តើ​ការ​ចូល​ជាស​មា​ជិ​កស​ភា​ពាណិជ្ជកម្ម​ត្រូវ​មាន​លក្ខខ័ណ្ឌ​ និង​ទទួល​បាន​អត្ថ​ប្រយោជន៍​ដូចម្តេច​?

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន​ឯកជន​ប្រមាណ​ជាង​ ៥០០០​ ដែល​កំពុង​ដំណើរការ​ប្រតិបត្តិ​ការ​ស្ទើរគ្រប់​វិស័យ​ បាន​ផ្សារភ្ជាប់​ខ្លួន​ក្នុងនាម​ជាស​មា​ជិ​កស​ភា​ពាណិជ្ជកម្ម​កម្ពុជា​។

តើ​ក្រុមហ៊ុន​ទាំងអស់​នោះ​ទទួល​បាន​អត្ថ​ប្រយោជន៍អ្វី​ខ្លះ​ពី​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ហើយ​ដើម្បី​ក្លាយជា​សមាជិក​ តើ​ក្រុមហ៊ុន​នី​មួយ​ៗត្រូវ​រៀបចំ​ឯកសារ​ និង​មាន​ល័ក្ខខ័ណ្ឌ​ដូចម្ដេច​ខ្លះ​ ?

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ គឺជា​គ្រឹះស្ថាន​សាធារណៈ​មួយ​ដែល​ស្ថិតនៅ​ក្រោម​អាណាព្យាបាល​របស់ក្រ​សួង​ពាណិជ្ជកម្ម​ និង​ជា​តំណាង​ឱ្យ​បណ្តា​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​វិស័យ​ឯកជន​ ដែល​ចូលរួម​ជាស​មា​ជិ​ករបស់​ខ្លួន​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​ ៖ “ក្រុមហ៊ុន​ណាក៏ដោយ​ ឱ្យ​តែ​ជា​ក្រុមហ៊ុន​ស្របច្បាប់​សុទ្ធតែ​មាន​សិទ្ធិ​ចូលរួម​ជាស​មា​ជិ​ករបស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ទាំងអស់​ ហើយ​ ក្រុមហ៊ុន​ដែល​ជាស​មា​ជិ​ករបស់​សភា​ពាណិជ្ជកម្ម​គឺ​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​”។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​៖ ក្រោយពេល​ក្លាយជា​សមាជិក​ ក្រុមហ៊ុន​ទាំងអស់​នោះ​អាច​មានឱកាស​ជាច្រើន​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ដទៃទៀត​ដើម្បី​ផ្សារភ្ជាប់​កិច្ចសហការ​ធ្វើជា​ដៃគូ​វិនិយោគ​ តាមរយៈ​ការ​ផ្តល់​ឱកាស​ពីសំណាក់​គ្រឹះស្ថាន​សភា​ពាណិជ្ជកម្ម​នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ជាប្រចាំ​ដែល​ត្រូវ​បាន​កំណត់​។

បន្ថែម​ពីនេះ​ វា​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ស្ដីពី​គម្រោង​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​នានា​”។

លោក​ឧកញ៉ា​បាន​បន្ត​ថា​ ៖ “ជា​ធម្មតា​ ការ​វិនិយោគ​គឺ​ចាំបាច់​ណាស់​ទៅលើ​កិច្ច​ទំនាក់ទំនង​។ នៅក្នុងចំណោម​សមាជិក​ទាំង​ជាង៥០០០ក្រុមហ៊ុន​ ពួកគេ​អាច​មានឱកាស​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត​របស់​ក្រុមហ៊ុន​ទៅកាន់​មជ្ឈដ្ឋាន​ខាងក្រៅ​ដើម្បី​ឱ្យ​គេ​បាន​ស្គាល់​ និង​ដឹងពី​ចក្ខុវិស័យ​ ដឹងពី​ប្រភេទ​ផលិតផល​របស់​ខ្លួន​ ជាពិសេស​ ពួកគេ​អាច​ទទួល​បាន​ដំណោះស្រាយ​ពី​បញ្ហា​ដែល​កើតមាន​នៅ​លើ​ទីផ្សារ​របស់​ក្រុមហ៊ុន​ពីសំណាក់​រាជរដ្ឋាភិបាល​តាមរយៈ​គ្រឹះស្ថាន​សភា​ពាណិជ​កជ្ជ​កម្ម​ដែល​ជា​អ្នកតំណាង​”។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​ ៖ “ចំពោះ​ល័ក្ខខ័ណ្ឌ​ដែល​ចូលរួម​ជាស​មា​ជិ​ករបស់​សភា​ពាណិជ្ជកម្ម​ហាក់​មិន​មាន​អ្វី​ដែល​ជា​ឧបសគ្គ​នោះ​ទេ​ សំខាន់​ឱ្យ​តែ​ជា​ក្រុមហ៊ុន​ស្របច្បាប់​ មាន​ប័ណ្ណប៉ាតង់​ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​។

ក្រៅពី​នេះ​ ក្រុមហ៊ុន​ក៏​ត្រូវ​ចំណាយធនធាន​ជា​ថវិកា​ក្នុង​កម្រិត​មួយ​យ៉ាង​ទាប​ ដែល​ជា​ការចូលរួម​ឧបត្ថម្ភ​សម្រាប់​គាំទ្រ​គ្រឹះស្ថាន​សភា​ពាណិជ​កម្ម​ជាប្រចាំ​ឆ្នាំ​ ដែល​ការ​ចំណាយ​ទាំងនេះ​ក៏​ត្រូវ​បាន​បែងចែក​តាម​ប្រភេទ​ និង​តំណែង​នៃ​សមាជិក​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ៖ “ក្រុមហ៊ុន​ទាំងអស់​ដែល​មានបំណង​ចង់​ចូលរួម​ជាស​មា​ជិ​ក អាចម​កទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​កា​រិល័​យស​ភា​ពាណិជ្ជកម្ម​បាន​គ្រប់ពេល​ ជាមួយនឹង​ការ​ទទួល​បាន​ព័ត៌មាន​លម្អិត​ស្ដីពី​ល័ក្ខ​ខ័ណ្ឌ​ផ្សេង​ៗ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here