ដោយៈ រ៉ាណេត
ភ្នំពេញៈ ទីផ្សារជួញដូរមូលនិធិឬគម្រោងវិនិយោគរួម គឺជាការប្រមូលនូវសាច់ប្រាក់តាមរយៈការបោះផ្សាយ និងលក់ឯកត្តាមូលនិធី (ភាគហ៊ុន) ដើម្បីបង្កើតជាមូលនិធិដែលនឹងត្រូវបានយកមកប្រើប្រាស់ ចាត់ចែងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្នុងគោលបំណងបង្កើតផលកម្រៃហិរញ្ញវត្ថុសម្រាប់សមាជិកនៅក្នុងគម្រោងរួម។
អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានមានប្រសាសន៍ឱ្យដឹងនាព្រឹកថ្ងៃទី៣០ ឧសភានេះថា គម្រោងវិនិយោគ គឺជាការបោះផ្សាយលក់ទៅកាន់សាធារណៈជន ក្នុងគោលបំនងប្រមូលបាននូវសាច់ប្រាក់ធ្វើជាទុន ដើម្បីយកទៅបន្តវិនិយោគជំនួសឱ្យអតិថិជន ទៅលើគម្រោងណាមួយជាក់លាក់ទៅតាមជំនាញ និងចំណេះដឹងដែលក្រុមហ៊ុនមាន ជាមួយនឹងការបែងចែកនូវភាគចំណេញ ពីការវិនិយោគទៅដល់បណ្តាអតិថិជនវិញ ទៅតាមទំហំនៃសមាមាត្រទុនរបស់មនុស្សម្នាក់ៗ ដែលចូលរួមនៅក្នុងគម្រោង។
-->
លោកបន្តទៀតថា “ គម្រោងដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនជំនាញក្នុងការគ្រប់គ្រងមូលនិធិអាចមានច្រើនរូបភាព”។
ឧទាហរណ៍មានដូចជា ការវិនិយោគទៅលើមូលបត្រកម្មសិទ្ធិ មូលបត្របំណុល ការបង្កើនសាច់ប្រាក់ ដើម្បីវិនិយោគទៅលើវិស័យអចលនទ្រព្យ ក៏ដូចជាការវិនិយោគទៅលើវិស័យផ្សេងៗទៀត។
លោកស៊ូ សុជាតិបានបញ្ជាក់ទៀតថា សមាសភាពដែលមាននៅក្នុងគម្រោងវិនិយោគរួម ឬការជួញដូរមូលនិធិនេះ មានប្រធានក្រុមហ៊ុនជំនាញដែលជាអ្នកបង្កើតគម្រោងដែលគេឱ្យឈ្មោះថា Fund Manager មួយ មានក្រុមហ៊ុនដែលទទួលលក់ចេញ និងប្រមូលទិញឯកត្តា ពីសាធារណៈជនត្រឡប់មកវិញ ដែលគេឱ្យឈ្មោះថា Distributor ព្រមទាំងសមាសភាពរបស់សាធារណៈជន ដែលជាអតិថិជនចូលរួមនៅក្នុងគម្រោង មានក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិ ដែលគេឱ្យឈ្មោះថា Trusty រួមជាមួយនឹងក្រុមហ៊ុនជំនាញក្នុងការកំណត់តម្លៃឯកត្តាមូលនិធិ ដែលគេឱ្យឈ្មោះថា (Fund Administrator )”។
លោកបន្តថា “ជាយន្តការនៅក្នុងដំណើរការទីផ្សារ ចាប់ផ្តើមឡើងដោយអ្នកគ្រប់គ្រងគម្រោង (Fun Manager) ដោយបន្ទាប់ពីបង្កើតបានគម្រោង គឺត្រូវយកទៅដាក់លក់ឯកត្តាមូលនិធិនៅក្រុមហ៊ុន Distributor ដើម្បីប្រមូលបានសាច់ប្រាក់ពីសាធារណៈជន”។ ដោយឡែកសាច់ប្រាក់ ដែលទទួលបានតម្រូវយកទៅរក្សាទុកនៅក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិ Trusty ដើម្បីទទួលបានទំនុកចិត្ត និងថែរក្សាសាច់ប្រាក់ជំនួសអតិជន ។
ជាមួយគ្នានេះ Trusty ក៏មានតួនាទីពិនិត្យ តាមដានរាល់សកម្មភាពរបស់ Funder ដោយធានាឱ្យប្រាកដថា Funder បានអនុវត្តទៅតាមគោលដៅនៃគម្រោងប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកស៊ូ សុជាតិបានបន្តថា “ប្រសិនជាអ្នកវិនិយោគយកប្រាក់ខ្លួនឯងទៅវិនិយោគ វាជារឿងបុគ្គល តែគំរោងវិនិយោគរួមជាការខ្ចីលុយពីសាធារណៈជនយកទៅវិនិយោគ វាត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់គណកម្មការមូលបត្រកម្ពុជា”។
ជាលទ្ធផល នៅពេលដែលគម្រោងនៃការវិនិយោគទទួលបានភាពជោគជ័យនៅលើទីផ្សារ១០០ភាគរយ នោះសាធារណៈជនដែលជាអតិថិជនម្ចាស់នៃឯកត្តាមូលនិធិនឹងទទួលបានភាគចំណេញពីការវិនិយោគរួមរបស់ខ្លួនទៅតាមទំហំ និងចំនួនឯកត្តាមូលនិធិដែលខ្លួនទិញកាលពីដើមទី៕