩,៥០ដុល្លារក្នុងមួយឯកតាដោយកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមការសិក្សារបស់សាកលវិទ្យាល័យ Delaware លើឧស្សាហកម្មកាត់ដេរសកលដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន។
នៅវៀតណាមតម្លៃបានកើនឡើងនៅឆ្នាំនេះពី២០ដុល្លារ ក្នុងមួយយូនីតដល់ ៣៤,៨០ ដុល្លារ ដោយសារតែថ្លៃពលកម្មកើនឡើង។
តម្លៃនៅកម្ពុជានៅតែស្ថិតនៅតម្លៃទាបបំផុត និងមានការប្រកួតប្រជែងខ្ពស់បំផុតនៅក្នុងឧស្សាហកម្មនេះក្រោម២០ដុល្លារក្នុងមួយឯកតា៕