ដោយ: សហសេវិក
អន្តរជាតិ: សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេព្យាករថា នឹងកើនឡើងជិតទ្វេដងនៅឆ្នាំ២០៣០ ស្របពេលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
យោងតាមទិន្នន័យដែលចងក្រងដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បង្ហាញថា សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យនៅតំបន់ Apac នឹងហក់ឡើងពី៣២ជីហ្គាវ៉ាត់ (GW) ដល់៥៧ជីហ្គាវ៉ាត់នៅឆ្នាំ២០៣០។
នៅទូទាំងពិភពលោក សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យត្រូវបានគេរំពឹងថានឹងឡើងដល់២០០ជីហ្គាវ៉ាត់នៅពេលនោះ ដែលភាគច្រើនជំរុញដោយតម្រូវការ AI។

លោក Steven Jack ប្រធានផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន JLL ទទួលបន្ទុកទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក បានអះអាងថា ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យបាននាំឱ្យមាន «ការផ្លាស់ប្តូរតម្រូវការថាមពលពីមួយជំនាន់ទៅមួយជំនាន់»។
លោក Matt Eastwick ជានាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៃក្រុមហ៊ុន JLL នៅសហរដ្ឋអាមេរិក បានអត្ថាធិប្បាយថា “តម្រូវការថាមពលកំពុងកើនឡើងលឿនជាងការសាងសង់បណ្តាញអគ្គិសនី”៕







